Connect with us

ព័ត៌មានជាតិ

អ្នក​ឧកញ៉ា ​លឹម ហេង៖ ការស្នើ​ដាក់​ឯកសារ​តាម​អនឡាញ សូម​កុំ​ឲ្យ​ “ច្រក​ចេញ​ចូល​តែមួយ” ក្លាយ​ជា “ច្រក​ជាប់​គាំង​តែមួយ”

បានផុស

នៅ

អ្នក​ឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​កត់សម្គាល់​ពី​ភាព​ស្មុគស្មាញ​នៃ​ប្រព័ន្ធ​ការិយាធិបតេយ្យ ដោយ​លោក​លើក​ឡើង​ពី​ភាព​បរាជ័យ​នៃ​ការ​ស្នើសុំ​តាម​ប្រព័ន្ធ​អនឡាញ និង​ការ​ទាមទារ​សេវា​ក្រៅផ្លូវការ។

នៅ​ក្នុងវេទិកា​សារព័ត៌មាន​លើ​ប្រធានបទ «AI ក្រមសីលធម៌ និង​វិជ្ជាជីវៈ៖ តើ​យើង​គួរ​ដើរ​ទៅ​មុខ​ដោយ​របៀបណា?» ដែល​​​​​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ២០២៦ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ធុរកិច្ច (BDC) លោក​បាន​រៀបរាប់​លម្អិត​​អំពីបញ្ហាប្រឈម​រវា​ងវិស័យឯកជន និង​ប្រព័ន្ធ​ការិយាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ផ្តោត​ភាព​បរាជ័យ​នៃ​ការ​ស្នើ​សុំ​តាម​ប្រព័ន្ធ​អនឡាញ និង​ការ​ទាមទារ​សេវា​ក្រៅ​ផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​គូស​បញ្ជាក់​ថា វិស័យ​ឯកជន​តែងតែ​ប្រឈម​មុខ​នឹង​បញ្ហា​នៅ​ពេល​មាន​រដ្ឋមន្ត្រី​ថ្មី​ឡើង​កាន់​តំណែង ដែល​ជា​រឿយៗ​​តែងតែ​បង្កើត​បញ្ហា និង​ភាព​ស្មុគស្មាញ​ថ្មីៗ​ដល់​ការ​ធ្វើអាជីវកម្ម។

ទោះបី​ជាមាន​ការខិតខំ​រុញច្រាន​ការ​ស្នើ​សុំ​អាជ្ញាបណ្ណ ឬ​ឯកសារ​នាំចេញ​នានា​ទៅ​ក្នុង​ប្រព័ន្ធ​អនឡាញ​ក៏​ដោយ ក៏​​ឯកសារ​ទាំងនោះ​នៅ​តែ​មិនត្រូវ​បាន​អនុម័ត​ឡើយ ប្រសិន​បើ​អ្នក​ស្នើសុំ​មិន​ទៅ​ជួប​មន្ត្រី​ផ្ទាល់​ឬ​មិនមាន​ការ​ផ្តល់​ប្រាក់​ក្រោម​​តុ​។

អ្នកឧកញ៉ា លឹម ហេង បាន​ប្រដូច ​”ច្រកចេញ​ចូលតែមួយ” បាន​ក្លាយ​ជា “ច្រក​ជាប់​គាំង​តែមួយ” ដោយ​លោក​បាន​លើក​ឡើង​យ៉ាង​ចំៗ​ថា សេវាច្រកចេញ​ចូល​តែមួយ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា “ច្រក​ជាប់​គាំង​តែមួយ” ទៅ​វិញ ដោយសារ​តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ដាក់ពាក្យ​ស្នើសុំ​អនឡាញ​រួចរាល់ ឯកសារ​តែងតែ​ជាប់​គាំង​រហូត​ទាល់​តែ​មានការ​ទៅ​ជួប​ផ្ទាល់​ជាមួយ​មន្ត្រី​ទើប​អាច​​ចេញ​​បាន។

ជាមួយ​គ្នា​នេះ លោក​ក៏​លើក​បញ្ហា​តម្លៃ​សេវា​សាធារណៈ​មិន​រលូន​ ដែល​វិស័យ​ឯកជន​ទាមទារ​ឱ្យ​មាន​ការ​កំណត់​តម្លៃ​សេវាសាធារណៈ​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​កុំ​ឱ្យ​ខាត​ពេល​រត់ការ​ពីការិយាល័យមួយ​ទៅ​ការិយាល័យ​មួយ។

ទោះបីជា​មានការ​បង់​សេវា​ត្រឹមត្រូវ​នៅតាម​ច្រកចេញចូលតែមួយ​ក៏ដោយ អ្នកជំនួញរូបនេះអះអាង​ថា ក៏​ឯកសារ​មួយ​ចំនួន​នៅតែ​បន្ត​ជាប់​គាំងនិង​មិន​ដើរ​ស្រួល​ដដែល។

អ្នក​ឧកញ៉ា​ស្នើ​ឲ្យ​មាន​តម្លាភាព និង​ភាព​ស្មោះត្រង់ រវាង​មន្ត្រីរាជការ​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ និង​វិស័យ​ឯកជន។ លោក​​ចង់​ឃើញ​ការ​អនុវត្ត​បច្ចេកវិទ្យា​ដំណើរការ​បាន​រលូន​ពិតប្រាកដ ដោយ​មិន​មាន​ការ​រំខានឬ​បង្ក​ការ​លំបាក។

អ្នក​ឧកញ៉ា​​បញ្ជាក់​ថា លោក​នឹង​លើក​យក​បញ្ហា​ទាំងអស់​នេះ​ទៅ​ជជែក​បន្ថែម​ជាមួយ​អន្តរ​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញឱ្យ​ដំណើរការ​រដ្ឋបាល​ប្រព្រឹត្ត​ទៅ​ដោយ​រលូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម