Connect with us

KPT+

លោក ទីវ តារារិទ្ធ ទៅដល់ ឌូបៃ ហើយ ខណៈកំពុងត្រៀមបន្តបេសកកម្មដើម្បីកុមារកម្ពុជា ទៅកាន់ តួកគី

បានផុស

នៅ

ក្រោយវិលមកមាតុភូមិកំណើតវិញ ដើម្បីតែធ្វើតាមលក្ខខណ្ណតម្រូវរបស់ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប មុននេះ លោក ទីវ តារារិទ្ធ បានបញ្ជាក់ថាខ្លួនបានទៅដល់ឌូបៃហើយ ខណៈបេសកកម្មរបស់លោកនឹងត្រូវបន្តពី ប្រទេសតួកគី ។ មុនការជូនដំណឹងនៃការទៅដល់នេះ លោក ទីវ តារារិទ្ធ ទើបតែបានបង្ហាញវីដេអូឃ្លីបខ្លីមួយ ជាមួយនឹងពាក្យពេចន៍អរគុណដល់មហាជន ដែលតែងតែគាំទ្រនិងលើកទឹកចិត្តដល់លោក ក្នុងដំណើរបេសកកម្មដ៏វែងឆ្ងាយជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះ។

លោកបានរៀបរាប់ថា “កិច្ចការងាររបស់ខ្ញុំត្រូវបានបញ្ចប់ ហើយដល់ពេលវេលាដែលត្រូវលាចាកចេញទៅកាន់ទីតាំងដើមរបស់ខ្ញុំវិញ និងបន្តបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា។ នៅលើធ្វើដំណើរដ៏សែនវែងឆ្ងាយ ខ្ញុំអាចនឹងជួបបញ្ហា និងឧបសគ្គជាច្រើនស្កេះស្កះ ប៉ុន្តែខ្ញុំដឹងថាខ្ញុំអាចធ្វើការងារទាំងអស់នេះបាន ដើម្បីកុមារកម្ពុជាជាច្រើននៅមន្ទីពេទ្យ។ សង្ឃឹមថាខ្ញុំអាចជួបអ្នកទាំងអស់គ្នាម្តងទៀត និងសូមអរគុណខ្លាំងណាស់ដែលតែងតែលើកទឹកចិត្ត និងគាំទ្រខ្ញុំ”។

ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌របស់លោកទៅកាន់ទ្វីបអឺរ៉ុប ដោយគ្រោងធ្វើដំណើរឆ្លងកាត់ ២៥ប្រទេស ខណៈបច្ចុប្បន្ន លោកបានធ្វើដំណើរឆ្លងកាត់១២ ប្រទេសហើយ។

បេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ លោកបានឆ្លងកាត់ឧបសគ្គជាច្រើន ស្ទើរតែមិនអាចពណ៌នាពីអារម្មណ៍ដែលខ្លួនពើបប្រទះ ដូចជា គ្រោះថ្នាក់នៅឡាវ…; សីតុណ្ហភាព -30°C ឬ -40°C…; ស្ទើរកកស្លាប់ ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ទឹកដី​ប្រទេស​អាហ្វហ្គានីស្ថាន ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់ ជា​ប្រទេស​ដែល​អសន្តិសុខ​បំផុត​លើ​ពិភពលោកជាដើម។

មិនតែប៉ុណ្ណោះ លោកក៏ជួបការលំបាកក្នុងការស្នើសុំ Visa ចូលទៅកាន់ប្រទេសនីមួយៗ ដូចជាស្ថានភាពជាក់ស្តែងកន្លងទៅថ្មីៗ លោកក៏បានប្រាប់ឱ្យសាធារណជនបានជ្រាបថា លោកបានចំណាយពេលពេញមួយខែនៅប្រទេស Emirates ធ្វើកិច្ចការជាច្រើនទន្ទឹមនឹងការដាក់ Visa Application ទៅកាន់ប្រទេសជាច្រើនដូចជា Saudi Arabia, Jordan,Seria, Turkey ហើយនិងប៉ែកអឺរ៉ុបផងដែរ។ ប៉ុន្តែក្នុងនោះ មានឧបសគ្គជាច្រើនដែលតម្រូវឱ្យលោកត្រូវតែធ្វើមាតុភូមិនិវត្តវិញ ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ហើយអាចបន្តដំណើរបេសកកម្មនៅប្រទេសបន្ទាប់ទៀត ទើបទាមទារឱ្យវិលមកមាតុភូមិកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែទោះជាបែបនេះ លោកមិនបានបោះបង់បេសកកម្មរៃអង្គាសថវិកាដើម្បីកុមារកម្ពុជាឡើយ ខណៈមហាជន ពិសេសថ្នាក់នាំមន្ទីរពេទ្យ បានចាត់ទុកថា នេះជាបេសកកម្មដ៏មានតម្លៃ ដែលមិនត្រឹមតែជួយដល់កុមារកម្ពុជា ថែមទាំងបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព។

គួររំលឹកថា តាមរយៈបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះ លោកបានធ្វើដំណើរនៅលើផ្លូវដ៏សែនវែងឆ្ងាយ ឆ្លងកាត់ព្យុះភ្លៀង និងគ្រោះថ្នាក់ជាច្រើនរៀបរាប់មិនអស់នោះឡើយ ខណៈរាល់ការចំណាយលើបេសកកម្មនេះ គឺត្រូវដោះស្រាយដោយខ្លួនឯងផ្ទាល់ ខណៈនេះពុំមែនជាលើកទី១ឡើយសម្រាប់សកម្មភាពជិះកង់សប្បុរសធម៌របស់លោក។

តួយ៉ាង ដំណើរជិះកង់ផ្សងព្រេងដ៏វែងឆ្ងាយលើកនេះ ធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម