ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ស្នើមន្ត្រីជំនាញលើកគម្រោងថវិកាជួសជុលច្រាំងទន្លេ ដែលរងប៉ះពាល់
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើឱ្យមន្ត្រីជំនាញសិក្សាលទ្ធភាព និងលើកគម្រោងថវិកា ក្នុងការជួសជុលច្រាំងទន្លេ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទន្លេមេគង្គ នៅចំណុចស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដើម្បីកុំឱ្យបាក់ស្រុតបន្តទៀត។ លោកអភិបាលខេត្ត ស្នើដូច្នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថាន ភាពច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅស្រុកកោះសូទិន និងស្រុកស្រីសន្ធរ កាលពីពេលថ្មីៗនេះ។

បើតាមលោក អ៊ុន ចាន់ដា តាមរយៈការចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃភូមិសាស្ត្រស្រុកកោះសូទិន និងស្រុកស្រីសន្ធរ អាជ្ញាធរឃើញថា ទីតាំងខ្លះទទួលរងផលប៉ះពាល់ ដោយសារការបាក់ស្រុតច្រាំងខ្លាំង ដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់ ប៉ុន្តែ ក្រុមជំនាញត្រូវសិក្សាលម្អិតជាមុនសិន មុននឹងឈានទៅសម្រេចដល់ការអនុវត្តគម្រោងនោះ។ ក្នុងនាមជាអភិបាលខេត្ត លោក អ៊ុន ចាន់ដា បានស្នើឱ្យក្រុមការងារបច្ចេកទេស ត្រូវកំណត់អាទិភាពគម្រោង ដើម្បីលើកគ្រោងកញ្ចប់ថវិកាក្នុងការជួសជុលនៅកន្លែងនោះមុនគេ ជាពិសេសត្រូវកំណត់ថា គម្រោងណាមួយ ដែលផ្ដល់អត្ថប្រយោជន៍ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

យ៉ាងណាមិញ លោកអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងជួសជុលច្រាំងបាក់ស្រុតច្រាំងទន្លេចំនួន២កន្លែង ស្ថិតនៅចំណុចភូមិជីហែរ និងភូមិផ្សារ ប្រវែងជាង២៥០ម៉ែត្រ នៃឃុំពាមប្រធ្នោះ ស្រុកកោះសូទិន គឺត្រូវលើកគម្រោងថវិកា ដើម្បីអនុវត្តមុនគេ។ ចំពោះគម្រោងជួសជុលច្រាំងទន្លេ នៅស្រុកស្រីសន្ធរវិញ ក៏មានចំនួន២កន្លែងដែរ ប៉ុន្តែ លោកអភិបាលខេត្ត សុំជ្រើសរើសយកចំណុចរងផលប៉ះពាល់ ស្ថិតក្នុងឃុំមានជ័យ ដើម្បីជួសជុលជាមុន ដោយសារវាអាចប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធ ឬករណីដីច្រាំងទន្លេនៅតែបន្តបាក់ស្រុតទៀតនោះ។
ដោយឡែក ចំណុចទី២ ដែលដីបាក់ស្រុតនៅឃុំកោះអណ្ដែតវិញ គឺទុកអាទិភាពទី៣ មានន័យថា ក៏ត្រូវជួសជុលដូចគ្នា តែគ្រោងអនុវត្តនាពេលបន្តបន្ទាប់ទៀត។ លោកអភិបាលខេត្ត ថា ការអនុវត្តគម្រោងទាំងអស់នេះ គឺត្រូវប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលខេត្ត ដោយមិនមានចាក់ជាបេតុងលាយជាមួយថ្មទេ ពោលគឺប្រើប្រាស់បាវខ្សាច់ Geotextile bag ដើម្បីដាក់តម្រៀបគ្នាការពារទប់កុំឱ្យមានការបាក់ស្រុតច្រាំងជាបន្តទៀត។

បើតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន គឺដោយសារទឹកជំនន់ទន្លេមេគង្គ បានឡើងយ៉ាងគំហក់ នាប៉ុន្មានថ្ងៃកន្លងមកនេះ បណ្ដាលឱ្យច្រាំងទន្លេ នៅចំណុចឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ទទួលរងការបាក់ស្រុតចំនួន២កន្លែង មានប្រវែងជាង២៥០ម៉ែត្រ។ ដូចគ្នានេះ នៅចំណុចឃុំកោះអណ្តែត និងឃុំមានជ័យ ស្រុកស្រីសន្ធរ ក៏រងការបាក់ស្រុតច្រាំង ផងដែរ។ ទោះជាយ៉ាងណាក្ដី ករណីគ្រោះធម្មជាតិនេះ មិនបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


