ព័ត៌មានជាតិ
សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង និងជំនាញទន់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់វិនិយោគិនអាមេរិក ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)។

សម្ដេចធិបតី ថ្លែងបែបនេះ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចបានអនុញ្ញាតឱ្យលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពការងាររបស់ក្រុមហ៊ុនលោក តាមរយៈការបណ្តុះបណ្តាលលើជំនាញភាពជាអ្នកដឹកនាំនៅតាមបណ្តាប្រទេសនានា លើពិភពលោក។
លោកបណ្ឌិត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះ គឺជាលើកទី ១របស់លោក ហើយការអញ្ជើញមកនេះមានគោលបំណងក្នុងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ (Soft Skills) ដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ (Leadership) ដោយលោកបណ្ឌិត បានផ្តល់វគ្គបណ្តុះបណ្តាលជូននិស្សិតកម្ពុជាជាង ២ ០០០នាក់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៤។ ទន្ទឹមនោះ លោកបណ្ឌិត បានគោរពជម្រាបពីបំណងក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតពិសេសលើការកសាងជំនាញភាពជាអ្នកដឹកនាំ ហើយលោកបណ្ឌិត ក៏បានបង្ហាញពីបំណងពង្រីកកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ នាអនាគតកាល។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនរបស់លោកបណ្ឌិត ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតកម្ពុជា ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ សម្តេចធិបតី គូសបញ្ជាក់ ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ សម្តេចធិបតី បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺផ្តោតលើការបង្កើនគុណភាពសិក្សាអប់រំ និងការបង្កើនជំនាញបច្ចេកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញទន់ដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ដោយសម្តេចធិបតី បានសង្កត់ធ្ងន់ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និង ជំនាញទន់(Soft Skills)។

សម្តេចធិបតី បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញទន់ ជាពិសេសភាពជាអ្នកដឹកនាំនេះ គឺពិតជាមានសារៈសំខាន់ និងជាតម្រូវការរបស់អង្គភាព និងស្ថាប័នទាំងវិស័យសាធារណៈ និងឯកជន ព្រោះថាដើម្បីអាចប្រែក្លាយទៅជាអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយនឹងការលើកទឹកចិត្ត និងការប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯងជាមុនសិន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


