ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង ណែនាំឱ្យពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព កាន់តែសកម្មបន្ថែមទៀត
លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ត្រូវបន្តពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យកាន់តែសកម្មបន្ថែមទៀត។ លោកបានណែនាំបែបនេះ ក្នុងកិច្ចប្រជុំជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ក្នុងខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នាសាលាខេត្តព្រៃវែង។

លោកអភិបាលខេត្ត បានឱ្យបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងមហាផ្ទៃ បានសម្រេចនូវសមិទ្ធផល និងស្នាដៃជាច្រើនទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំគោលនយោបាយ និងការដាក់ចេញគោលការណ៍ប្រតិបត្តិ អនុលោមតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង បានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលរួមមាន បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន ២៧៤លើក លើ ៥៦លើក បើប្រៀបធៀបនឹងឆ្នាំ២០២២ មានការកើនឡើង ២១៨លើក ស្មើនឹង ៣៨៩%។ បង្ក្រាបបាន ១៥៩លើក លើ ២៧៤ លើក ស្មើនឹង ៥៨% នៃបទល្មើសកើតឡើង និងបានឃាត់ខ្លួនចំនួន ២៣៨នាក់។

ចំណែក ការងារប្រឆាំងគ្រឿងញៀន បង្ក្រាបបានចំនួន ២០៧លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៣៥៧នាក់ និងបានដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯ ការងារបង្ក្រាបក្មេងទំនើង បង្ក្រាបបានចំនួន ១១លើក ឃាត់ខ្លួន ៦៣នាក់។ ល្បែងស៊ីសង បង្ក្រាបបានចំនួន ៣១លើក ឃាត់ខ្លួនចំនួន ៥១នាក់ ស្រី ៩នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៩៧លើក លើ ៧៤លើក ប្រៀបធៀបនឹងឆ្នាំ២០២២ មានការកើនឡើង ១២៣លើក ស្មើនឹង ២៦៦% បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦៩នាក់ របួស ៣២៨នាក់ មូលហេតុមកពីបើកលឿន ការឆ្លងកាត់មិនប្រុងប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែង និងងងុយដេក។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានដាក់ចេញទិសដៅអនុវត្តការងារបន្ថែម ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តជំរុញយន្តការទទួលខុសត្រូវ ដឹកនាំ ត្រួតពិនិត្យ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានសកម្មភាពផុសផុលបន្ថែមទៀត។ ជាពិសេស បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងរៀបចំវេទិកាសាធារណៈ នៅតាមសហគមន៍ភូមិ ឃុំ និងអង្គភាពនានា។ បន្ថែមពីនេះ គ្រប់ឃុំ សង្កាត់ត្រូវពង្រឹង និងជំរុញសកម្មភាពក្រុមប្រជាការពារឱ្យចូលរួមរក្សាការពារសន្តិសុខ សុវត្ថិភាពតាមសហគមន៍។ ជំរុញសកម្មភាពក្រុមប្រឹក្សាប្រឡងប្រណាំង ធ្វើការត្រួតពិនិត្យវាយតម្លៃ ចំពោះឃុំ សង្កាត់ និងបុគ្គលដែលមានស្នាដៃ ដើម្បីលើកសរសើរជូនរង្វាន់ឱ្យសមស្របផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


