Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ គាំទ្រការប្ដេជ្ញាចិត្តរបស់គយ ចំពោះការរឹតបន្ដឹងការនាំចូលសាច់បង្កកខុសច្បាប់

បានផុស

នៅ

ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រចំពោះការប្ដេជ្ញាចិត្ត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការរឹតបន្ដឹងការនាំចូល សាច់បង្កកខុសច្បាប់ចូលមកកម្ពុជា។

អ្នកស្រី គឹម សុភី ពលរដ្ឋរស់នៅម្ដុំផ្សារទួលសង្កែ បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា អ្នកស្រី គាំទ្រយ៉ាងពេញទំហឹង ចំពោះការប្ដេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានគយ ដែលថា នឹងរឹតបន្ដឹងការនាំចូលសាច់បង្កកចូលមកកម្ពុជា ដោយខុសច្បាប់។
អ្នកស្រី បន្ថែមថា អ្នកស្រី មិនបានដឹងច្បាស់ពីសាច់បង្កកខុសច្បាប់ នាំចូលមានចំនួនប៉ុន្មាននោះទេ។ ប៉ុន្តែឃើញសារព័ត៌មាន ចុះផ្សាយពីសាច់បង្កកជាច្រើនករណី ទើបអ្នកស្រី បានស្វែងយល់ពីផលប៉ះពាល់ដល់សុខភាព ដែលអាចកើតមានជំងឺផ្សេងៗ តាមរយៈការបរិភោគសាច់បង្កកគ្មានគុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី គឹម សុភី ក៏បានសំណូមពរដល់នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ចំពោះសាច់បង្កកខុសច្បាប់ និងគ្មានគុណភាព ដើម្បីសុខភាពប្រជាពលរដ្ឋ ហើយប្រសិនបើអាចកាត់បន្ថយការនាំចូល ប្រភេទសាច់បង្កកនេះកាន់តែល្អប្រសើរ ដើម្បីឱ្យកសិករចិញ្ចឹមសត្វក្នុងស្រុក អាចផលិតសាច់ផ្គត់ផ្គង់ទីផ្សារ ហើយលក់ក្នុងតម្លៃសមរម្យ ផងដែរ។

ចំណែក កញ្ញា ហ៊ឹម សុគន់ ពលរដ្ឋរស់នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងដូចគ្នាដែរថា កញ្ញា សប្បាយចិត្តនៅពេលឃើញ អគ្គនាយកដ្ឋានគយ បានប្ដេជ្ញាចិត្តរឹតបន្ដឹងសាច់បង្កក ខុសច្បាប់ចូលមកកម្ពុជា។
កញ្ញា បន្តទៀតថា កន្លងមក កញ្ញា និងបងប្អូន ចូលចិត្តនាំគ្នាទៅញ៉ាំអាហារប៊ូហ្វេ នៅតាមហាង និងភោជនីយដ្ឋាននានា ដែលភាគច្រើនសុទ្ធតែប្រភេទសាច់ ដោយមិនដឹងថា ជាសាច់បង្កក ឬក៏ជាប្រភេទសាច់ស្រស់ នោះឡើយ។ ការណ៍នេះ កញ្ញា ហ៊ឹម សុគន់ បានស្នើឱ្យស្ថាប័នជំនាញ និងភាគីពាក់ព័ន្ធផ្សេងទៀត ជួយត្រួតពិនិត្យសាច់នាំចូល និងនៅតាមហាងអាហារមួយចំនួនទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ នៅពេលទិញសាច់ប្រភេទនេះមកចម្អិន សម្រាប់បរិភោគប្រចាំថ្ងៃ។

សូមជម្រាបជូនថា កាលពីពេលថ្មីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ស្ថាប័នរបស់ខ្លួន នឹងរឹតបន្តឹងការនាំចូលសាច់បង្កកគ្រប់ប្រភេទ ដោយតម្រូវឱ្យក្រុមហ៊ុននាំចូលមានលិខិតអនុញ្ញាតចេញពីក្រសួងកសិកម្ម រួមនឹងកំណត់លក្ខខណ្ឌចាំបាច់មួយចំនួនផ្សេងទៀត។ បើអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមវិធានការនេះ នឹងដាក់ឱ្យអនុវត្តចាប់ពីដើមខែមករា ឆ្នាំ ២០២៤ តទៅ៕
អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម