Connect with us

ព័ត៌មានជាតិ

កសិករធ្វើស្រូវរដូវប្រាំងលើកទី២ឆ្នាំនេះ អាចនឹងខ្វះទឹកប្រើប្រាស់ និងខាតបង់ថវិកា

បានផុស

នៅ

រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសជូនដំណឹងដល់ប្រជាកសិករពីការផ្អាកការងារបង្កបង្កើន​ផលស្រូវ​នៅរដូវ​ប្រាំង​លើកទី២ ដើម្បីជៀសវាងការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ នឹងអាចខាតបង់ថវិកា ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រកាសចុះថ្ងៃទី ០៣ មករា ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយម​ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ២០២៤នេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែក​តាមការចុះពិនិត្យជាក់ស្តែងកន្លងមករបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករបានកើនរហូតដល់ជាង ៤ម៉ឺន៦ពាន់ហិកតា លើសផែនការប្រើប្រាស់ទឹកជាង ២ម៉ឺន៦ពាន់ហិកតា។

ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំដល់ប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើន​ផលស្រូវ រដូវប្រាំងឆ្នាំ ២០២៤នេះ ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែ​ឧសភា ឆ្នាំ២០២៤ ខាងមុខ។ ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាច​ស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។

បើតាមរដ្ឋដបាលខេត្ត ក្នុងករណីប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ អាជ្ញាធរ​មិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។

ជាងនេះទៀត ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀតនោះ នឹងអាចជួបប្រទះ​ការខ្វះ​ទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់ប្រជាកសិករថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម