ព័ត៌មានជាតិ
ពលរដ្ឋឃុំជីផាត ជាង ៤០០ គ្រួសារ ស្នើសុំវាស់វែងធ្វើប្លង់កម្មសិទ្ធិ ខណៈរស់នៅអាស្រ័យតាំងពី ឆ្នាំ ១៩៨០
ក្រុមប្រជាពលរដ្ឋប្រមាណជាង ៤០០ គ្រួសារ រស់នៅក្នុងឃុំជីផាត ស្រុកថ្មបាំង បានស្នើសុំលោកស្រីអភិបាលខេត្តកោះកុង និងមន្ទីរជំនាញ ចុះពិនិត្យចេញបណ្ណកម្មសិទ្ធិកាន់កាប់ ខណៈពួកគាត់រស់នៅអាស្រ័យតាំងតែពីឆ្នាំ ១៩៨០។

អ្នកស្រី អ៊ូ សុខា និងលោក អ៊ុំ ព្រីង ជាពលរដ្ឋរស់នៅក្នុងឃុំជីផាត បានអះអាង កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ យ៉ាងដូច្នេះថា ពួកគាត់រស់នៅក្នុងមូលដ្ឋាននេះតាំងពីដូនតាមកម្ល៉េះ ដោយឆ្លងកាត់រឿងរ៉ាវជាច្រើនរវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រហូតដល់មានក្រុមយុវជនស្ម័គ្រចិត្តវាស់វែងរបស់ សម្តេចតេជោ ចុះមកកំណត់ព្រំដី អំឡុងឆ្នាំ ២០១២ ឬ ២០១៣។
បើតាមក្រុមតំណាងពលរដ្ឋដដែលបន្ថែមថា អំឡុងឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យកាត់ឆ្វៀលដីដែលពួកគាត់រុករានធ្វើស្រែចម្ការមកឲ្យ។ ដូច្នេះពួកគាត់សុំស្នើដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋដោយក្តីអនុគ្រោះ។

ក្រុមតំណាងពលរដ្ឋដដែលបន្ថែមទៀតថា បច្ចុប្បន្ន ក្រុមខិលខូចមួយចំនួនតូច បានបំផុសបំភ្លៃព័ត៌មានចោទប្រកាន់ថា លោក ម៉ឹង សុភា មេឃុំជីផាត មានដីរាប់សិបហិតាលក់យកលុយធ្វើវិឡាដ៏ស្កឹមស្កៃ។ បញ្ហានេះ ក៏ត្រូវបានពលរដ្ឋរួមគ្នា អះអាងថា លោកមេឃុំជាមនុស្សល្អ ទើបពួកគាត់បោះឆ្នោតឲ្យធ្វើមេឃុំ។ ក្នុងនោះ គ្រាដែលប្រជាពលរដ្ឋមានទុក្ខលំបាក គឺមេឃុំតែងចេញមុខដោះស្រាយគ្រប់បែបយ៉ាង។ ដូច្នេះពួកគាត់បដិសេធការចុះផ្សាយព័ត៌មានបំភ្លៃការពិតទាំងនោះ។
ដោយឡែក លោក ម៉ឹង សុភា មេឃុំជីផាត ក៏បានចេញមុខបដិសេធទាំងស្រុងរាល់ព័ត៌មាន រាល់ការផ្សព្វផ្សាយ ឬ បង្ហោះចោទប្រកាន់មកលើរូបលោក ដែលបង្កចលាចល និងសន្តិសុខសង្គមផងដែរ។ លោកមេឃុំជីផាត បញ្ជាក់ថា លោកពិតជាមិនមានដីរាប់ហិតា ចាប់ពីស្ទឹងឆាយរមាស ដល់ស្ទឹងឆាយខ្ពស់ លក់ឲ្យប្រជាពលរដ្ឋតាមខេត្តសៀមរាប កំពង់ចាម និងខេត្តដទៃទៀតឡើយ។ នេះជារឿងមិនពិតប្រាកដ ដោយលោកស្នើដល់ស្ថាប័នសារព័ត៌មានដែលផ្សាយ សូមមានការបំភ្លឺជាសាធារណៈឡើងវិញ។

លោកមេឃុំជីផាត ក៏បានគូសបញ្ជាក់ដែរថា បើលោកមានដីនៅទីនោះ គឺមានតែ ២ ឬ ៣ ហិតា ប៉ុណ្ណោះ ដោយការលក់ទិញបន្តពីអតីតមេឃុំ និងប្រជាពលរដ្ឋដែលអាស្រ័យតាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ។ ចំពោះភូមិសាស្ត្រដីទំនាស់មិនស្ថិតនៅក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល សោះឡើយ ពោលគឺជាក់ស្ដែងនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ដោយមានការរស់នៅអាស្រ័យផលកសិកម្មជាក់ស្ដែង។
កាន់តែច្បាស់ពីបញ្ហានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានពន្យល់ប្រាប់អ្នកសារព័ត៌មានថា សព្វថ្ងៃទីតាំងដីទំនាស់ខាងលើ ស្ថិតនៅភូមិសាស្ត្រស្រុកស្រែអំបិល ប៉ុន្តែពលរដ្ឋឃុំជីផាត ជាអ្នករស់នៅធ្វើស្រែចម្ការពិតប្រាកដមែន។

យោងតាមការបញ្ជាក់របស់ លោក សុខ សុទ្ធី អ្នកនាំពាក្យខេត្តកោះកុង បានចង្អុលបង្ហាញថា កន្លងទៅ មានក្រុមជនខិលខូចមួយចំនួនតូច បានឃុបឃិតគ្នាលួចធ្វើប្លង់គោលខុសច្បាប់ទាក់ទងប្រជាពលរដ្ឋក្រៅខេត្តមកទិញលក់ដីឯកជន និងដីរដ្ឋ នៅចំណុចខាងលើ។ លុះក្រោយមក ក្រុមជនខិលខូច គ្មានដីជាក់ស្ដែងលក់ឲ្យគេ ដោយបានយកលុយពលរដ្ឋក្រៅខេត្តអស់ហើយ ក៏បង្កើតជាព័ត៌មានមួយចំនួនចេតនាអាក្រក់បំភ្លៃការពិតធ្វើឲ្យមហាជនយល់ច្រឡំ។
លោកអភិបាលរងខេត្ត ក៏បានអះអាងថា នាថ្ងៃទី ១២ ខែមីនា ខាងមុខនេះ នឹងមានការប្រជុំកំណត់ព្រំប្រទល់ដីទំនាស់ឲ្យបានច្បាស់ជូនពលរដ្ឋ និងអាចចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិបានហើយ។ ដីទំនាស់ស្ថិតក្នុងភូមិសាស្ត្រខាងលើ មានប្រជាពលរដ្ឋប្រមាណ ៤០០ គ្រួសារ ហើយពួកគាត់សុទ្ធតែជាពលរដ្ឋរស់នៅឃុំជីផាតថ្មបាំង ពិតមែន ហើយថែមទាំងមានសាលក្ខប័ត្របញ្ជាក់លេខ ០០១ របស់យុវជនស្ម័គ្រចិត្ត សម្តេចតេជោ វាស់វែងជូនអំឡុងឆ្នាំ ២០១៣៕
អត្ថបទ ៖ សិរិវឌ្ឍនៈ







-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


