Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់មន្ត្រីទទួលបន្ទុកតាមព្រំដែន បន្តយកចិត្តទុកដាក់ពិនិត្យថែទាំសុខភាពពលរដ្ឋគ្រប់ស្ថានភាព

បានផុស

នៅ

ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីទទួលបន្ទុកតាមព្រំដែន បន្តយកចិត្តទុកដាក់ពិនិត្យថែទាំសុខភាពពលរដ្ឋនៅគ្រប់ស្ថានភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងពីស្ថានភាពនៅព្រំដែន ដោយបានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវខិតខំបន្តសកម្មភាពឱ្យកាន់តែល្អប្រសើរឱ្យគ្រប់ស្ថានភាព បង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ជាពិសេសនៅតាមបណ្តាខេត្តព្រំដែន និងបន្តយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ ក្នុងការពិនិត្យថែទាំសុខភាពប្រជាពលរដ្ឋនៅគ្រប់ស្ថានភាព។

ទន្ទឹមនឹងនេះដែរ លោកបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត មន្ទីរពេទ្យជាតិ និងក្រុមគ្រូពេទ្យ ដែលបានខិតខំក្នុងស្មារតីទទួលខុសត្រូវ មោះមុត ជាគំរូល្អ ក្នុងការចូលរួមបម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែន។

លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន និងខេត្តសៀមរាប ព្រមទាំងមន្ទីរសុខាភិបាលខេត្តដែលចូលរួមជួយគាំទ្រដល់ខេត្តកំពុងមមាញឹក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងកងទ័ពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងស្ថានភាពជួបការលំបាកនេះ។ លោកបានរម្លឹកថា «ក្នុងស្មារតីស្នេហាជាតិ យើងទាំងអស់គ្នាត្រូវបន្តប្រឹងប្រែង និងសាមគ្គីគ្នា បំពេញការងារឱ្យកាន់តែខ្លាំងឡើងៗ»។

លើសពីនេះ លោកបានណែនាំដល់មជ្ឈមណ្ឌលជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពសាធារណៈ ដោយត្រូវយកចិត្តទុកដាក់បង្កើនការផលិត ជំងឺឆ្លង ដូចជាជំងឺគ្រុនឈាម និងការពុលចំណីអាហារ និងផ្សព្វផ្សាយសារអប់រំសុខភាពតាមគ្រប់មធ្យោបាយឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ជាពិសេត្រូវយកចិត្តទុកដាក់បន្ថែមលើបញ្ហាសុខភាពសាធារណៈដូចជា អាហារូបត្ថម្ភកុមារ កម្មវិធីចាក់ថ្នាំបង្ការ សុខភាពបរិស្ថាន ដោយត្រូវសហការគ្នាជាមួយផ្នែកពាក់ព័ន្ធឱ្យបានជិតស្និត នៅគ្រប់ស្ថានភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម