Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ» បានធ្វើឱ្យប្រសើរឡើងបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម និងរុញកំណើនសេដ្ឋកិច្ច

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធផលថ្មីមួយ ដែលបានធ្វើឱ្យប្រសើរឡើងបរិយាកាសធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការស្នើសុំតែមួយលើករួមគ្នា តាមទម្រង់អេឡិចត្រូនិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧​ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលតភ្ជាប់ទៅកាន់បញ្ជរតែមួយអាស៊ាន គឺដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងការសម្រួលនីតិវិធីការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានាពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលកន្លងមក ពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួងស្ថាប័នមានសមត្ថកិច្ចផ្សេងៗគ្នាជាច្រើនលើក មកជាការស្នើសុំតែមួយលើករួមគ្នា តាមទម្រង់អេឡិចត្រូនិក។

សម្ដេចធិបតី បានបញ្ជាក់ថា ប្រព័ន្ធនេះ រួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកទៅលើក្រដាស ទៅជាការមិនប្រើក្រដាស។ ក្នុង ន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថល​សម្រាប់ធុរកិច្ច ធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធផលតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតទាំងក្នុងតំបន់ និងសកលលោក។

សម្ដេចនាយករដ្ឋមន្ត្រី រំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយ នឹងក្លាយទៅជាគំរូជោគជ័យមួយទៀតនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលបានជម្នះរាល់ការលំបាកទាំងឡាយក្នុងដំណើរការសម្របសម្រួលស្ថាប័នផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម