Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំថ្នាក់ដឹកនាំក្រសួងពង្រឹងកិច្ចសហការគ្នា និងបន្តសកម្មភាពគាំទ្រដល់ថ្នាក់រៀនបណ្ដោះអាសន្ន

បានផុស

នៅ

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំថ្នាក់ដឹកនាំក្រសួងអប់រំ បន្តពង្រឹងកិច្ចសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបាននូវនិរន្តរភាពនៃការងារ ជាពិសេសត្រូវបន្តសកម្មភាពគាំទ្រដល់ថ្នាក់រៀនបណ្ដោះអាសន្ន ក៏ដូចជាផ្តល់ការលើកទឹកចិត្ត និងគាំទ្រផ្នែកបច្ចេកទេស និងធនធានដល់បុគ្គលិកអប់រំ និងលោកគ្រូអ្នកគ្រូដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដូច្នេះ ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងស្តីពីការកែសម្រួល ការកំណត់ និងការបែងចែកភារកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបន្តយកចិត្តទុកដាក់នេះ គឺដើម្បីធានាបានថាទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ក្រសួងនឹងនៅបន្តគាំទ្រពីក្រោយជានិច្ច ក្នុងគោលដៅឱ្យកុមារ និងយុវជនគ្រប់រូបមិនត្រូវបានបោះបង់ចោល ឬបង្អាក់ការសិក្សាឡើយ ពោលគឺត្រូវតែទទួលបាននូវសេវាអប់រំដែលមានគុណភាព សមធម៌ និងបរិយាបន្ន។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីឱ្យមានជំនាញឯកទេសពិតប្រាកដ ដែលអាចធានាបាននូវសមត្ថភាពពេញលេញក្នុងការដឹកនាំ និងគ្រប់គ្រងរាល់កិច្ចការងារសំខាន់ៗរបស់ក្រសួងប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈខ្ពស់។ លោកបានសង្កត់ធ្ន់ថា «នេះគឺជាកត្តាអាទិភាពឈានទៅរកការពង្រឹងសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំ និងមានភាពម្ចាស់ការក្នុងការសម្រេចបាននូវគោលដៅកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរស្របតាមស្តង់ដាតំបន់ និងសកលលោក»។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ការរៀបចំយន្តការការងារឡើងវិញនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពិនិត្យលទ្ធភាពកែសម្រួលការកំណត់ និងការបែងចែកភារកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សំដៅជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារឆ្លើយតបនឹងបច្ចុប្បន្នភាពរចនាសម្ព័ន្ធថ្មីរបស់ក្រសួង បន្ទាប់ពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធភារកិច្ចនិងការទទួលខុសត្រូវចប់សព្វគ្រប់នាពេលកន្លងមក ដើម្បីចៀសវាងការជាន់ភារកិច្ចគ្នា និងបង្កើនភាពរលូនក្នុងការបំពេញភារកិច្ចការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម