Connect with us

ព័ត៌មានជាតិ

កសិករគំរូស្រុកសូទ្រនិគម ថា ច្នៃការ៉ុងស៊ីម៉ងត៍ដែលគេបោះចោល ឲ្យក្លាយជាថង់ដាំដុះដ៏មានប្រយោជន៍

បានផុស

នៅ

កសិករគំរូក្នុងសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហាញគំនិតច្នៃប្រឌិតខ្ពស់ ដោយការយកសំបកការ៉ុងស៊ីម៉ងត៍មកប្រើប្រាស់ជំនួសផើងសម្រាប់ដាំដុះដំណាំបន្លែ ដែលវិធីសាស្ត្រនេះមិនត្រឹមតែផ្ដល់ភាពងាយស្រួលក្នុងការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបរិស្ថានផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុច សាន់ ជាកសិករគំរូក្នុងសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ បានឲ្យដឹងថា ការសម្រេចយកការ៉ុងស៊ីម៉ងត៍មកធ្វើជាផើងដាំដំណាំ បានផ្ដល់ភាពងាយស្រួលក្នុងការដាំដុះ , ការផ្លាស់ទី និងមិនរើសទីតាំងដីដាំដុះ ជាពិសេសជៀសវាងការយកសំបកការ៉ុងទៅដុតចោល ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។

លោកថា ការដាំដុះដំណាំក្នុងការ៉ុងនេះ អាចដាំបានគ្រប់ប្រភេទបន្លែ មានដូចជា បន្លែស្លឹក បន្លែម៉ើម និងបន្លែផ្លែ ហើយវាក៏ទទួលបានទិន្នផលល្អដូចដាំដុះលើដីផ្ទាល់ ជាពិសេសកសិករងាយស្រួលក្នុងការជម្រះយកស្មៅចេញ។

កសិករគំរូរូបនេះ បានឲ្យដឹងទៀតថា បើដាំលើផ្ទាល់ដីវាធ្វើឲ្យស្មៅ ឬរុក្ខជាតិផ្សេងៗ ស្រូបយកជីវជាតិពីបន្លែ ប៉ុន្តែការដាំក្នុងការ៉ុង ពួកគាត់អាចគ្រប់គ្រងជីបានល្អ ព្រោះមិនមានរុក្ខជាតិផ្សេងៗ បឺតយកជីជាតិក្នុងការ៉ុងបានទេ ខណៈនៅរដូវវស្សាមានភ្លៀងច្រើន អាចមានទឹកជន់លិច នោះកសិករក៏អាចចល័តការ៉ុងដំណាំ ដើម្បីជៀសពីការជន់លិចធ្វើឲ្យរលួយដំណាំបានយ៉ាងងាយស្រួល។

គួរជម្រាបថា លោក ឡុច សាន់ រស់នៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាកសិករគំរូមួយរូប ដែលបានជ្រើសរើសយកការដាំបន្លែចម្រុះ និងការចិញ្ចឹមសត្វ មិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏អាចយកទៅលក់លើទីផ្សារ ដោយក្នុងមួយខែ លោកអាចរកចំណូលបានពី ៤០ ម៉ឺនរៀល ទៅ ៥០ ម៉ឺនរៀល ផងដែរ៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម