ព័ត៌មានជាតិ
សម្ដេចក្រឡាហាម ស ខេង ៖ កម្ពុជា កាន់តែមានសមត្ថភាព និងលទ្ធភាពលើការបណ្ដុះបណ្ដាលមន្ត្រីនគរបាលដោយខ្លួនឯង
សម្ដេចក្រឡាហាម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រទេសកម្ពុជា កាន់តែមានសមត្ថភាព និងលទ្ធភាពឈានទៅម្ចាស់ការលើការបណ្ដុះបណ្ដាលមន្ត្រីនគរបាលដោយខ្លួនឯង ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្ដម។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ៥៦៩នាក់។ ពិធីថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលត្រូវបានរៀបចំឡើង ឲ្យមានលក្ខណៈខុសប្លែកពីពិធីដែលបានរៀបចំនាពេលកន្លងមក ដោយក្នុងនោះបណ្ឌិត្យសភាបានបន្ថែមកម្មវិធីថ្មីៗមួយចំនួន រួមមាន៖ ការបញ្ចាំងវីដេអូអំពីសមិទ្ធផល និងសកម្មភាពហ្វឹកហាត់ ការប្រគំតន្ត្រី ការសម្ដែងក្បាច់គុនតៃក្វាន់ដូ-ហាប់គីដូ ការរៀបចំឆាកសម្ដែងអំពីការបង្ក្រាបក្មេងទំនើង ការដង្ហែរសញ្ញាបត្រនិស្សិតជ័យលាភី និងការរៀបចំកងភ្លេងកិត្តិយសដែលសម្ដែងដោយនិស្សិត។
លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានបញ្ជាក់ថា ការរៀបចំពិធីដ៏មហោឡារឹកបែបនេះ មានគោលបំណង ៣សំខាន់ៗដូចតទៅ៖ គោលបំណងទី ១គឺ ដើម្បីឆ្លុះបញ្ចាំងអំពីគុណភាពនៃការអប់រំបណ្ដុះបណ្ដាលរបស់បណ្ឌិត្យសភា ក្នុងការលើកកម្ពស់សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ការគោរពវិន័យ និងការអប់រំអាកប្បកិរិយាដល់កងកម្លាំងនគរបាលជាតិ ឲ្យបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ។
គោលបំណងទី ២គឺ ដើម្បីលើកទឹកចិត្តនិងផ្ដល់កិត្តិយសដល់និស្សិតជ័យលាភី ដែលបានខិតខំសិក្សារៀនសូត្រ និងហ្វឹកហាត់យ៉ាងសកម្មស្វិតស្វាញ មុននឹងទទួលបានជោគជ័យក្នុងការសិក្សា។ ដូច្នេះ សញ្ញាបត្រ ១សន្លឹក ដែលនិស្សិតជ័យលាភីម្នាក់ៗទទួលបាននៅថ្ងៃនេះ ពិតជាមានតម្លៃណាស់ ពីព្រោះនេះគឺជាលទ្ធផលសិក្សា ដែលកើតចេញពីការតស៊ូ និងការខំប្រឹងប្រែងរបស់និស្សិតម្នាក់ៗយ៉ាងពិតប្រាកដ។
គោលបំណងទី ៣គឺ ដើម្បីបង្ហាញថា បណ្ឌិត្យសភា បាននិងកំពុងធ្វើសមារណកម្មខ្លួនចូលទៅក្នុងក្របខណ្ឌអាស៊ាន តំបន់ និងអន្តរជាតិ ដែលក្នុងនោះស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៃប្រទេសជឿនលឿននានា បានរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី តាមទម្រង់ដែលកម្ពុជាកំពុងរៀបចំនាពេលនេះ។
នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កន្លងមក ប្រទេសកម្ពុជា បានបញ្ជូនមន្ត្រីនគរបាលទៅសិក្សារៀនសូត្រ នៅបណ្ដាប្រទេសជាមិត្តមួយចំនួន ហើយបច្ចុប្បន្នកម្ពុជានៅតែមានការបញ្ជូនទៅជាបន្តបន្ទាប់។ តែយ៉ាងណាក៏ដោយ កម្ពុជាដែលមានបណ្ឌិត្យសភានគរបាលកម្ពុជាជាសេនាធិការ បានបណ្ដុះបណ្ដាលធនធាននគរបាលមានចំនួនច្រើនជាង ការបញ្ជូនឲ្យទៅសិក្សានៅក្រៅប្រទេស។
សម្ដេចឧបនាយកដ្ឋមន្ត្រី មានប្រសាសន៍បែបនេះថា «គ្រាន់តែថា ក្នុងពេលដែលយើងធានារ៉ាប់រងបានច្រើន ពេលដែលយើងមានសមត្ថភាពគ្រប់គ្រាន់ យើងប្រមូលផ្ដុំបណ្ដុះបណ្ដាលនៅផ្ទៃក្នុងប្រទេសច្រើនជាង ជាការពិតឥឡូវនេះច្រើនជាងទៅហើយ ព្រោះថា យើងមានហេដ្ឋារចនាសម្ព័ន្ធក្នុងការបណ្ដុះបណ្ដាល ទោះបីវាមិនទាន់រីកចម្រើនធំធាត់ណាស់ណា៎ក៏ដោយ ក៏ប៉ុន្តែអាចទទួលរ៉ាប់រងបានលើការងារបណ្ដុះបណ្ដាល ទាំងពីមូលដ្ឋានរហូតដល់បញ្ចប់ថ្នាក់ឧត្ដម»។
នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហាម ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ សាស្រ្ដចារ្យ និងបុគ្គលិកទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលកសាងធនធានមនុស្ស យ៉ាងច្រើនគួរកត់សម្គាល់។ នេះជាការរួមចំណែកដ៏មានសារៈសំខាន់ ហើយក៏ជាលទ្ធផលបង្ហាញថា ប្រទេសកម្ពុជាកាន់តែមានសមត្ថភាព និងលទ្ធភាពឈានទៅម្ចាស់ការ លើការបណ្ដុះបណ្ដាលមន្ត្រីនគរបាលដោយខ្លួនឯង។
លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ដែរថា ជាការពិតណាស់ និស្សិតជ័យលាភីទាំងអស់នេះ នឹងក្លាយទៅជាធនធានកងកម្លាំងនគរបាលជាតិ មានលក្ខណសម្បត្តិសមស្រប ដែលជាកម្លាំងចលករថ្មី ប្រកបដោយសក្ដានុពល និងមានតម្លៃសម្រាប់អង្គភាពសាមី៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ