ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ កម្ពុជា តែងតែចូលរួមជាអ្នកគាំទ្រយ៉ាងសកម្ម ក្នុងដំណើរការកសាងសហគមន៍អាស៊ាន
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ព្រះរាជាណាចក្រកម្ពុជា តែងតែចូលរួមជាអ្នកគាំទ្រយ៉ាងសកម្ម ក្នុងដំណើរការកសាងសហគមន៍អាស៊ាន សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម-វប្បធម៌។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រកាសចូលរួមអបអរសាទរខួបលើកទី ២៥ នៃការបញ្ចូលព្រះរាជាណាចក្រកម្ពុជា ជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន (ASEAN) នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នេះ។
នាឱកាស នៃការប្រកាសចូលរួមអបអរសាទរនេះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកទី ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន(ASEAN)។ ការចូលជាសមាជិកអាស៊ានរបស់ កម្ពុជា បានធ្វើឲ្យសមាគមប្រជាជាតិមួយនេះ ក្លាយជាអង្គការតំបន់ដែលប្រមូលផ្ដុំប្រទេសទាំងអស់ នៃតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា រយៈពេល ២៥ ឆ្នាំ នៃដំណើររួមគ្នា ក្នុងសហគមន៍ជោគវាសនាតែមួយ អាស៊ាន និង កម្ពុជា បានបង្កើតសមិទ្ធផលជាច្រើនសម្រាប់ប្រជាជាតិទាំងអស់គ្នា។
ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា «ព្រះរាជាណាចក្រកម្ពុជា តែងតែចូលរួមជាអ្នកគាំទ្រយ៉ាងសកម្ម ក្នុងដំណើរការកសាងសហគមន៍អាស៊ាន សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម-វប្បធម៌ ស្របតាមស្មារតីជឿជាក់ សាមគ្គីភាព រួបរួមគ្នា ក្នុងការកសាងសហគមន៍អាស៊ានមួយប្រកបដោយ សន្តិភាព វឌ្ឍនភាព វិបុលភាព និងបរិយាប័ន្ន»។

គួរជម្រាបថា កាលពី ២៥ ឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រី។ ឆ្នាំនេះ មានរយៈពេល ២៥ ឆ្នាំហើយ គិតចាប់តាំងពី កម្ពុជា បានក្លាយជាសមាជិកទី ១០ ជាផ្លូវការរបស់អាស៊ាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩។
ចាប់តាំងពីចូលជាសមាជិកអាស៊ាន នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ កម្ពុជា បានបោះជំហានដ៏គួរឲ្យស្ញប់ស្ញែងឆ្ពោះទៅកាន់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់។ ទោះបីជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏ កម្ពុជា ទទួលបានជោគជ័យក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរយៈពេលពីរឆ្នាំជាប់ៗ គ្នា ខណៈដែលសម្រេចបានសមិទ្ធផលសំខាន់ៗ គួរឲ្យកត់សម្គាល់មួយចំនួន ក្នុងការអភិវឌ្ឍផ្នែកសង្គម អប់រំ និងវប្បធម៌៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


