ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ អំពាវនាវរោងចក្រសហគ្រាស ត្រៀមលក្ខណៈ និងធានាសុវត្ថិភាពដល់កម្មករក្នុងរដូវភ្លៀងធ្លាក់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវដល់រោងចក្រសហគ្រាសនានា ត្រៀមលក្ខណៈ និងធានាសុវត្ថិភាព ការពារសុខភាពជូនកម្មករ-និយោជិត ឱ្យបានល្អនៅក្នុងរដូវភ្លៀងធ្លាក់នេះ ដើម្បីធានាចង្វាក់ផលិតកម្មក្នុងរោងចក្រមាននិរន្តរភាព។

លោក កត្តា អ៊ន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ មិថុនា នេះថា ដើម្បីធានាចង្វាក់ផលិតកម្មជានិរន្តរ៍នារដូវវស្សានេះ និយោជកត្រូវយកចិត្តទុកដាក់ចំពោះកម្មករ-និយោជិតអំពីសុខភាព និងការធ្វើដំណើរ ក៏ដូចជាសុវត្ថិភាពការងារនៅកន្លែងការងារ និងយកចិត្តទុកដាក់ប្រព័ន្ធភ្លើង ប្រព័ន្ធសុវត្ថិភាពនានា កុំឱ្យមានឧបទ្ទវហេតុណាមួយកើតឡើងបង្កគ្រោះថ្នាក់ដល់កម្មករ-និយោជិត និងរោងចក្រ ក៏ដូចជាត្រៀមលក្ខណៈធានាសុវត្ថិភាពសម្ភារៈ ឧបករណ៍ និងទ្រព្យសម្បត្តិនានា ក្នុងករណីមានទឹកជំនន់ ព្រមទាំងសហការឱ្យបានទាន់ពេលវេលាជាមួយសមត្ថកិច្ច ដើម្បីបង្ការពេលមានគ្រោះទឹកជំនន់។
ជាមួយគ្នានេះ លោក កត្តា អ៊ន ក៏បានអំពាវនាវដល់កម្មករ-និយោជិត ត្រូវថែរក្សាសុខភាពឱ្យបានល្អនៅក្នុងរដូវភ្លៀងធ្លាក់នេះ ដើម្បីចៀសវាងនូវការឆ្លងជំងឺដង្កាត់នានាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ហើយពេលបើកបរត្រូវមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរ ក្នុងពេលមានភ្លៀង ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ផងដែរ។

លោក កត្តា អ៊ន បានបន្ថែមថា នៅពេលកម្មករ-និយោជិតទទួលបានសុខភាពល្អ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ក៏ដូចជាបង្កើនផលិតកម្មរោងចក្រសហគ្រាសឱ្យកាន់តែខ្ពស់បន្ថែមទៀតជួយលើកកម្ពស់ជីវភាពរស់នៅបានកាន់តែប្រសើរ។
គួរបញ្ជាក់ថា ជំងឺដែលតែងតែកើតឡើងនៅក្នុងរដូវភ្លៀងរួមមាន ជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក និងជំងឺអាសន្នរោគជាដើម។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដោយមានសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះ នឹងធ្វើឱ្យរាជធានី-ខេត្តភាគច្រើន នៃប្រទេសកម្ពុជា អាចមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥% ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ