Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមសាលារៀន

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញវិធានការមួយចំនួនដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ខណៈជំងឺគ្រុនឈាមបាននិងកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម និងការកាត់បន្ថយ និងទប់ស្កាត់ការបង្កកំណើតសត្វមូសនៅតាមគ្រឹះស្ថានសិក្សាចុះថ្ងៃទី១៤កក្កដា លោក បណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា ក្នុងគោលបំណងជំរុញការអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម កាត់បន្ថយ និងទប់ស្កាត់ការបង្កកំណើត សត្វមូសនៅតាមគ្រឹះស្ថានសិក្សា ព្រមទាំងចូលរួមអនុវត្ត វិធានការអន្តរាគមន៍របស់ក្រសួងសុខាភិបាល ក្រសួងសូមធ្វើការណែនាំដល់លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវលុបបំបាត់ជម្រកដង្កូវទឹក ថ្លុកទឹក ឬសម្ភារៈដែលដក់ទឹក និងទីជម្រកមូសនៅក្នុងបរិវេណ និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា

ត្រូវលាងសម្អាតសម្ភារៈដែលដក់ទឹក ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុ ក្រឡ ធុង ខាប់ ជាដើម ដើម្បីផ្លាស់ប្តូរលាងសម្អាតជាប្រចាំ ឱ្យបានយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ឬត្រូវគ្របគម្របឱ្យ ជិតល្អកាប់ឆ្ការសម្អាតស្មៅស៊ុបទ្រុប ក្នុងបរិវេណ និងនៅជុំវិញសាលារៀន ឱ្យបានស្អាតស្លៀកខោជើងវែង អាវដៃវែង និងស្រោមជើង ដើម្បីគ្របដណ្តប់រាងកាយឱ្យជិត ។បើកទ្វារបង្អួចឱ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ទ្វារនិងបង្អួច គួរមានសំណាញ់បើអាចត្រូវប្រើថ្នាំបាញ់ ឬលាប កុំឱ្យមូសមកជិត។

លើសពីនេះត្រូវសហការជាមួយបណ្តាញសុខាភិបាលតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌នៅកន្លែងដែលអាចចិញ្ចឹមបាន។ប្រសិនមានរោគសញ្ញាគ្រុនក្តៅខ្លាំងភ្លាមៗចាប់៣៩ទៅ៤០អង្សារ សូមទៅពិគ្រោះយោបល់ និងពិនិត្យ ព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត និងសូម ទូរសព្ទមកលេខ ១១៥។ ក្នុងករណីមានជំងឺរាតត្បាត ឬហានិភ័យសុខភាពក្នុងរដូវភ្លៀងនេះ សូមធ្វើការរាយការណ៍តាមរយៈ បុគ្គលិកសុខាភិបាលនៅជិតបំផុត ឬសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយ និងសង្គ្រោះជាបន្ទាន់។

កាលពីថ្ងៃទី៨កក្កដា ឆ្នាំ២០២៦ក្រសួងសុខាភិបាលបានចេញសេចក្តីក្រើនរំលឹក ការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា។ក្នុងនោះក្រសួងបានអំពាវនាវឱ្យអាជ្ញាធរនិងប្រជាពលរដ្ឋរួមគ្នាសកម្ម ចូលរួមកម្ចាត់ដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើមដែលអាចបង្កទៅជាមូខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

បើតាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍ថាគិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦នេះមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណ ១២,០០០ករណីដែលតួលេខនេះមានប្រហាក់ប្រហែលគ្នាបើធៀបទៅនឹងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០២៥កន្លងទៅ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម