ព័ត៌មានជាតិ
អ្នកជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជា នឹងមកដល់គោលដៅមន្ទីរពេទ្យកុមារអង្គរ ចុងសប្តាហ៍នេះ
តាមរយៈការជិះកង់តាមតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា ក្នុងដំណើរជាង ៩០០០ គីឡូម៉ែត្រ លោក ទីវ តារារិទ្ធ បានឆ្លងកាត់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងឧបសគ្គរាប់មិនអស់ ទើបមកដល់ខេត្តកោះកុង ទឹកដីនៃកម្ពុជាវិញនៅប៉ុន្មានថ្ងៃមុននេះ។ ដំណើរបេសកកម្មនេះ នៅសល់តែប្រមាណ ៤៥០គីឡូម៉ែតទៀតប៉ុណ្ណោះ លោកនឹងទៅដល់គោលដៅ «មន្ទីពេទ្យកុមារអង្គរសៀមរាប» ដែលលោកគ្រោងបញ្ចប់នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ខាងមុខនេះ។

សម្រាប់ដំណើរបេសកកម្មជិះកង់រៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ យុវជនរូបនេះ បានឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំបានវិលកង់មកដល់ទឹកដីនៃកម្ពុជាវិញ ដែលប្រើពេលអស់ជាង២ខែ ពោលគឺចាប់ពីថ្ងៃទី០១ ខែមិថុនាមក។
កោះកុង ជាខេត្តទី១ ក្នុងដំណើរវិលជុំរបស់លោកមកកាន់កម្ពុជាវិញ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ មិថុនា ភូថង និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង។ ក្នុងនោះ លោកក៏ទទួលបានការបរិច្ចាគថវិកា សរុប ២,៨០០,០០០ រៀល ពីលោកជំទាវ និងសាធារណជន នៅខេត្តកោះកុងផងដែរ។


លោក ទីវ តារារិទ្ធ ក្នុងនាមជាអ្នកបំពេញបេសកកម្ម «កម្មវិធីជិះកង់សប្បុរសធម៌» បានឱ្យដឹងថា ថ្ងៃនេះ លោកចាប់ផ្តើម ជិះកង់ចេញពីខេត្តកោះកុង ដោយបន្តដំណើរកាត់តំបន់មួយចំនួនដូចជា ស្រុកវាលវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ដើម្បីទៅដល់គោលដៅចុងក្រោយរបស់លោក ដែលស្ថិតនៅក្នុងខេត្តសៀមរាប ឱ្យបានទាន់ពេលកំណត់។ លោកថា “ខ្ញុំនឹងជិះកង់ទៅដល់ខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី២៦ សប្តាហ៍នេះ ហើយបិទកម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា នឹងប្រារព្ធនៅមុខមន្ទីពេទ្យកុមារអង្គរសៀមរាប Angkor Hospital for Children នៅថ្ងៃអាទិត្យ ទី២៧” ។
បើតាមលោក ទីវ តារារិទ្ធ កត្តាដែលជំរុញលោក ក្នុងការធ្វើដំណើរដោយជិះកង់ ដើម្បីរៃអង្គាសប្រាក់ជួយដល់កុមារកម្ពុជា នៅមន្ទីពេទ្យ គឺផ្តើមចេញពីទឹកចិត្តចង់ចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសកុមារកម្ពុជា។ លោកបានរៀបរាប់ ឱ្យដឹងថា លោកបានចាប់ផ្តើមធ្វើដំណើរដោយជិះកង់ ចាប់តាំងពីឆ្នាំ ២០១៧ និងបានទៅកន្លែងជាច្រើនក្នុងប្រទេសកម្ពុជា ស្ទើរតែគ្រប់ទីកន្លែងពេញផ្ទៃប្រទេស” ។ លោកបន្តថា លោកបានមើលឃើញភាពស្រស់ស្អាត នៃធនធានធម្មជាតិ ទេសភាពដ៏ស្រស់ត្រកាល នៃមាតុភូមិមួយនេះ និងបានឃើញពីស្ថានភាពជាក់ស្តែង នៃស្ថានភាពកុមារកម្ពុជា ជីវភាព និងការរស់នៅរបស់ពួកគាត់ផងដែរ។

លោកបន្ថែមថា ដោយសារតែកម្ពុជា នៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ ដោយវិស័យសុខាភិបាលរបស់យើងនៅខ្សោយ មន្ទីរពេទ្យ សម្រាប់កុមារ គឺមានចំនួនតិចណាស់ ហើយមន្ទីរពេទ្យកុមារទាំងនោះ សុទ្ធតែបើកដំណើរការដោយមានជំនួយ ពីឯកជន និងបរទេសទៅទៀត។ ដោយសារតែបែបនេះ នៅពេលដែលខាងមន្ទីរពេទ្យទាក់ទងលោក ស្របពេលលោក គ្រោងធ្វើដំណើរដោយកង់ តាមតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ លោកបានសម្រេចយ៉ាងលឿន ដោយបង្កើតកម្មវិធីជិះកង់ នេះឡើង។ ម៉្យាង លោកក៏មានបំណងប្រាថ្នាចង់ចូលរួមចំណែកជួយដល់សង្គមជាតិមួយនេះ ជាពិសេសកុមារកម្ពុជា ហើយវាគឺជាសេចក្តីសុខមួយរបស់ខ្ញុំ ដែលចង់ធ្វើដំណើរទៅកន្លែងជាច្រើន និងជួបមនុស្សជាច្រើននៅខាងក្រៅផ្ទះ”។

គួររំលឹកថា កម្មវិធីជិះកង់តាមតំបន់ភូមិភាគអាស៊ីអាគ្នេយ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីរៃអង្គាសប្រាក់ជួយកុមារ កម្ពុជា ដែលមានជំងឺមហារីក និងជំងឺផ្សេងៗ កំពុងសម្រាកព្យាបាល និងមានតម្រូវការព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ Angkor Hospital for Children ។ គិតមកដល់ពេលនេះ ការជិះកង់ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា របស់លោក ទីវ តារារិទ្ធ មានរយៈពេលជាង ២ខែហើយ រាប់ចាប់តាំងពីថ្ងៃដែលលោកចាប់ផ្តើមចេញដំណើរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


