ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តកោះកុង ផ្តល់ចំណេះដឹងផ្នែកបដិសណ្ឋារកិច្ចដល់ប្រជាសហគមន៍ឃុំកណ្តោល
កោះកុង ៖ មន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្តកោះកុង បានផ្តល់ការអប់រំយល់ដឹងផ្នែកបដិសណ្ឋារកិច្ចដល់ប្រជាសហគមន៍ឃុំកណ្តោលប្រមាណ៤០នាក់ ដើម្បីពង្រីកចំណេះដឹងមុននឹងត្រៀមបើកតំបន់ទេសចរណ៍ធម្មជាតិមួយនាពេលខាងមុខ។

លោក សេត រ៉ាស៊ូ ប្រធានការិយាល័យឧស្សាហ៍កម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា ប្រជាសហគមន៍ឃុំកណ្តោល បានទទួលចំណេះដឹងផ្នែកបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មដល់អ្នកទេសចររយៈពេល៣ថ្ងៃមកហើយ ក្នុងគោលបំណងពង្រីកចំណេះដឹងសមត្ថភាពដល់ពួកគាត់។

លោក សេត រ៉ាស៊ូ ពន្យល់ទៀតថា មេរៀនបង្ហាត់បង្ហាញដល់ប្រជាសហគមន៍ មានដូចជា៖ ការត្រៀមផ្តល់សេវាកម្ម រៀបចំធ្វើអនាម័យសោភ័ណ្ឌទីតាំងទេសចរណ៍ឱ្យមានភាពទាក់ទាញ របៀបចាប់កាន់ម្ហូបភេសជ្ជៈ និងបដិសណ្ឋាកិច្ចភ្ញៀវទេសចរប្រកបដោយស្នាមញញឹម។
តំបន់សហគមន៍ការពារធម្មជាតិឃុំកណ្តោល ដែលស្ថិតនៅក្នុងស្រុកបូទុមសាគរ ពិតជាមានសក្តានុពលធម្មជាតិជីវៈចម្រុះជាច្រើនមិនចាញ់តំបន់អេកូទេសចរផ្សេងៗទៀតឡើយក្នុងខេត្តកោះកុង។ នៅពេលពួកគាត់បើកជាតំបន់ទេសចរណ៍ទៅថ្ងៃមុខមែននោះ គឺអាចទទួលបានឱកាសការងារធ្វើ និងប្រាក់ចំណូលផងដែរ ចៀសវាងទៅបរបាញ់សត្វខុសច្បាប់ ឬការទន្ទ្រានដីធ្លីរដ្ឋជាដើម។

ទាក់ទិនការបង្ហាត់បង្ហាញអប់រំយល់ដឹងនេះដែរ លោក រ៉ាស៊ូ កត់សម្គាល់ឃើញថា ប្រជាសហគមន៍ពិតជាផ្តោតការយកចិត្តទុកដាក់ស្តាប់ និងអនុវត្តបានល្អប្រសើរ ដោយពួកគាត់ជឿជាក់ថា មានសមត្ថភាពបម្រើការងារលើវិស័យទេសចរណ៍ប្រកបប្រសិទ្ធភាព។
លោក សេង សិម ប្រធានតំបន់ការពារធម្មជាតិឃុំកណ្តោល និងអ្នកស្រីអ៊ុង ចាន់ថន ជាសមាជិកា លើកឡើងថា ការដែលពួកគាត់បានទទួលចំណេះដឹងផ្នែកវិស័យទេសចរណ៍នេះ ក៏ព្រោះពួកគាត់គ្រោងបើកជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរដើរទស្សនាកម្សាន្តសម្រស់ព្រៃកោងកាង សត្វបក្សីជាច្រើនប្រភេទ ផ្តល់សេវាកម្មផ្ទះស្នាក់នៅហូបចុក និងជូនភ្ញៀវដើរចាប់ត្រី មឹក និងបង្គាជាដើម។

តំណាងតំបន់ការពារធម្មជាតិឃុំកណ្តោលបន្តថា ក្រោយការសិក្សាស្វែងយល់៣ថ្ងៃមកហើយនេះ គឺ ពួកគាត់បានយល់ដឹងបន្តិចម្តងៗហើយពីរបៀបត្រៀមខ្លួនស្វាគមន៍ និងផ្តល់សេវាជូនអ្នកទេសចរធ្វើយ៉ាងណាឱ្យល្អ ដើម្បីឱ្យភ្ញៀវទេសចរមកលេងហើយចង់មកលេងទៀត គ្រាតំបន់ការពារធម្មជាតិមួយនេះដំណើរការឆាប់ៗខាងមុខ។

លោក សេង សឹម និងអ្នកស្រី ចាន់ថន រំពឹងថា ពួកគាត់នឹងបន្តទទួលបានចំណេះដឹងជាបន្តបន្ទាប់ទៀតអំពីវិស័យទេសចរណ៍ និងរបៀបគ្រប់គ្រងតំបន់ទេសចរណ៍ឱ្យដំណើរការប្រកបដោយអភិបាលកិច្ចត្រឹមត្រូវតាមលក្ខខណ្ឌដែលតម្រូវ។

សហគមន៍តំបន់ការពារធម្មជាតិឃុំកណ្តោល មានផ្ទៃដីសរុបជាង៤ពាន់ហិចតា ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង សព្វថ្ងែទីនោះមានសក្តានុពលសំបូរបែបជាច្រើនដែលមិនទាន់បានការកែច្នៃអោយល្អ សម្រាប់ផ្តល់សេវាទេសចរណ៍កម្សាន្តធម្មជាតិ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


