ព័ត៌មានជាតិ
ក្រសួងអប់រំ ហាមសិស្សចាក់សាក់ ចោះក្រវិល និងហាយឡាយសក់ ចូលសាលាជាដាច់ខាត
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការហាមប្រាមសិស្សានុសិស្សចាក់សាក់លើរាងកាយ ចោះក្រវិល(សិស្សប្រុស) ហាយឡាយសក់ចម្រុះពណ៌ ចូលសាលាជាដាច់ខាត ព្រោះធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ជាតិខ្មែរ។

យោងតាមសេចក្ដីណែនាំស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាសាធារណៈឆ្នាំសិក្សា ២០២៣-២០២៤ ចុះថ្ងៃទី ១៥ វិច្ឆិកា ក្រសួងអប់រំ បានណែនាំដល់សិស្សទាំងអស់ ត្រូវមានសម្លៀកបំពាក់ស្អាតជានិច្ច សិស្សប្រុស ត្រូវស្លៀកពាក់អាវសបើកកស៊កក្នុងខោវែងខៀវចាស់ និងសិស្សស្រី ត្រូវស្លៀកពាក់អាវសស៊កក្នុងសំពត់ខៀវចាស់ក្រោមជង្គង់ នៅលើផ្ទៃអាវផ្នែកខាងលើហោប៉ៅអាវ ត្រូវប៉ាក់ឈ្មោះគ្រឹះស្ថានសិក្សា ឈ្មោះថ្នាក់ និងឈ្មោះសាមីខ្លួន។
ក្រសួង បានបន្តថា សិស្សទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យជានិច្ច សម្លៀកបំពាក់ ខ្លួនប្រាណ និងចំណីអាហារ។ សិស្សទាំងអស់ ត្រូវរៀបចំខ្លួនឲ្យបានសមរម្យ សិស្សប្រុស ត្រូវកាត់សក់ខ្លី រីឯសិស្សស្រី ត្រូវសិតសក់ ដាក់បូ ឬចង ឬក្រង ឬកាត់សក់ខ្លីត្រឹមស្មា។ ទន្ទឹមនេះ សិស្សទាំងអស់ ត្រូវរក្សាវិន័យ និងសីលធម៌ល្អ មិនត្រូវប្រព្រឹត្តអំពើដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់គ្រឹះស្ថានសិក្សា និងប្រទេសជាតិ។

លើសពីនេះ សិស្សទាំងអស់ ត្រូវមករៀនឲ្យបានទាន់ពេលវេលា ជាពិសេសសិស្សដែលដល់វេនសម្អាតតាមកាលវិភាគកំណត់ត្រូវមកដល់គ្រឹះស្ថានសិក្សា ៣០ នាទី មុនពេលចូលរៀន ដើម្បីសំអាតទីធ្លា អនាម័យ និងបន្ទប់រៀន។
ក្រសួង បានបញ្ជាក់ថា ក្រសួង ហាមចាក់សាក់លើរាងកាយ ចោះក្រវិល(សិស្សប្រុស) ហាយឡាយសក់ចម្រុះពណ៌ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ជាតិខ្មែរ។

ក្រសួង បានណែនាំទៀតថា រាល់ការគោរពទង់ជាតិ ត្រូវច្រៀងចម្រៀងជាតិ បទនគររាជ និងបទពង្សាវតារខ្មែរ វគ្គទី ១ ឬទាំង ៣ វគ្គ ឲ្យត្រឹមត្រូវតាមចង្វាក់។ គណៈគ្រប់គ្រងសាលារៀន ត្រូវដឹកនាំសិស្សច្រៀងចម្រៀងជាតិ ទាំង ៣ វគ្គ យ៉ាងតិចណាស់ ១ ដង ក្នុង ១ ខែ។
ជាមួយនេះ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ត្រូវបង្រៀនសិស្សឲ្យច្រៀងចម្រៀងជាតិ និងធម៌នានា រួមមានបទពង្សាវតារខ្មែរ ដែនដីខ្មែរ ជនជាតិខ្មែរកើតលើដីខ្មែរ បើខ្មែរបែកបាក់ និងធម៌បទសាភញ្ញ ជាដើម។ ចំពោះគ្រឹះស្ថានមធ្យមសិក្សាដែលអនុកម្មវិធីរៀន និងបង្រៀនពេញមួយថ្ងៃ ត្រូវចូលរួមអនុវត្តទៅតាមស្ថានភាព និងលទ្ធភាព ហើយគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ដឹកនាំការគោរពទង់ជាតិនៅរៀងរាល់ព្រឹក នៃផ្ទាំងសិក្សាមូរ ពេលចូលរៀន ១០ នាទី និង/ឬ រៀងរាល់ល្ងាច នៃថ្ងៃសិក្សា ក្រោយពេលចេញពីរៀន។

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ក្រសួងអប់រំ បានណែនាំឲ្យកុមារចាប់ពីអាយុ ៦ ឆ្នាំ ឬយ៉ាងតិច ៧០ ខែ(គិតត្រឹមថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣) ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងប្រារព្ធពិធីបើកបវេសនកាលជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ និងបញ្ចប់ទៅវិញ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ តាមកាលបរិច្ឆេទដូចខាងក្រោម ដោយវិស្សមកាលតូច ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន

-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


