Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ការគិតគូរលើអនាគតរបស់ជាតិ មិនពឹងផ្អែកលើតួនាទី ឬ ឋានៈនោះទេ តែជាកាតព្វកិច្ចកូនខ្មែរគ្រប់ៗ រូប»

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លើក​ឡើង​ថា «ការ​គិតគូរ​លើ​អនាគត​របស់​ជាតិ មិន​ពឹង​ផ្អែក​លើ​តួនាទី ឬ ឋានៈ​នោះ​ទេ តែ​ជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ រូប»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ជ្រើសរើស​កន្លែង​បំពេញ​ការងារ​របស់​សិស្ស​មន្ត្រី​ជាន់​ខ្ពស់​ជំនាន់​ទី ១២ និង​សិស្ស​ក្រមការ​ជំនាន់​ទី ១០ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​រសៀល​ថ្ងៃ​ទី ៩ ខែ​ឧសភា ឆ្នាំ ២០២៤។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​បន្ត​ថា ថ្ងៃនេះ ឯកឧត្ដម ហាក់​មាន​អារម្មណ៍​រំភើប ព្រោះ​ថា នេះ​ជា​លើក​ទី ១ ដែល ឯកឧត្ដម បាន​ឃើញ និង​ចូលរួម​ដោយ​ផ្ទាល់ ក្នុង​ពេល​ដែល​សិស្ស​មន្ត្រី​ជាន់ខ្ពស់ និង​សិស្ស​មន្ត្រី​ក្រមការ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើសរើស​កន្លែង​បំពេញ​ការងារ​របស់​ខ្លួន។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ទៀត​ថា មិន​ថា សិស្ស​មន្ត្រី​ជាន់ខ្ពស់ និង​សិស្ស​មន្ត្រី​ក្រមការ នឹង​ទៅ​បម្រើ​ក្នុង​ស្ថាប័ន​ណា​ក៏ដោយ ពួកគាត់​គឺជា​ផ្នែក​មួយ នៃ​រាជរដ្ឋាភិបាល ដែល​រួម​ការងារ​ជាមួយគ្នា​ក្នុង​ជវភាព នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បន្ថែម​ថា ក្នុង​ន័យ​នេះ សូម សិស្ស​មន្ត្រី​ជាន់ខ្ពស់ និង​សិស្ស​មន្ត្រី​ក្រមការ ផ្សារភ្ជាប់​មាគ៌ា​ជីវិត​របស់​ខ្លួន ជាមួយ​ជោគវាសនា​របស់​ប្រទេសជាតិ ដើម្បី​បម្រើ​ប្រទេសជាតិ ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ប្រកប​ដោយ​សមត្ថភាព វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ មាន​ចរិត​បុគ្គលិក​លក្ខណៈ​ល្អ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

គួរ​ជម្រាប​ថា សាលា​ភូមិន្ទ​រដ្ឋបាល បាន​បណ្ដុះបណ្ដាល​សិស្ស​មន្ត្រី​ជាន់​ខ្ពស់​ជំនាន់​ទី ១២ ចំនួន ៩២ នាក់ ដោយ​ធ្វើការ​បែងចែក​ជា ៣ ជំនាញ គឺ ជំនាញ​រដ្ឋបាល​សាធារណៈ ជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​រយៈពេល ២ ឆ្នាំ។

ទន្ទឹម​នេះ សាលា ក៏បាន​បណ្ដុះបណ្ដាល​សិស្ស​មន្ត្រី​ក្រមការ​ជំនាន់​ទី ១០ ចំនួន ១១៥ នាក់ ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​រយៈពេល ១ ឆ្នាំ។ ការ​បណ្ដុះបណ្ដាល​ទាំង ២ នេះ មាន​រួមបញ្ចូល​ដោយ​ការ​ចុះ​ធ្វើ​កម្មសិក្សា ការ​សរសេរ​របាយការណ៍ និង​ការ​ការពារ​របាយការណ៍។

កាលពី​ម្សិលមិញ ទាំង​សិស្ស​មន្ត្រី​ជាន់ខ្ពស់ និង​សិស្ស​មន្ត្រី​ក្រមការ ដែល​បាន​បញ្ចប់​ការ​បណ្ដុះ​បណ្ដាល​ដូច​បាន​រៀបរាប់​ខាងលើ បាន​ជ្រើសរើស​ទីកន្លែង​បំពេញ​ការងារ​របស់​ខ្លួន​ម្តង​ម្នាក់ៗ ដោយ​ផ្ទាល់ ចំពោះ​មុខ ឯកឧត្ដម ហ៊ុន ម៉ានី តាម​លំដាប់​ពិន្ទុ​របស់​ខ្លួន និង​តាម​ចំនួន​ក្របខណ្ឌ​ដែល​បាន​កំណត់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម