Connect with us

ព័ត៌មានជាតិ

លោក ពុយ គា៖ ជារឿងចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការយល់ដឹងពីការសង្គ្រោះបឋម

បានផុស

នៅ

ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានលើកឡើងថា ជារឿងដែលសំខាន់ និងចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការយល់ដឹងពីវិធីជួយសង្គ្រោះបឋម នៅពេលបំពេញភារកិច្ចការងារ ការរស់នៅប្រចាំថ្ងៃ និងអាចចែករំលែកបន្តពីវិធីសាស្រ្តសង្គ្រោះបឋមទៅកាន់អ្នកដទៃបានទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ពុយ គា ធ្វើឡើងនៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ​ ឆ្នាំ២០២៦ ក្នុងឱកាសក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន រៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬ​អ្នក​ជំងឺ​ភ្លាមៗ»​ ដល់អ្នកសារព័ត៌មាន។ វគ្គបណ្តុះបណ្តាលពីការសង្គ្រោះបឋមនេះ គឺជាលើកទី១ ដែលក្លិបអ្នកកាសែតបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌មាន ជាពិសេស អ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ឬការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កើនចំណេះដឹងបន្ថែមក្នុងការជួយសង្គ្រោះបឋម មុនពេលបញ្ជូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។

លោក ពុយ គា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាសំខាន់ និងចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងជួយដល់ការរស់នៅប្រចាំថ្ងៃ លើសពីនេះ ក្រៅពីយល់ដឹងពីមូលដ្ឋានសង្គ្រោះបឋម ក៏អាចចែករំលែកបន្តទៅកាន់អ្នកដទៃបានដូចគ្នា។ ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ពុយ គា បញ្ជាក់ថា មិនត្រឹមតែសម្រាប់អ្នកសារព័ត៌មានទេ ពោល ក៏សម្រាប់សារធារណជនទូទាំងប្រទេសយល់ដឹងពីមូលដ្ឋានគ្រឹះ និងវិធីសង្គ្រោះបឋមមួយចំនួន តាមរយៈការចែករំលែក ផ្សព្វផ្សាយបន្តរបស់អ្នកសារព័ត៌មានផងដែរ។ ជាមួយគ្នានេះ នៅពេលខាងមុខ ក៏អាចនឹងបង្កើតវគ្គបណ្តុះបណ្តាលពីការសង្គ្រោះបឋមបែបនេះឱ្យច្រើនបន្ថែមទៀត ដើម្បីជាចំណេះដឹងដល់អ្នកសារព័ត៌មាន។ នេះ បើតាមប្រធានក្លិបអ្នកកាសែតកម្ពុជា។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត និន ចន្ថា នាយកផ្នែកសាមុយនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានលើកឡើងដែរថា ការសង្គ្រោះបឋមនេះ ពិតជាសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ព្រោះថារាល់ថ្ងៃ នៅពេលដែលប្រជាពលរដ្ឋកម្ពុជា មានគ្រោះថ្នាក់ គឺអ្នកសារព័ត៌មាននេះហើយទទួលដំណឹងមុនគេ ។ លោកថា រូបលោកពិតជាមានក្តីរីករាយណាស់ក្នុងការធ្វើបទបង្ហាញ និងផ្តល់ចំណេះដឹងពីការសង្គ្រោះបឋមដល់អ្នកសារព័ត៌មាន ដោយលោកជ្រើសយកចំណុចណាដែលសំខាន់ និងងាយយល់ មកធ្វើបទបង្ហាញដើម្បីផ្តល់ភាពងាយស្រួលក្នុងការអនុវត្តជាក់ស្តែង។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលខាងលើ គឺមានការបណ្តុះបណ្តាលដោយផ្ទាល់ ពីក្រុមគ្រូពេទ្យជំនាញពីក្រសួងសុខាភិបាល តាមរយៈការបង្រៀនពីមូលដ្ឋានគ្រឹះ ព្រមទាំងមានការពន្យល់ល្អិតល្អន់ និងការធ្វើសកម្មភាពជាក់ស្តែងពីប្រភេទនៃការសង្គ្រោះបឋមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម