ព័ត៌មានជាតិ
កម្ពុជាចូលរួមគាំទ្រលើសេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌចំពោះការស្រឡាញ់ភេទដូចគ្នា
រដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាមួយប្រទេសបារាំង គាំទ្រចំពោះសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្តីពី ការចូលរួមរបស់កម្ពុជាក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលចេញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។ សេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នាផ្តួចផ្តើមដោយលោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដោយបានស្នើសុំឱ្យកម្ពុជា ចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះ តាមរយៈកិច្ចជំនួបចំនួនពីរលើករវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Jean-Marc Berthon និងកិច្ចជំនួប ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំងលើសេចក្តីថ្លែងការណ៍រួមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាទាំងក្នុងប្រទេស និងលើសកលលោក។ ជាមួយគ្នានេះ ការចូលរួម គាំទ្រសេចក្តីថ្លែងការណ៍រួមនេះបានបង្ហាញថា កម្ពុជាគឺជាសង្គមមួយដែលមនុស្សគ្រប់រូបអាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអបអរសាទរចំពោះអ្នកស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេសកម្ពុជា និងថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែមានសេចក្តីមេត្តា ករុណា និងសន្តោសប្រណី ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងតែងតែរម្លឹកដាស់តឿនកុំឱ្យមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ ជាពិសេសបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពុំមានការដាក់ទោសទណ្ឌលើការស្រឡាញ់ភេទដូចគ្នាឡើយ៕

-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


