ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងកសិកម្មលើកបញ្ហា និងដំណោះស្រាយគ្រាប់ស្វាយចន្ទីធ្លាក់តម្លៃ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានលើកឡើងពី បញ្ហា និងដំណោះស្រាយអំពីការធ្លាកក់ចុះនូវតម្លៃគ្រាប់ស្វាយចន្ទី ដោយលោកបញ្ជាក់ថា បើថ្លៃគ្រាប់ស្វាយចន្ទី ៤៥០០៛/គីឡូ ពិតជាអាចផ្តល់ប្រាក់ចំណេញសមរម្យបានមែន ចុះហេតុអ្វីបានជាកសិករខ្លះចាប់ផ្តើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛?

លោក ឃឹម ហ្វីណង់បានឱ្យដឹងថា ហេតុផលអាចមានច្រើន តែយើងអាចសាកល្បងវិភាគលើចំណុចមួយចំនួនទាំងអស់គ្នា និងលើកជាដំណោះស្រាយខ្លះៗ សម្រាប់ទុកជូនពុកម៉ែបងប្អូនអ្នកដាំស្វាយចន្ទីយកទៅរិះគិតពិចារណា ដូចខាងក្រោម៖
ទី១ កសិករអ្នកដាំស្វាយចន្ទីមួយចំនួន ពិតជាអាចប្រឈមមុខនឹងការខាតបង់ពិតមែន ជាពិសេសកសិករដែលមានដីតូចៗ និងដាំជាលក្ខណៈគ្រួសារ។ ភាគច្រើនពួកគាត់នៅខ្សោយខាងផ្នែកបច្ចេកទេស ចំណាយថ្លៃដើមខ្ពស់ ទទួលបានទិន្នផលទាប និងមានការខ្វះខាតទុន ដែលបង្ខំឱ្យពួកគាត់ព្រមទទួលកម្ចីទិញធាតុចូលដែលមានការប្រាក់ខ្ពស់។ បើបូកផ្សំកត្តាទាំងអស់នេះចូលគ្នា ប្រាកដណាស់ដែលថាពួកគាត់ពិតជាកំពុងស្ថិតនៅកៀកនឹង«បន្ទាត់-ចំណេញខាត» សម្រាប់ថ្លៃ៤៥០០៛/គីឡូនេះ។

មន្ត្រីអ្នកនាំពាក្យកសិកម្មរូបនេះ បញ្ជាក់ថា ការវិភាគសេដ្ឋកិច្ចនៅក្នុងតារាងខាងលើ គឺជាទិន្នន័យដែលយោងតាមការសិក្សាយ៉ាងសុក្រឹត មិនតិចជាង១០ករណីផ្សេងៗគ្នានោះទេ តែការសិក្សាទាំងនោះសុទ្ធតែផ្អែកលើផលិតកម្មស្វាយចន្ទីដែលធ្វើឡើងក្រោមទម្រង់ជាសហគមន៍ និងអ្នកមានចម្ការធំៗ មានបច្ចេកត្រឹមត្រូវ ប្រើប្រាស់ពូជសុទ្ធល្អ(M23) ចំណាយថែទាំស្តង់ដាជាប្រចាំ និងទទួលបានទិន្នផលខ្ពស់។
បើតាមលោក ឃឹម ហ្វីណង់ កត្តាថ្លៃតែមួយមុខពុំទាន់អាចធានាប្រាក់ចំណេញដល់កសិករបាននៅឡើយ ហើយនៅមានកត្តាគុណភាពនៃគ្រាប់ស្វាយចន្ទីមួយទៀត ដែលធ្វើឱ្យអ្នកដាំជាលក្ខណៈគ្រួសារ លក់មិនសូវបានថ្លៃ ដូចអ្នកដាំស្តង់ដានោះទេ។

ការធ្លាក់ចុះនៃថ្លៃស្វាយចន្ទីពិតជាបានប៉ះពាល់ដល់ទឹកចិត្ត និងការរំពឹងទុករបស់កសិករតូចៗ។ កសិករប្រភេទនេះអាចជួបការលំបាកមុនគេ និងងាយរងសម្ពាធខ្លាំងជាងគេ ហើយក៏មិនមានលទ្ធភាពយកគ្រាប់ស្វាយចន្ទីទៅសម្ងួតទុកដើម្បីរង់ចាំថ្លៃល្អមកវិញដែរ ព្រោះពួកគាត់គ្មានទុនបង្វិលនោះទេ។
តាមបទពិសោធនៃឆ្នាំកន្លងមក ថ្លៃអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ផុតខែឧសភា បន្ទាប់មកវានឹងហក់ឡើងល្អជាធម្មតាវិញផងដែរ។ នេះគឺជាកត្តាជះឥទ្ធិពលពីខាងក្រៅ និងតែងកំណត់ដោយទីផ្សារអន្តរជាតិ មិនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាឡើយ។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ជម្រើសល្អបំផុតមួយ សម្រាប់កសិករដែលទន់ខ្សោយ និងអ្នកដែលដឹងខ្លួនថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាប គឺការពិចារណារួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ដើម្បីការពារពួកគាត់ពីហានិភ័យទាំងនេះ។
សហគមន៍កសិកម្មទំនើបនឹងធ្វើឱ្យកសិករតូចៗ អាចមានសមត្ថភាពប្រកួតប្រជែង និងទទួលបានប្រាក់ចំណេញល្អ ដូចម្ចាស់ចម្ការធំៗបាន ព្រមទាំងអាចជួយដោះស្រាយនូវរាល់បញ្ហាដែលបានលើកឡើងខាងលើ ដោយសារកត្តាមួយចំនួន ដូចជា៖
• ការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ
• ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយ ដែលធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប
• ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និងផែនការអាជីកម្មរឹងមាំ
• ការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និងក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់
• ការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ក្រោមគោលការណ៍«សហគមន៍ជោគវាសនាតែមួយ»ដ៏រឹងមាំ។
ជាមួយគ្នានោះ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ និងស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប អាចទំនាក់ទំនងផ្ទាល់ជាមួយរូបលោក ឬទៅកាន់ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


