Connect with us

ព័ត៌មានជាតិ

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ចេញសេចក្ដីថ្លែងរួម៩ចំណុច សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

បានផុស

នៅ

ក្រោយកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលមានតំណាងអ្នកដឹកនាំស្ថាប័នសារព័ត៌មានមកពី៧១អង្គភាព បានចេញសេចក្ដីថ្លែងការណ៍រួមចំនួន៩ចំណុច សំដៅពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក៏ដូចជាពង្រឹងដល់វិស័យព័ត៌មាននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ក្រមសីលធម៌ និងវិជ្ជាជីវៈ» នៅតែជាប្រធានបទក្ដៅសម្រាប់កិច្ចពិភាក្សារបស់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ឆ្នាំនេះ ហើយការលើកយកប្រធានបទនេះមកពិភាក្សាពេលនេះ ដោយហេតុអង្គវេទិកា យល់ឃើញថា ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មានក្នុងការងារប្រចាំថ្ងៃ។ ក្រោយពីបានពិភាក្សាយ៉ាងផុលផុស អង្គវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក៏បានអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមាន៩ចំណុច ដូចខាងក្រោម៖

១. មកដល់ពេលនេះការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាន់តែមានសារសំខាន់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មាន ឌីជីថល។ ២. ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកសារព័ត៌មាននានា ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយ ដែលមានមុខងារច្បាស់លាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន។

៣.ការបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅតែជាបញ្ហាស្នូលសម្រាប់អ្នកសារព័ត៌មាន ព្រោះស្ថាប័ន និងអ្នកសារព័ត៌មាន ហាក់មានកំណើនជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជាជីវៈ និងក្រមសីលធម៌ងាយនឹងកើតឡើង។

៤. វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូលបំពេញការងារក្នុងវិស័យសារព័ត៌មាន គប្បីយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ឬ ក៏ចូលរួមក្នុងវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន បើសិនជាពួកគេមានបំណងក្លាយជាអ្នកសារព័ត៌មានអាជីព ហើយទទួលបានការគាំទ្រពីសាធារណជន។ ៥. ដើម្បីឱ្យការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយប្រសិទ្ធភាពនោះ គប្បីយកក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវបានចងក្រងដោយក្លិបអ្នកកាសែតកម្ពុជា មកធ្វើជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាគោលមួយសម្រាប់ការអនុវត្តជាទូទៅនៅក្នុងសហគមន៍សារព័ត៌មាន។

៦. បន្ទាប់ពីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ បិទបញ្ចប់ ក្លិបអ្នកកាសែតកម្ពុជា គួរបន្តដើរតួនាទីស្នូលជាអ្នកសម្របសម្រួល និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យលទ្ធភាពរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយឱ្យបានឆាប់នាពេលខាងមុខ។

៧. វេទិកានេះ សូមអំពាវនាវដល់សមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមគាំទ្រដល់គម្រោងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព ព្រោះថាវាពិតជាមានសារសំខាន់ណាស់សម្រាប់ការលើកកម្ពស់គុណភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទាំងអស់ឱ្យទទួលបាននូវការគោរព ផ្តល់តម្លៃពីសាធារណជន និងអាជ្ញាធរគ្រប់មជ្ឈដ្ឋាន។

៨. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មានដែលតែងតែគាំទ្រនូវរាល់គំនិតផ្តួចផ្តើមផ្សេងៗរបស់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលជាប្រយោជន៍របស់អ្នកសារព័ត៌មាន លើការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសគំនិតផ្តួចផ្តើមស្តីពីការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

៩. អង្គវេទិកា បានគោរពថ្លែងអំណរគុណជាអនេកប្បកាចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់តម្លៃដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដោយបានយកឱកាសនេះចេញសារលិខិតផ្ញើជូន ចាងហ្វាង និពន្ធនាយក ក៏ដូចជាអ្នកប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម