Connect with us

ព័ត៌មានជាតិ

មណ្ឌលភ្នំពេញ មានបេក្ខជនប្រឡងជាប់ឌីប្លូម ជិត​ ១,៧ ម៉ឺននាក់ ស្មើនឹង ៩២.១% កើនជាងឆ្នាំមុន

បានផុស

នៅ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ សម័យប្រឡងទី ៦ និង ទី ៧ ខែកក្កដា ឆ្នាំ ២០២៦ នេះ មានបេក្ខជនប្រឡងជាប់ចំនួន ១៦ ៧៥៤ នាក់ ស្រី ៨ ៥១៧ នាក់ ស្មើនឹង ៩២.១% ស្រី ៩៤.៣៩% មានការកើនឡើង បើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនប្រឡងជាប់ ៩០.៦៧% ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ មានប្រសាសន៍នៅព្រឹកថ្ងៃទី ១៤ កក្កដា នេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នេះ នៅមណ្ឌលភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៨ ៣៨៩ នាក់ ស្រី ៩ ៤១២ នាក់ ចែកជា ៦៥ មណ្ឌល ត្រូវជា ៧៦៩ បន្ទប់។ ក្នុងនោះ មានបេក្ខជនមកប្រឡងចំនួន ១៨ ២០៥ នាក់ ស្រី ៩ ៣៨១ នាក់ និង អវត្តមាន ២១៩ នាក់ ស្រី ៧៥ នាក់។

លោកប្រធានមន្ទីរ បានបន្តថា ក្នុងចំណោមបេក្ខជនមកប្រឡង ក្នុងនោះ បេក្ខជនប្រឡងជាប់ចំនួន ១៦ ៧៥៤ នាក់ ស្រី ៨ ៥១៧ នាក់ ស្មើនឹង ៩២.១% ស្រី ៩៤.៣៩%។បេក្ខជនទទួលបាននិទ្ទេសល្អមាន ១០.៨១% ស្រី ១៣.២២% បេក្ខជនទទួលបាននិទ្ទេសល្អបង្គួរមាន ៣១.០៥% ស្រី ៣៣.៨៨% និង បេក្ខជនទទួលបាននិទ្ទេសមធ្យមមាន ៥៨.០៨% ស្រី ៥២.៨៨%។

លោកប្រធានមន្ទីរ បានបន្តទៀតថា ចំនួននេះ បើធៀបទៅនឹងប្រឡងឌីប្លូមឆ្នាំ ២០២៥ មានការកើនឡើង ខណៈឆ្នាំមុន ក្រសួងអប់រំ បានរៀបចំប្រឡងនៅថ្ងៃទី ១៤ និង ១៥ កក្កដា ឆ្នាំ ២០២៥ ដោយមានបេក្ខជនប្រឡងជាប់ចំនួន ១៥ ៧៥៧ នាក់ ស្រី ៨ ២៣២ នាក់ ស្មើនឹង ៩០.៦៧% ស្រី ៩៣.៦០% ក្នុងចំណោមបេក្ខជនមកប្រឡងចំនួន ១៧ ៣៧៩ នាក់ ស្រី ៨ ៧៩៥ នាក់។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ បានប្រគល់សិទ្ធិអំណាច និង ការទទួលខុសត្រូវទាំងស្រុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡងចាប់តាំង ពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និង ប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ គ្រឹះស្ថានមធ្យមសិក្សានីមួយៗ ត្រូវប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំ យុវជន និង កីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណី ចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និង មានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ ជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម