Connect with us

ព័ត៌មានជាតិ

លោក សួស យ៉ារ៉ា៖ ក្នុង​សន្និបាតអាយប៉ាមានប្រទេស​​តែ​មួយ​ទេ​ដែលស្រែក​ថាយក​ច្បាប់​អន្តរជាតិ​តែ​យក​ដៃ​លាក់​ខាង​ក្រោយខ្នង​

បានផុស

នៅ

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាលោក សួស យ៉ារ៉ា បាន​លើក​ឡើង​ថា​ក្នុង​វេទិកាអន្តរសភា​អាស៊ានប្រតិភូថៃ​បាន​រារាំង​ការចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ដែល​បញ្ជាក់​ថា «រាល់​ទំនាស់​ទាំង​ឡាយ​ត្រូវ​ដោះស្រាយ​ដោយ​ច្បាប់​អន្តរជាតិនិង​រៀបចំ​ជួយ​ដល់​ជន​ភៀស​សឹកនៅ​តាម​ព្រំដែន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្នីសិទសារព័ត៌មាន​នៅ​យប់​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ លោក សួស យ៉ារ៉ា បាន​លើក​ឡើង​ថាថ្វី​ត្បិត​តែបាន​រារាំង​លើ​ចំណុច​នេះ​តែ​ថៃ​មិន​អាច​រារាំង​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​អាយប៉ា​ដែល​លើ​ក​ឡើង​ចំនួន​៣​ដោយ​កម្ពុជា​នោះទេ។

លោក​ថា៖ «ចំណុច​នេះ​គេ​តវ៉ា​បាន​តែ​ប៉ុន​ហ្នឹង​ទេ! តែ​អ្វីដែល​ជា​សេចក្ដី​សម្រេច​ព្រៀងធំៗ ដែល​កម្ពុជា​បាន​ស្នើ​ដែល​ខ្ញុំ​បាន​បញ្ជាក់​អំបាញ់​មិញ​គឺ​យើង​បាន​ឯក​ភាព​ជា​ឯកច្ឆ័ន ហើយ​គ្មាន​អ្នក​ណា​រំខានបាន​ទេ»។

សេចក្ដីព្រាង​សេចក្ដី​សម្រេច​ដែល​កម្ពុជាបាន​ស្នើ​មាន​ ១. សេចក្ដីព្រាង​ស្ដីពី​ការ​ជំរុញ​គំនិត​ផ្ដួច​ផ្ដើម​សន្ដិភាព ដើម្បី​មនុស្ស​ជាតិ និង​ភព​ផែន​ដី ២. សេចក្ដីព្រាង​ស្ដីពី​ការ​បង្កើត​វេទិកាថ្នាក់​ដឹក​នាំ​អាយ​ប៉ា និងទី៣. សេចក្ដីព្រាង​ស្ដីពីការ​បង្កើត​ភាព​ជា​ដៃ​គួអាយប៉ា។

មហាសន្និបាត​អន្តរសភាអាស៊ាន​លើក​ទី​៤៦ បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​គូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១​ ខែ​កញ្ញា ឆ្នាំ២០២៥។ ក្នុង​ពិធី​បើក​មហាសន្និបាត​នេះ​ សម្ដេច​ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ថ្លែង​សន្ទុរកថាដ៏​មាន​ឥទ្ធិពលមួយ​ អំពាវ​នាវ​កុំ​ប្រើ​ «ច្បាប់​ព្រៃ និង​អនុវត្ត​ច្បាប់​អាជ្ញាសឹក» នៅ​ក្រៅដែន​ដី​របស់​ខ្លួន​ ដែល​ជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យ​ និង​បូរណភាព​ដែន​ដី​របស់​ប្រទេស​ដទៃ។

លោក​ សួស យ៉ារ៉ា បាន​បញ្ជាក់​ថាសារ​របស់​សម្ដេច​ប្រធាន​សភា​នោះ​បាន​បង្កើត​ជា​សំណួរ​ដល់​អង្គ​មហាសន្និបាត​ដែល​សួរ​ថា តើ​យើង​ជ្រើស​រើស​ច្បាប់​ព្រៃ ឬ​ច្បាប់​អន្តរជាតិ?

លោក​បន្ថែម​ថា៖ «គ្រប់​ប្រទេស​ទាំង​អស់​លើក​ដៃ​៩៩%​គឺ​គេ​យកច្បាប់​អន្តរជាតិ​ មាន​តែ​មួយ​ទេ​ដែលស្រែក​ថាយក​ច្បាប់​អន្តរជាតិ​ដែរ​តែ​យក​ដៃ​លាក់​ខាង​ក្រោយ​»។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​កម្ពុជាថ្មី​ដែល​សួរ​ថា​ តើ​អាយប៉ា ឬអាស៊ាន​អាច​ប្រើឥទ្ធិពល​បែប​ណា​ដើម្បី​ឱ្យ​ថៃ​ដែល​ជា​សមាជិក​មួយ​ផងដែរ​នោះ​គោរព​ច្បាប់? លោក​ សួស​ យ៉ារ៉ា​ បាន​ឆ្លើយ​ថា​គោល​ដៅ​ឆ្នាំ​២០៤៥​របស់​អាស៊ាន​គឺ​ជាឥទ្ធិពលដែល​នឹង​ធ្វើ​ឱ្យសមាជិក​អាស៊ាន​ធ្វើ​សកម្មភាព។

លោក​ថា៖ «អ៊ីចឹង​ម្នាក់​ៗរត់​ទៅ២០៤៥​ទាំង​អស់​គ្នា អ៊ីចឹង​បើ​មាន​ម្នាក់​ ពីរ​នាក់​ខូច​តើ​២០៤៥​ហ្នឹង​មក​ឬអត់​? ចឹង​ពេល​ដែល​អត់​គឹនឹង​ដាក់​ការ​សង្ស័យ​ថា​អ្នក​ណា​ជា​អ្នក​នាំ​ខូច​ហើយ​។ អ៊ីចឹ​ងគេ​នឹង​ដាក់​សម្ពាធ​លើ​អ្នក​ហ្នឹង​ហើយ​ សម្ពាធ​នយោបាយ​ សម្ពាធ​ការទូត​មិន​អាច​ឱ្យទ្រាំ​បាន​ទេ បូក​នឹង​ក្ដី​សង្ឃឹម​២០៤៥​មិន​អាច​ទៅ​រួច​ទេ​គេ​នឹង​ទៅ​រក​សម្ពាធសេដ្ឋកិច្ច មិន​ចាំ​បាច់​អ្នក​ណា​ដាក់​ទណ្ឌកម្ម​ទេ! គឺ​អាស៊ាន​ខ្លួន​ឯង​ដាក់​ទណ្ឌកម្ម​តែ​ម្ដង»។

អាស៊ាន​មាន​គោលដៅ​ឆ្នាំ​២០៤៥ គឺជា​សមាគមប្រជាជាតិ​ដែល​មាន​វិបុលភាព និង​ការ​អភិវឌ្ឍ ដែល​បាន​រៀបចំ​យ៉ាង​លំអិតដើម្បី​ឱ្យ​សម្រេច​នូវគោលដៅមួយ​នេះ។

ក្នុង​សន្ទុរកថាសម្ដេច​ប្រធានសភា​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា​ សម្ដេច​បាន​ព្រមាន​ថា​បើ​អាស៊ាន​មិន​បាន​បញ្ឈប់​បញ្ហា​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ពី​ប្រទេស​ថៃ​បាន​នោះ​ទេ វា​នឹង​ក្លាយ​ជា​ចំណុច​ក្ដៅ​មួយ​ទៀត​របស់​ពិភព​លោក ហើយ​អាស៊ាន​នឹង​មិន​អាច​សម្រេច​គោល​ដៅ​របស់​ខ្លួន​នោះទេ។

សម្ដេចថា៖ «ខ្ញុំសូមគូសបញ្ជាក់ថាសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានជាស្នូលនិងកាតាលីករសម្រាប់ការរស់រានរបស់យើង»

នៅចំពោះមុខតំណាងប្រតិភូសភាថៃដែលមានវត្តមាននៅមហាសន្និបាតនោះសម្ដេចសភាធិបតី ក៏បានថ្លែងចំៗថា ជាប្រទេសមួយមិនត្រូវយកបញ្ហាផ្ទៃក្នុងមកទម្លាក់លើប្រទេសជិតខាងឡើយជៀសវាងការយកសេដ្ឋកិច្ចធ្វើជាអាវុធ សូមមានការគោរពច្បាប់អន្តរជាតិ និងតុលាការអន្តរជាតិផង។

ថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា មុននឹងឈានដល់បទឈប់បាញ់មួយនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ក្រោយបទឈប់បាញ់នេះភាគីទាំងពីរបានសម្រេចបានកិច្ចព្រមព្រៀងមួយដែលមាន១៣ចំណុចនៅថ្ងៃទី ៧ ខែសីហា តែក្រោយពីនោះមកថៃបានបន្តបំពាន​ជាបន្តបន្ទាប់ដោយរួមទាំងការបន្តឃុំខ្លួនទាហានខ្មែរ និងរាយលួសបន្លាព័ទ្ធយកដីខ្មែរជាពិសេសនៅឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ និងបានព្យាយាមប្រើប្រាស់ច្បាប់ព្រៃរបស់ខ្លួនបំពានយកដីខ្មែរជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម