ព័ត៌មានជាតិ
អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅក្រសួងមហាផ្ទៃ ត្រូវបានកែសម្រួលឡើងវិញ ក្រោយការបង្កើតអង្គភាពថ្មីមួយចំនួន
អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ត្រូវបានពិនិត្យកែសម្រួលឡើងវិញ ជាពិសេសការកែសម្រួលលើការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យស្របតាមច្បាប់ជាធរមាន ក្រោយអង្គភាពចំណុះក្រសួងមួយនេះ ត្រូវបានបង្កើតឡើងមួយចំនួនបន្ថែមទៀត។

ក្រោយការប្រកាសបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ជាផ្លូវការ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើតអគ្គនាយកដ្ឋានថ្មីចំនួន២ ចំណុះឱ្យក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានថ្មីចំនួន២នេះ គឺអគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមទាំងកែសម្រួល និងផ្លាស់ប្ដូរសមាសភាពដឹកនាំមួយចំនួនជាបន្តបន្ទាប់នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។

ជាក់ស្ដែង ដើម្បីឱ្យស្របតាមបច្ចុប្បន្នភាព និងស្របតាមច្បាប់ជាធរមាន ក្រសួងមហាផ្ទៃ ក៏បានរៀបចំកិច្ចប្រជុំពិភាក្សាលើការកែសម្រួលសេចក្តីព្រាងថ្មី នៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ដោយនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សានេះ។
បើតាមលោក ប៊ុន ហុន ការសម្រេចកែសម្រួលអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ នាពេលនេះ គឺក្រោយមានការណែនាំបន្ថែមពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលបង្ហាញរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះការរៀបចំនូវរចនាសម្ព័ន្ធ និងអំពីតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃទាំងមូល ក៏ដូចជាអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ។

លោក ប៊ុន ហុន បានបញ្ជាក់ថា អនុក្រឹត្យលេខ១០៩ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ដែលកំពុងអនុវត្តសព្វថ្ងៃនេះ គឺត្រូវការធ្វើបច្ចុប្បន្នភាពជាច្រើន ដោយសារតែក្រសួងមហាផ្ទៃ មានអង្គភាពមួយចំនួនទើបបានបង្កើតថ្មី និងមួយចំនួនទៀតត្រូវបានធ្វើសមាហរណកម្មបញ្ចូលគ្នា។ដូច្នេះ ក្រសួងមហាផ្ទៃ ត្រូវរៀបចំតាក់តែង និងកំណត់នូវតួនាទីភារកិច្ចរបស់អង្គភាពនីមួយឡើងវិញឱ្យស្របតាមបច្ចុប្បន្នភាព និងស្របតាមច្បាប់ជាធរមាន។
តែយ៉ាងណាមិញ លោករដ្ឋលេខាធិការ បានណែនាំដល់តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវបន្តពិនិត្យមើលឱ្យបានជាក់លាក់អំពីតួនាទីភារកិច្ចរបស់អង្គភាពខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការរៀបចំអនុក្រឹត្យថ្មីនេះល្អគ្រប់ជ្រុងជ្រោយ និងភាពងាយស្រួលដល់ការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពចំណុះក្រសួងមហាផ្ទៃ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥៥ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


