ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យថែទាំសុខភាពសាធារណៈ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំទាវទីមួយរបស់កម្ពុជា ក្នុងឋានៈជាឧត្តមភរិយារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកជំទាវបណ្ឌិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់វិស័យថែទាំសុខភាពសាធារណៈ សកម្មភាពមនុស្សធម៌ និងការងារសង្គម។ ក្នុងនាមជាជំទាវទីមួយរបស់កម្ពុជា លោកជំទាវជាតំណាងឱ្យគុណតម្លៃដ៏រឹងមាំក្នុងបុព្វហេតុមនុស្សធម៌ប្រកបដោយក្ដីមេត្តា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៨០ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៦ និងទទួលបានបុត្រាបុត្រីជាចំណងដៃចំនួន៣នាក់ គឺកូនស្រីទី១ ឈ្មោះ ហ៊ុនពេជ មុន្នីវលក្ខណ៍ កូនស្រីទី២ ឈ្មោះ ហ៊ុនពេជ មុន្នីលីណា និងកូនប្រុសទី៣ ឈ្មោះ ហ៊ុនពេជ មុន្នីរិទ្ធិសិទ្ធ។ ក្នុងតួនាទីជាភរិយាផង ជាម្ដាយផង និងជាអ្នកដឹកនាំផង លោកជំទាវ បានចិញ្ចឹមបីបាច់បុត្រាបុត្រីទាំង៣ ប្រកបដោយមោទនភាព។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអ្នកជំនាញការផ្នែកមនុស្សធម៌ និងសង្គមដ៏មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានគេស្គាល់តាមរយៈការប្ដេជ្ញាចិត្តក្នុងការកែប្រែជីវិតរស់នៅរបស់ប្រជាជន និងសហគមន៍ ព្រមជាមួយនឹងសាវតាដ៏រឹងមាំក្នុងវិស័យថែទាំសុខភាពសាធារណៈ រហូតនាំលោកជំទាវបណ្ឌិត មានភាពលេចធ្លោបំផុតក្នុងភាពជាអ្នកដឹកនាំ និងមេត្តាធម៌ចំពោះប្រជាជនកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកាន់តួនាទីសំខាន់ៗជាច្រើន ដែលបង្ហាញពីការយកចិត្តទុកដាក់របស់លោកជំទាវចំពោះការប្រសើរឡើងនៃសង្គមកម្ពុជា។ លោកជំទាវបណ្ឌិត មានតួនាទីជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជាប្រធានអង្គការ Smile Cambodia សមាជិកនៃគណៈកម្មាធិការប្រឹក្សានៃមូលនិធិ A&H Fujimoto និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា រួមទាំងតួនាទីមួយចំនួនទៀត។ ក្នុងនាមជាអនុប្រធានសមាគមពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានយកចិត្តទុកខ្ពស់ ហើយតែងតែដឹកនាំក្រុមគ្រូពេទ្យដោយផ្ទាល់ ដើម្បីចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ក្រោយការបោះឆ្នោតជ្រើសរើសជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សម្រាប់អាណត្តិ២០២១-២០២៤ លោកជំទាវបណ្ឌិត បានធ្វើឱ្យសមាគមកាយឫទ្ធិនារីកម្ពុជាបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយរបស់ខ្លួន គឺការទទួលរៀបចំ និងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ នៅពេលថ្មីៗនេះ ហើយឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានទទួលពានកិត្តិយសថ្នាក់មាសរបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រកាស នីយបត្រថ្នាក់សកលរបស់ OB-PS នៃសមាគមពិភពលោកចលនាកាយឬទ្ធិនារី ដែលនេះជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យរបស់សមាគមកាយឫទ្ធិនារីកម្ពុជា។
ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត សមាគមកាយឫទ្ធិនារីកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងកម្មវិធីបង្កើនសមាជិកភាព អប់រំ និងបណ្តុះបណ្តាល ការអភិរក្សបរិស្ថាន និងភាពខ្នះខ្នែងផ្នែកមនុស្សធម៌ ខណៈលទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតនោះ គឺការនាំកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះនៃសន្និសីទពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ នៃសមាគមកាយប្ញទ្ធិនារីពិភពលោក ដែលជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាព និងប្រមូលផ្តុំក្រុមកាយឫទ្ធិមកពីជុំវិញពិភពលោក។

ស្ថិតក្នុងបរិបទនៃការរាតត្បាតដ៏សាហាវជំងឺកូវីដ១៩ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានទទួលភារកិច្ចជាប្រធានដឹកនាំក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ដែលកាលណោះ លោកជំទាវបណ្ឌិត តែងបានចុះបំពេញការងារនេះដោយផ្ទាល់នៅទីតាំង និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺទាំងថ្ងៃទាំងយប់ មិនគិតពីការនឿយហត់។ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ លោកជំទាវបណ្ឌិត បានប្រើជំនាញដឹកនាំការសិក្សា ស្រាវជ្រាវឱសថ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រក្នុងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ វីរភាពនៃការដឹកនាំរបស់លោកជំទាវបណ្ឌិតនេះ ក៏បានផ្តល់កម្លាំងចិត្តទៅដល់អ្នកស្ម័គ្រចិត្តជួរមុខដ៏អង់អាចក្លាហានដទៃទៀត ដែលត្រូវប្រយុទ្ធនឹងជំងឺនេះ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយបានដឹកនាំអ្នកជំនាញវេជ្ជសាស្រ្ត និងយុវជន ចូលរួមនៅក្នុងគំនិតផ្តួចផ្តើមចម្រុះជាមួយស្វាមីរបស់លោកជំទាវ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលវិបត្តិនៃជំងឺរាតត្បាត ដោយលោកទាំងពីរ បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំដល់ការធ្វើតេស្ត ការព្យាបាល និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ។

តាមរយៈការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ជំទាវទីមួយរបស់កម្ពុជារូបនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងស្តង់ដារអនាម័យនៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលប្រមាណមួយទសវត្សរ៍កន្លងមក នេះ។ លោកជំទាវ បានផ្តល់អណ្តូងទឹកជាច្រើនសម្រាប់អ្នកភូមិ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល ដែលបានធ្វើ ឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេប្រសើរឡើងយ៉ាងខ្លាំង។ នេះជាផ្នែកមួយនៃការប្តេជ្ញារបស់លោកជំទាវចំពោះវិស័យសុខភាពសាធារណៈ និងការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព បានធ្វើឱ្យមានការផ្លាស់ប្ដូរពិតប្រាកដសម្រាប់ជីវិតរស់នៅរបស់ប្រជាជនដែលងាយរងគ្រោះបំផុតមួយចំនួននៅកម្ពុជា។

ចំណង់ចំណូលចិត្តរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មកលើការងារមនុស្សធម៌ បានចាប់ផ្ដើមក្នុងអំឡុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យ ដោយលោកជំទាវ បានស្ដែងឱ្យឃើញពីភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ខ្លួន ក្នុងនាមជាអនុប្រធានសមាគមនិស្សិតពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ជាមួយគ្នានេះ លោកជំទាវ ក៏បានរួមចំណែកប្រកបដោយប្រសិទ្ធភាពបំផុតចំពោះការស្រាវជ្រាវសុខភាពផ្លូវចិត្ត ពាក់ព័ន្ធនឹងជនភៀសខ្លួននៅអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ដែលជាគម្រោងមួយរបស់ស្ថាប័ន Harvard Group។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកឱសថស្ថាន ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា ក្នុងឆ្នាំ២០០២ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៣ និងសញ្ញាបត្របណ្ឌិតផ្នែកសុខភាពសាធារណៈ ពីសាលា Hygiene & Tropical Medicine នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០១៣។ និក្ខេបបទថ្នាក់បណ្ឌិតរបស់លោកជំទាវ បានផ្តោតសំខាន់លើប្រសិទ្ធភាពនៃការសង្កេតដោយផ្ទាល់លើការព្យាបាលជំងឺរបេងតាមសហគមន៍នៅក្នុងប្រទេសកម្ពុជា៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ