ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញអាជ្ញាធរមូលដ្ឋានដោះស្រាយការចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋានដែលនៅសល់ក្នុងខេត្តសៀមរាប
លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន រួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ ក្នុងការចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋាន។ លោកបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនោះ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ពីវឌ្ឍនៈភាព លើការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តសៀមរាប និងបានបញ្ជាក់ពីទិន្នន័យដីធ្លីប៉ះពាល់បុរាណដ្ឋានទូទាំងខេត្តមានចំនួន ១៩ពាន់ក្បាលដី។ លោកថា ក្នុងក្រុងសៀមរាប ដែលមន្ទីរទទួលបានទិន្នន័យបុរាណដ្ឋានពីអាជ្ញាធរជាតិអប្សរា ចំនួន៣២៦ ទីតាំងបុរាណដ្ឋាន ក្នុងសង្កាត់ទាំង១២។ ក្នុងនោះបុរាណដ្ឋាន ៤៥ទីតាំងស្ថិតក្នុងតំបន់២ និងតំបន់៣ នៃអាជ្ញាធរបឹងទន្លេសាប ដែលបច្ចុប្បន្នកំពុងវាស់វែងប្រមូលទិន្នន័យ និង ២៨១ទីតាំងទៀត ស្ថិតក្នុងតំបន់អនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួច មានប្រជាពលរដ្ឋកាន់កាប់ជាន់លើបុរាណដ្ឋានចំនួន ៥ពាន់ ៦៧០ក្បាលដី។
លោក លី សំរិទ្ធ អភិបាលរងខេត្ត បានលើកឡើងថា ការបង្កើតក្រុមការងារសិក្សា ពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធ បុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាការបង្កើតយន្តការសម្រាប់ដោះស្រាយបញ្ហាដែលនៅសេសសល់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលពាក់ព័ន្ធទៅនឹងដីធ្លីបុរាណដ្ឋាន។ លោកថា កិច្ចប្រជុំនេះ និងកំណត់បាននូលក្ខណៈ វិនិច្ឆ័យមួយដ៏សុក្រឹត្យ សម្រាប់ដោះស្រាយ បញ្ហាពុះបំបែករាល់បញ្ហាប្រឈមទាំងឡាយដែលនៅសេសសល់កន្លងមក ត្រូវធ្វើឱ្យបានចប់សព្វគ្រប់នៅតាមក្រុង ស្រុក ជាសំខាន់នៅក្រុងសៀមរាប។ ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានធ្វើការគាំទ្រ និងត្រៀមគ្រប់លក្ខណៈក្នុងកិច្ចសហប្រតិបត្តិការ ដើមី្បដោះស្រាយរាល់បញ្ហាទាំងនេះ។

ចំណែក លោក សរ សុវណ្ណ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពលរដ្ឋដែលមានផលប៉ះពាល់បុរាណដ្ឋានចំនួន ៥ពាន់ ៦៧០ក្បាលដី នៅក្រុងសៀមរាប។ ដូច្នេះកិច្ចប្រជុំនេះ ធ្វើឡើងដើមី្បរិះរកនូវដំណោះស្រាយ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត នៅទូទាំងខេត្តសៀមរាប ដីដែលប៉ះពាល់បុរាណដ្ឋានមានចំនួន ១៩ពាន់ក្បាលដី នៅក្នុងតំបន់វិនិច្ឆ័យ។ លើសពីនេះ លោកបានសូមឱ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាធ្វើ ដើមី្បដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន។
លោកបានបន្តថា យុទ្ធនាការនេះ សំដៅក្នុងការចុះបញ្ជីដីបញ្ចប់, សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទ ដោយដីនៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវរួមគ្នាបញ្ចប់ការចុះបញ្ជីឱ្យអស់។ លោកថា រាល់សកម្មភាពការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ជាលទ្ធផលបានចំនួន ៧លាន ៣សែនក្បាលដី ដោយមានការចូលរួមគ្រប់បណ្តារាជធានី-ខេត្ត។ ដោយឡែក ខេត្តសៀមរាប ការចុះបញ្ជីដីធ្លីបានប្រមាណ ៣០ម៉ឺនក្បាលដី។ យោងតាមការប៉ាន់ប្រមាណនៅទូទាំងប្រទេស ការមិនទាន់បានចុះបញ្ជីមានប្រមាណ ៥លានក្បាលដី។

បន្ថែមពីនេះ លោកក៏បានជម្រុញដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ រួមកិច្ចសហការគ្នាធ្វើការជម្រះនូវរាល់បញ្ហាសេសសល់ និងជម្រុញការអនុវត្តនូវផែនការថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីបញ្ចប់ សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទ ឱ្យបានរួចរាល់នៅឆ្នាំ២០២៥។ លោកបានឱ្យដឹងថា ខេត្តសៀមរាប នៅសេសសល់ក្បាលដីមិនទាន់ចុះបញ្ជីដីធ្លី ប្រមាណ ៥សែនក្បាលដី ដោយអនុវត្តនៅដីផ្នែកខាងលើ និងដីផ្នែកខាងក្រោម ក្នុងតំបន់៣ តំបន់២ បឹងទន្លេសាប។ លោក សរ សុវណ្ណ បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនេះ គឺសេវាគាប់ចិត្ត សេវាចុះបញ្ជីដីធ្លីប្រកបដោយតម្លាភាព ធ្វើឱ្យអ្នកទទួលសេវាមានការជឿទុកចិត្ត សេវាសុវត្ថិភាព។
ម៉្យាងទៀត លោកសូមឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ជឿជាក់លើការដឹងនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងការចុះបញ្ជីដីធ្លីបញ្ចប់នូវរាល់វិវាទ។ លោកថា ការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ជាយន្តការមួយដ៏មានសារ:សំខាន់ សម្រាប់សង្គម និងប្រជាពលរដ្ឋ និងជាលទ្ធផលនយោបាយឈ្នះឈ្នះ នៃសម័យប្រទេសកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ប្រកបដោយបរិយាប័ន្ន និងសមធម៌ សន្តិភាព អនុញ្ញាតឱ្យមានកាលានុវត្តភាព ក្នុងនូវការកាត់បន្ថយវិវាទ ដើម្បីការអភិវឌ្ឍសង្គមជាតិ៕

អត្ថបទ៖ គឿន វេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


