ព័ត៌មានជាតិ
អ្នកស្រី គង់ សុទីន បោះបង់ការងារនៅអង្គការបង្កើតកសិដ្ឋានដាំផ្សិតផ្គត់ផ្គង់ទីផ្សារ និងទាក់ទាញទេសចរ
អតីតបុគ្គលិកអង្គការមួយនៅខេត្តបាត់ដំបង បានចំណាយពេលប្រមាណ ២ឆ្នាំ បង្កើតកសិដ្ឋានដាំផ្សិតអំបោះបីពណ៌( ស ផ្កាឈូក លឿង) និងផ្សិតត្រចៀកកណ្តុរ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងទាក់ទាញទេសចរ។

អ្នកស្រី គង់ សុទីន ស្ថាបនិកកសិដ្ឋានអ្នកភូមិបណ្ដុះផ្សិត បានប្រាប់កម្ពុជាថ្មីថា ដោយមើលឃើញពីការដាំដុះបន្លែនៅក្នុងស្រុកមានការប្រើប្រាស់ជីគីមីច្រើន ស្របពេលដែលទំនេរពីការក្នុងវិបត្តិកូវីដ-១៩ កាលពី ២ឆ្នាំមុន អ្នកស្រី ក៏ចាប់អារម្មណ៍ទៅលើការដាំដុះដំណាំផ្សិតអំបោះ និងផ្សិតត្រចៀកកណ្តុរ ដែលមិនប្រើជីគីនេះឡើង។
អ្នកស្រី សុទីន បានលើកឡើងទៀតថា ចំណេះដឹងអំពីការដាំផ្សិតនេះគឺទទួលបានពីការស្រាវជ្រាវតាមបណ្តាញសង្គម និងយូធូបជាដើម។ ដោយក្តីស្រឡាញ់ និងចង់ឱ្យមុខរបរមួយនេះ ដំណើរការទៅមុខ ទោះជួបការលំបាកយ៉ាងណា ក៏អ្នកស្រី គង់ សុទីន នៅតែព្យាយាមធ្វើដោយចិត្តអំណត់ រហូតទទួលបានផ្លែផ្កាដូចសព្វថ្ងៃនេះ។
អ្នកស្រីបន្តដូច្នេះថា« កាលមុនខ្ញុំធ្វើតែរោងមួយទេ បន្ទាប់មកពង្រីករោងដាំពីមួយទៅមួយ រហូតដល់ឥឡូវនេះ មានរោងដ៏ធំមួយ ដោយមានការរីកចម្រើនជាបន្តបន្ទាប់»។

បើនិយាយអំពីដើមទុននៃការចាប់ផ្តើមដាំផ្សិតនេះ អ្នកស្រី គង់ សុទីន បានប្រាប់ឱ្យដឹងថា ចំណាយអស់ប្រមាណជាង ១ម៉ឺនដុល្លារហើយ។ ទោះយ៉ាងណាការវិនិយោគលើការដាំដំណាំផ្សិតនេះ ទទួលបានលទ្ធផលជាបន្តបន្ទាប់ផងដែរ។
«សម្រាប់ទីផ្សារនៅខែប្រាំងមិនពិបាកលក់ទេ ជួនកាលយើងប្រមូលផលមិនគ្រប់តម្រូវការផង។ ក្នុងមួយថ្ងៃយើងអាចប្រមូលផលផ្សិតបានចន្លោះពី ៥០ទៅ ៦០គីឡូក្រាម ហើយតម្លៃចាប់ពី ២៥០០រៀល ទៅ ៤០០០រៀលក្នុងមួយគីឡូ ទៅតាមការឡើងចុះនៃទីផ្សារ»។ នេះជាការបញ្ជាក់របស់ស្ថាបនិកកសិដ្ឋានអ្នកភូមិបណ្ដុះផ្សិត។

ជាមហិច្ឆតាអ្នកស្រី គង់ សុទីន មានគោលដៅពង្រីកអាជីវកម្មនេះ ឱ្យក្លាយទៅជាកសិដ្ឋានទេសចរណ៍ដំណាំបន្លែផ្សិត ដោយសារការដាំដុះនេះខុសពីធម្មតា ពោលគឺផ្សិតមានចម្រុះពណ៌ ដែលមើលទៅគួរឱ្យទាក់ទាញ និងស្រស់ស្អាត។
អ្នកស្រី ក៏គ្រោងស្រាវជ្រាវបច្ចេកទេសក្នុងការដាំដុះផ្សិតត្រចៀកកណ្តុរបន្ថែមទៀត ព្រោះផ្សិតប្រភេទនេះ មានទីផ្សារខ្ពស់។ លើសពីនេះទៀត អ្នកស្រី គ្រោងនឹងចែករំលែកចំណេះដឹង និងបច្ចេកទេសនៃការដាំដុះនេះ ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត តាមរយៈបន្លែដែលគ្មានសារធាតុគីមី។

ពាក់ព័ន្ធនឹងសកម្មភាពការងារនេះ អ្នកស្រី គង់ សុទីន ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយទទួលបានពានរង្វាន់ពីស្ថាបននេះផងដែរ។
សូមបញ្ជាក់ថា កសិដ្ឋានអ្នកភូមិបណ្ដុះផ្សិត របស់អ្នកស្រី គង់ សុទីន មានទីតាំងស្ថិតនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង៕
អត្ថបទ៖ ផល ធារិត



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


