Connect with us

ព័ត៌មានជាតិ

សាលាបឋមសិក្សាព្រៃស្ពឺ ដឹកនាំកុមារតូចៗ ឱ្យធ្វើសមាធិ មុនពេលចូលរៀន

បានផុស

នៅ

សាលាបឋមសិក្សាព្រៃស្ពឺ ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាក់ចេញនូវកម្មវិធីមួយដោយដឹកនាំកុមារតូចៗ ឱ្យធ្វើសមាធិ រយៈពេល៥នាទី ជារៀងរាល់ថ្ងៃ មុនពេលសិស្សានុសិស្សទាំងនោះនាំគ្នាចូលរៀនក្នុងថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី ចេង ស្រីស្រស់ គ្រូបង្រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាព្រៃស្ពឺ បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រី បានបម្រើការងារជាគ្រូបង្រៀន នៅក្នុងសាលាបឋមសិក្សាព្រៃស្ពឺនេះ អស់រយៈពេល៥ឆ្នាំមកហើយ ក្នុងនាមជាគ្រូបន្ទុកថ្នាក់ទី១ នៅសាលានេះផ្ទាល់ អ្នកស្រី ក៏ដូចជា លោកគ្រូ​ អ្នកគ្រូ បន្ទុកថ្នាក់ផ្សេងៗ ទៀត ក៏បានដឹកនាំកូនសិស្ស ពិសេសកុមារតូចៗ នាំគ្នាធ្វើសមាធិ ជារៀងរាល់ថ្ងៃ មុនពេលដែលពួកគេនាំគ្នាចូលរៀនក្នុងថ្នាក់។

អ្នកស្រី ចេង ស្រីស្រស់ បន្ថែមទៀតថា ជារៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ ក្នុងសាលាបឋមសិក្សាព្រៃស្ពឺ ទាំងមូល គណៈគ្រប់គ្រងសាលា និងគ្រូបន្ទុកថ្នាក់ទាំងអស់ បានដឹកនាំកូនសិស្ស ពិសេសកុមារតូចៗ ឱ្យនាំគ្នាធ្វើសមាធិ បន្ទាប់ពីពេលដែលសិស្សានុសិស្សទាំងអស់ គោរពទង់ជាតិ រួចមក ដែលនេះជាសកម្មភាពដែលសាលាបឋមសិក្សាព្រៃស្ពឺ តែងតែបានធ្វើមុនម៉ោងបង្រៀន រយៈពេល ៥នាទី។

អ្នកស្រី ចេង ស្រីស្រស់ បញ្ជាក់ទៀតថា ទោះបីការធ្វើសមាធិនេះ ពុំមានក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដោយ ប៉ុន្តែសាលាបឋមសិក្សាព្រៃស្ពឺនៅតែព្យាយាម ដឹកនាំកូនសិស្សទាំងអស់ ឱ្យនាំគ្នាធ្វើសមាធិ ដោយសារតែ គណៈគ្រប់គ្រងសាលាយល់ឃើញថា ការធ្វើសមាធិ មិនសំដៅតែចំពោះមនុស្សពេញវ័យ និង មនុស្សចាស់ នោះឡើយ។ ផ្ទុយទៅវិញ ការដែលកុមារតូចៗ បានធ្វើសមាធិ នាំឱ្យពួកគេ អាចគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួនឯងបាន ធ្វើឱ្យកុមារមានភាពក្លាហាន មិនភ័យខ្លាចច្រើន ក្រៅពីនេះ ការធ្វើសមាធិ ជួយឱ្យកុមារទាំងអស់នេះ ចេះពន្លត់នូវភ្លើងកំហឹងក្នុងចិត្តរបស់ពួកគេបានគ្រប់ៗគ្នា ផងដែរ។

សូមជម្រាបថា សាលាបឋមសិក្សាព្រៃស្ពឺ គឺជាសាលារដ្ឋមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស​ សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម