Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីង​គោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូត​មិនបាន

បានផុស

នៅ

ទឹកតាម​ដងស្ទឹងសង្កែនៅផ្នែកខាងក្រោមទំនប់ស្ទាក់ទឹកសាលាតាអនចាប់ផ្តើមរីងគោកបណ្តើរៗ បានបង្កឲ្យប្រជាពលរដ្ឋរស់នៅដែនបឹងទន្លេសាប ប្រឈមនិងការដឹកជញ្ជូន ប្រហុក ផ្អក និងម្ហូបអាហារផ្សេងៗតាមផ្លូវទឹកដែលធ្វើឲ្យពួកគាត់មានក្តីកង្វល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ។

ការរីងគោកនេះចាប់ពីចំណុចស្ពានប្រហុក នៅផ្នែកខាងក្រោមក្បែរទំបន់ស្ទាក់ទឹកសាលាតាអនស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុក​ឯកភ្នំ ដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចដឹកជញ្ជូន ប្រហុក ផ្អក ឬ ម្ហូបអាហារផ្សេងៗចូលទីផ្សារបាន ប្រឈមនិងសេដ្ឋកិច្ចគ្រួសារ ដែលក្នុងនោះប្រជាពលរដ្ឋរស់នៅ ភូមិព្រែកទល់ ភូមិបាក់ព្រា និង ភូមិព្រែកត្រប់ជាដើម ដោយសារតែទឹកកណ្តាលស្ទឹងនៅជម្រៅត្រឹម.ក.ជើងប៉ុណ្ណោះ មិនអាចឲ្យកាណូតដំណើរការបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​បានឲ្យកម្ពុជាថ្មីដឹងដោយនាំគ្នាលើកឡើងថា “ចប់ហើយពួកខ្ញុំពេលនេះ ចង់ដឹកប្រហុកទៅដោះដូរ យកលុយក៏មិន​បានដែរ សង្ឃឹមលើផ្លូវគោកក៏មិនដល់គោលដៅដែរនៅឆ្ងាយណាស់។ វាប្រឈមបញ្ហា២សំខាន់ ទីមួយមិនអាចនាំត្រីសាច់ ដូចជា ប្រហុក ផ្អក មកទីផ្សារបាន ហើយបើត្រូវការមកទិញរបស់របរ ឬចំណីអាហារ ឬស្បៀងយកទៅបរិភោគក៏ពិបាក។ បើថ្នាក់ដឹកនាំខេត្តអត់បានគិតគួឲ្យបានគ្រប់ជ្រុងជ្រោយ ស្ទាក់ទឹកសម្រាប់តែកសិកម្ម តែបញ្ហាជីវភាពពួកខ្ញុំ ជាប្រជាពលរដ្ឋដែលអាស្រ័យលើផ្លូវទឹកអត់មានពិចារណាផង។ ម្យ៉ាងទៀតក៏ប៉ះពាល់ដំណើរកម្សាន្តរបស់ភ្ញៀវទៀតផង គឺខាតខ្លាំងណាស់ តែបើបានជាបិទទឹកហើយក៏បិទចុះ តែសុំឲ្យបើកទឹកសម្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់ដូចជាពួកខ្ញុំបានដឹងប្រហុកចូលទីផ្សារផង មិនចឹង​ទេពួកខ្ញុំពិបាករស់ណាស់ ពួកខ្ញុំសុំឲ្យថ្នាក់ដឹកនាំប្រទេសជួយពិនិត្យលើបញ្ហានេះផង កុំឲ្យពួកខ្ញុំបង្ខំចិត្តលះបង់មុខរបរក្នុងភូមិស្រុក ហើយរត់ទៅធ្វើចំណាកស្រុកទៅ​ប្រទេសគេ វាអាណិតប្រពន្ធនិង​កូនៗដែលកំពុងសិក្សា”។

ចំណែកម្ចាស់គណនីយហ្វេសប៊ុកម្នាក់ឈ្មោះ ស្វៃរី សត្ថា កាលពីថ្ងៃទី ១៧ ខែមករា បានបង្ហោះតាមបណ្តាញហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបថតប៉ុន្មានស្លឹកនិងមានសំណេរ​ថា “ក្រោមមេឃតែមួយ វាសនាខុសគ្នា ដល់ពេលវេទនាហើយ អាណិតណាស់ អ្នកក្រោមអើយ មិនដឹងរំពឹងអី”។

ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅផ្នែកខាងក្រោម ក្នុងភូមិទាំង ៣ ខាងលើ បានលើកឡើងប្រហាក់ប្រហែលគ្នាបន្ថែមទៀតថា “ការធ្វើទំនប់ស្ទាក់ទឹកសាលាតាអននេះ ដូចជាអត់អីសំខាន់ផង សម្រាប់ប្រជាពលរដ្ឋផ្នែកខាងក្រោមរស់នៅរាប់​មុឺន​នាក់ បើថាសម្រាប់ផ្គត់ផ្គង់ដំណាំស្រូវក៏មិនសមទៀត បើវានៅតែដដែលធម្មតាៗ។ ផ្ទុយទៅវិញ ដូចធ្វើឲ្យពួកខ្ញុំនិងប្រជាពលរដ្ខនៅផ្នែកខាងក្រោមផ្សេងទៀត រស់នៅដោយពិបាកទៅវិញ ប្រឈមនិងជីវភាព។ កាលពីមិនទាន់សាងសង់ទំនប់ ពួកខ្ញុំជាកសិករផងនិងជាអាជីវករផងរស់នៅមិនលំបាកដូចសព្វថ្ងៃចឹងផង។ សូម្បីតែផ្លូវទឹកក៏មិនព្រមបើកឲ្យសមល្មមនិងធ្វើដំណើរបានដោយកាណូត។ ពិតជាគិតមិនគ្រប់ជ្រុងមែនថ្នាក់ខេត្ត ពួកខ្ញុំចង់ឲ្យសម្តេចនាយករដ្ឋមន្ត្រីថ្មី និង សម្តេចតេជោ ជួយពិនិត្យលើមន្ត្រីពាក់ព័ន្ធថ្នាក់ខេត្តមួយនេះផង”។

ជាចុងក្រោយពលរដ្ឋ​បន្ត​ថា បើបានជាសាងសង់ទំនប់ហើយក៏សាងសង់ទៅចុះ តែសុំឲ្យមន្ត្រីជំនាញពិនិត្យលើបញ្ហា ប្រឈម​របស់ប្រជាពលរដ្ឋផង គ្រាន់តែបើទឹកសម្រាប់តែកាណូតពួកគាត់ដឹកទំនិញចូលទីផ្សារបាន វាគ្រប់គ្រាន់ហើយ ខណះពួកគាត់ថា ស្រូវប្រាំងរបស់ពួកគាត់ខ្លះកាន់តែប្រឈមជាងមិនទាន់សាងសង់ទំនប់ទៅទៀត។

ករណីនេះកម្ពុជាថ្មីបានទាក់ទង​មន្ទីរជំនាញ តើប្រជាពលរដ្ឋលើកឡើងបែបនេះយ៉ាងណាដែរ? តើអាចបើកទឹកខ្លះតាមតម្រូវការចាំបាច់ពួកគាត់ដែរទ?

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកមិនបាន​ឆ្លើយតបឡើយ។ បើទោះបីយ៉ាងណា អាជ្ញាធរមូលដ្ឋានទទួល​ស្គាល់​ថា ការលើកឡើងរបស់ប្រជាពលរដ្ឋពិតជាត្រឹមត្រូវ។ យ៉ាងណាមិញ ប្រជាពលរដ្ឋបានសំណូមពរដល់ថ្នាក់ដឹកនាំ​ខេត្ត​ពិនិត្យលើភាពជាក់ស្តែង រាល់ក្តីកង្វល់ដែលពួកគាត់លើក​ឡើងដែល​កំពុងប្រឈម ដើម្បីជួយរកដំណោះស្រាយសមស្របណាមួយដល់ពួកគាត់ផង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម