Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ បង្កើតក្រសួងអធិការកិច្ច និងបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

បានផុស

នៅ

សមាជិកា-សមាជិកា ព្រឹទ្ធសភាចំនួន ៥៩រូប បានឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្ដីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ ស្ដីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យយោបល់ឯកភាពនេះ ធ្វើឡើងគ្រាដែលព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បាន​បើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី ៤ ក្រោមអធិបតីភាពលោក ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួម ពីសមាជិក-សមាជិកាព្រឹទ្ធសភាចំនួន ៥៩រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ២ ដោយទី ១.ពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតក្រសួងអធិការកិច្ច។ សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តមួយឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋភិបាលអាណត្តិទី ៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ បន្តកែទម្រង់ឲ្យស៊ីជម្រៅទូលំទូលាយ មានភាពស៊ីចង្វាក់គា្ន ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ១០មាត្រា និងត្រូវបានរដ្ឋសភា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៤សំឡេង នៃចំនួនសមាជិក-សមាជិការដ្ឋសភាទាំងមូល កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី ៧។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ២រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក, លោក ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី ២.ពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្ដីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសឲ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ធ្វើឡើងក្នុងគោលបំណងបង្កើតឲ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធានមនុស្ស ដែលមានសមត្ថភាពជំនាញពិតប្រាកដ ទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផ្នែកជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី និងការលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលសម្រេចបានឲ្យឋិតថេរ គង់វង្សយូរអង្វែងទុកជាមរតកដ៏ឧត្តុង្គឧត្តម ជូនកូនខ្មែរគ្រប់ជំនាន់។

ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ បានធ្វើឡើងក្នុងចក្ខុវិស័យដើម្បីឈានទៅកសាងខ្សែ បន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ ប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍ព្រំដែនមិនកែប្រែ ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៨មាត្រា និងត្រូវបានរដ្ឋសភា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៤សំឡេង នៃចំនួនសមាជិក-សមាជិការដ្ឋសភាទាំងមូល កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី ៧។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ១រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិក-សមាជិកាព្រឹទ្ធសភា ទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម