Connect with us

ព័ត៌មានជាតិ

ទេសចរថយចុះ ខណៈ​សត្វស្លាបគ្រប់ប្រភេទនៅតំបន់​រ៉ាមសារ​បឹង​ទន្លេ​សាប កើនឡើងខ្ពស់

បានផុស

នៅ

ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​ដើមឆ្នាំ២០២៤នេះ នៅ​តំបន់​បឹង​ទន្លេសាប​ ដែល​ជា​តំបន់​គោលដៅ​អេកូ​ទេសចរណ៍​របស់​ខេត្ត​បាត់ដំបង ​បាន​ប្រឈមបញ្ហាលំបាកការធ្វើ​ដំណើរ ខណៈ​​ភ្ញៀវ​ទេសចរជាតិនិងអន្តរជាតិ​ខកចិត្ត​មិន​បាន​ទស្សនា​ហ្វូង​​សត្វ​ស្លាប ដែល​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំមុន​ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសវ័យ​កណ្តាល​ម្នាក់ ​ជា​អ្នក​បើកបរ​ទូក​កាណូត​ម៉ាស៊ីន​ជា​​យូរ​ឆ្នាំ​ម លោក ហួន សុខ បាន​ឲ្យដឹង​ថា លោក​ជា​អ្នក​ដឹក​ភ្ញៀវ​តាម​ទូក​ម៉ា​ស៊ីនពី​ក្រុង​សៀមរាបមក​ភូមិ​ព្រែកទាល់រាល់ថ្ងៃ​ ខណៈ​នៅ​រដូវ​កាល​នេះទាំង​ភ្ញៀវ​ក្នុង​ និង​ក្រៅ​ស្រុក​ ប្រសិន​មាន​បំណង​ចង់​ធ្វើដំណើរ​ទៅ​ទស្សនា​ហ្វូង​សត្វ​នៅ​​តំបន់​រ៉ាមសារ​នៃ​បឹង​ទន្លេ​សាប​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង គឺ​មិន​អាច​ធ្វើដំណើរ​តាម​ខេត្ត​បាត់ដំបង​បាន​ទេ ដោយ​សារតែ​ទឹករាក់ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​គោក​មកដល់​ខេត្ត​សៀមរាប ទើប​បន្ត​ដំណើរ​តាម​ផ្លូវទឹក​ទៅ​ទស្សនា​ហ្វូង​សត្វ និងគោល​ដៅ​ផ្សេង​ៗ​នៅ​តំបន់​ព្រែកទាល់​បាន។

លោកបញ្ជាក់​ថា «បច្ចុប្បន្ន​មិនសូវ​មាន​ភ្ញៀវ​ដឹក​នោះ​ទេ ដោយ​សារតែ​​​ជួបផល​​លំបាក​ក្នុង​ការធ្វើដំណើរ​មិន​ ដោយ​សារ​ទឹក​គោករាក់ ធ្វើ​ឱ្យ​ទូកកាណូត មិន​អាច​ទៅ​រួច​ទើប​ធ្វើ​ឲ្យ​​ចំនួន​ភ្ញៀវ​បាន​ថយចុះបែបនេះ»។

លោកបន្ត​ថា ​ភ្ញៀវ​ទេសចរ​ជាច្រើន​ខកចិត្ត ព្រោះ​មិន​បាន​ទស្សនា​ហ្វូង​​សត្វដែល​​កំពុង​តែ​​មាន​កំណើន​ច្រើន​គ្រប់ប្រភេទ។

លោក​ថា «កុំថា​តែ​ភ្ញៀវ សូម្បី​តែ​ខ្ញុំ​ជា​អ្នកដឹក​ភ្ញៀវក៏​ចង់​ទស្សនា​ដែរ ព្រោះ​ហ្វូងសត្វ​គ្រប់ប្រភេទ​មាន​ច្រើន​ជាង​ឆ្នាំមុន វា​តែងតែ​ហោះ​ហើរ​បន្លាស់​ទី​តាំង​ញឹកញាប់ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​ស្វែង​រក​ចំណី មើល​ទៅវាហាក់​ដូចជា​ហ្វូង​សត្វ​ប្រចៀវ​ហោះ​ហើរចេញពីរូងអ៊ីចឹងដែរ»​។

តំបន់​រ៉ាមសារ ”ព្រែកទាល់” គឺ​ជា​តំបន់​ដី​សើម (ទឹកសាប) ដ៏​សំខាន់​នៃ​ចំណុច​បឹង​​ទន្លេសាប​ ស្ថិត​ក្នុង​ខេត្តបាត់ដំបង។ តំបន់​រ៉ាមសារ​ព្រែក​ទាល់ក៏ជា​ជម្រក​ពង​កូន សត្វស្លាប​ធំជាងគេ​បំផុត​នៅក្នុងតំបន់ និង​ជា​ទីកន្លែង​សុវត្ថិភាព និង​ជា​ជម្រក​សម្រាប់​ពពួក​ប្រភេទ​សត្វស្លាប​ដែល​ទទួល​រងនូវ​ការ​គំរាមកំហែង​នៅ​លើ​ពិភពលោក​​ចំនួន ៦​ ប្រភេទ​ ក្នុង​នោះ​មាន​ដូចជា សត្វ​ស្មោញ ត្រដក់​តូច សត្វ​ពពូល​ទឹក ត្រយង​ខ្លួន​ស រនាល​ពណ៌ និង អក​ត្រី​ក្បាលប្រផេះ ហើយ​សត្វ​ត្រដក់​ធំដែល​គេ​ចាត់​ទុក​ថា​ជា​សត្វ​មួយ​ធំ​ជាង​គេ​ទី​ពីរ​នៅ​លើ​ពិភព​លោកក៏​មក​ពង​កូន​នៅ​តំបន់​នេះ​ដែរ។

មន្ត្រី​អភិរក្ស​សត្វ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើភ្ញៀវ​ចង់​ធ្វើដំណើរ​ទៅ​កាន់​តំបន់​នោះ គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្លូវទឹក ដោយ​ទូក​ស្មាច់ ឬ​កាណូត។ តែ​នៅ​ក្នុង​រដូវប្រាំង ភ្ញៀវ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ទៅ​កាន់​ខេត្ត​សៀមរាប រួច​បន្ត​ដំណើរ​តាម​ទូកស្មាច់ ឬ​កាណូត ពី​ផែកាណូត​ទេសចរណ៍​ចុងឃ្នាស​ភ្នំ​ក្រោម​របស់​ខេត្ត​សៀមរាប ដោយ​ចំណាយ​ពេល​ត្រឹមតែជាង​មួយ​ម៉ោង​ប៉ុណ្ណោះ បើ​ធៀប​នឹង​ការ​ធ្វើ​ដំណើរ​ចេញពីក្រុងបាត់ដំបង ប្រើរយៈ​ពេលពីចន្លោះ ៤ ទៅ ៥ម៉ោង​ទើប​ដល់​តំបន់នោះ»។

​ប្រធាន​មន្ទីរ​បរិស្ថាន លោក កត បូរ៉ាន មាន​ប្រសាសន៍ថា ដោយ​សារ​បម្រែបម្រួល​អាកាសធាតុ បាន​ធ្វើឱ្យ​សត្វ​ស្លាប​ទឹក​ជា​ច្រើន​ប្រភេទ​បាន​ធ្វើ​បន្លាស់​ទី​មក​រស់​នៅ​តំបន់​រ៉ាមសារ​ព្រែក​ទាល់ នៃ​ឃុំកោះ​ជីវាំង ស្រុក​ឯកភ្នំ ដោយ​សារ​កត្តា​ខ្វះ​ចំណី​។

លោក​បានអះអាង​ថា មក​ដល់​ពេល​នេះ​កំណើន​សត្វស្លាប​បាន​កើន​ច្រើន​ឡើង​ជារៀងរាល់​ឆ្នាំ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ​ទន្ទឹម​នឹង​ការ​កើន​ឡើង​នៃ​សត្វស្លាប​ទាំងនេះ​លោក​ថា មន្ទីរ​ក៏​មាន​វិធានការ​ក្នុង​ការ​ទប់​ស្ទាក់​ទឹក​ក្នុង​តំបន់​សត្វ​ស្លាប​រស់​នៅ​ដើម្បី​រក្សាត្រី និង​កុំឱ្យទឹកក្នុងតំបន់​នោះ​គោករាក់ ឬ​ខះរីង ដែល​ប៉ះពាល់​ដល់​ចំណីសត្វ។ ទៀត​សោត​ មន្ទីរ ក៏​មានវិធាន​ការ​ត្រៀម​បង្ការ​ទុក​ជា​មុន ចំពោះ​ហានីភ័យ​កើត​ឡើង តាមរយៈ​ភ្លើងឆេះព្រៃផងដែរ។

លោក​បញ្ជាក់​ថា «កត្តា​ទឹក​បឹង​ទន្លេសាប​គោក​រាក់​ដោយ​រលក​កម្តៅ​ឆ្នាំនេះ មិនត្រឹម​ប៉ះពាល់​ដល់ការរស់​នៅ​របស់ហ្វូង​សត្វ​ប៉ុណ្ណោះទេ វា​អាច​ប៉ះពាល់​ដល់​កំណើនភ្ញៀវទេសចរ​មក​ទស្សនា​សត្វស្លាបផងដែរ»។

បើ​តាម​លោក ជួង សុភា នាយ​ខ័ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាន​ទទួល​ស្គាល់​ថា ឆ្នាំ​នេះ​ចំនួន​សត្វ​ស្លាប​គ្រប់ប្រភេទ​បានកើន​ឡើងគួឲ្យកត់សម្គាល់មែន ព្រោះ​តែខាង​មន្ត្រីជំនាញ​បានទប់ស្កាត់​បទល្មើស​បាន​ល្អ​ប្រសើរ​ក្នុងរយៈ​ពេលចុងក្រោយនេះ។

លោក​បន្តថា «​ក្នុងនោះ​យើង​បាន​ទទួល​ជំនួយ​ពី​អង្គការ​ជា​ដៃគូ​មួយ​ចំនួន​ ហើយ​ក៏បាន​ធ្វើទំនប់ច្រើន​ដែរដូច​ជា​ទំនប់​នៅចំណុច ព្រៃចាស់ ព្រែក​អង្ក្រង ហើយ​គោលដៅ​មួយចំនួន​ទៀត​ក៏ខាង​មន្ទីរ​បរិស្ថាន​បាន​ធ្វើ​ដែរ​ដើម្បី​ទប់ស្ទាក់ទឹក ហើយ​ទំនប់នេះ យើង​លើក​ត្រឹម​កម្ពស់ ១ ម៉ែត្រ​កន្លះ បើ​ខ្ពស់​ជាង​នេះ​វាប្រឈមការ​បាក់​ស្រុត ហើយ​ពេល​ដល់​រដូវ​សម្រកទឹក​នៅ​ក្នុង​ទំនប់សល់ត្រឹម ១ ម៉ែត្រ ក៏​ត្រីអាច​រស់​នៅបានដែរ»​។

លោកបន្ថែម​ថា ការខ្វះខាត​ទឹក​នៅដែន​អភិរក្ស​បឹង​ទន្លេសាប អាច​ប្រឈម​នឹង​កត្តា​សំខាន់ ​៣ រួមមាន ប៉ះ​ពាល់​ជីវិត​មច្ឆាជាតិ សត្វ​ស្លាប​ប្រឈម​ការ​ខ្វះ​ចំណី និង​ករណី​ភ្លើង​ឆេះព្រៃ មិន​អាច​​ទប់​ស្កាត់ បើ​ខ្វះ​ប្រភពទឹក។

លោក​បន្ត​ថា «​ដូចប៉ុន្មាន​ខែមុនធ្លាក់ភ្លៀង​នេះ បឹង​អភិរក្ស ១កន្លែងប្រឈម​នឹង​ភាពរីកស្ងួត បង្ក​ឲ្យត្រីងាប់​រាប់តោន​ហើយ​ក៏ត្រូវ​បាន​រដ្ឋបាល​សាលា​ស្រុក​ឯកភ្នំ ធ្វើការ​សង្គ្រោះ​ដោយ​បូមទឹក​ទម្លាក់បាន​ទាន់ពេលផងដែរ»​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៧ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ៖ អ្នកបញ្ឆេះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន គឺ អាមេរិក នេះឯង!

សន្តិសុខសង្គម២១ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម