ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ប្រកាសផ្ដល់ថវិកា ម្នាក់ ១ ពាន់ដុល្លារ សម្រាប់សិស្សប្រឡងជាប់និទ្ទេស A
លោកស្រីអភិបាលខេត្តកោះកុង ប្រកាសផ្តល់ថវិកាលើកចិត្តដល់សិស្សានុសិស្សណាដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស A ម្នាក់ ១.០០០ ដុល្លារ។

រដ្ឋបាលខេត្តកោះកុង លើកឡើងតាមរយៈលិខិតរបស់ខ្លួននៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ ថា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង សូមលើកទឹកចិត្តដល់ប្អូន និងក្មួយៗ ដែលជាសិស្សានុសិស្សទាំងអស់ក្នុងខេត្ត ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រឡងយកចំណេះដឹងសមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ឋាន មិនត្រូវពឹងផ្អែកលើការលួចចម្លងពីសំណៅឯកសារផ្សេងៗ ឬការលួចចម្លងពីអ្នកដទៃនោះឡើយ។

លោកស្រីអភិបាលខេត្ត ក៏សូមអំពាវនាវដល់មាតា បិតា អាណាព្យាបាលសិស្សគ្រប់រូប សូមជួយណែនាំដល់កូនចៅរបស់ខ្លួន ឲ្យយកអស់ពីសមត្ថភាពក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ៦ ខែវិច្ឆិកា ខាងមុខ ដោយត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង និងគោលការណ៍នានាសម្រាប់ការប្រឡង ហើយមិនត្រូវចាញ់ឧបាយកលទុច្ចរិតរបស់ជនខិលខូចមួយចំនួនពាក់ព័ន្ធនឹងការរត់ការក្នុងការប្រឡងជាដាច់ខាត។

ទន្ទឹមនោះ លោកស្រី មិថុនា ភូថង ប្រកាសផ្តល់ថវិកាលើកចិត្តទឹកដល់ប្អូន និងក្មួយៗសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេស A ក្នុងម្នាក់ៗ ចំនួន ៤ លានរៀលគត់ ស្មើ ១.០០០ ដុល្លារ។ យ៉ាងណាមិញ ដើម្បីកាន់តែផ្តល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយផ្សេងៗ រដ្ឋបាលខេត្តកោះកុង ផ្តល់ជាទីកន្លែងស្នាក់នៅដល់សិស្សានុសិស្សឥតគិតថ្លៃដែលមកបណ្តាស្រុកឆ្ងាយៗដាច់ស្រយាលចូលរួមប្រឡង។ ក្នុងនោះ រដ្ឋបាលខេត្តមានបន្ទប់នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឬអាចទាក់ទងតាមលេខទូរស័ព្ទ ០១៦ ៣២ ៩៧ ៨៧/០៩៧ ៨២ ៧១ ០៤៤។

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ កន្លងទៅ ខេត្តកោះកុង មានសិស្សានុសិស្សចំនួន ៥ នាក់ បានប្រឡងជាប់និទ្ទេស A ហើយពួកគាត់បានទទួលរង្វាន់លើកទឹក ចិត្តពីលោកស្រីអភិបាលខេត្តកោះកុង និងសប្បុរសជនផ្សេងៗ ទៀតផងដែរ។

អត្រាលទ្ធផលប្រឡងកាលនោះ ត្រូវបានលោក ង៉ែត ឡឹង សម្តែងក្តីត្រេកអរចំពោះកិច្ចប្រឹងប្រែងរបស់សិស្ស និងអាណាព្យាបាលសិស្សអំពីលទ្ធផលប្រឡងជាប់ ដោយកើនឡើងទៅ ៥៩.៤៨ ភាគរយ ប្រសិនបើធៀបនឹងឆ្នាំ ២០២១ មានត្រឹមតែ ៤០.៥៦ ភាគរយ។ រីឯចំនួនសិស្សប្រឡងជាប់និទ្ទេស A កើនឡើងបាន ១ នាក់បន្ថែម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


