ព័ត៌មានជាតិ
ប្រមុខការទូតថៃ៖ ពលរដ្ឋកម្ពុជា អាចចូលទៅលេង និងស្នាក់នៅប្រទេសថៃរយៈពេល៦០ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ
រដ្ឋាភិបាលថៃ បានបង្កើតនូវវិធាន និងបទបញ្ញត្តិដែលអនុគ្រោះ និងសម្រួលឱ្យពលរដ្ឋខ្មែរធ្វើដំណើរចូលទៅកាន់ប្រទេសថៃ និងស្នាក់នៅ ដោយពុំចាំបាច់មានទិដ្ឋាការ រហូតដល់រយៈពេល៦០ថ្ងៃ ដែលកាលពីមុន មានរយៈពេលត្រឹមតែ៤០ថ្ងៃប៉ុណ្ណោះ។ នេះ គឺជាការអនុគ្រោះថ្មីរបស់រដ្ឋាភិបាលថៃ ដែលរដ្ឋមន្រ្តីការបរទេសថៃ លោក Maris SANGIAMPONGSA យកមកជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ។

បើតាមលោករដ្ឋមន្រ្តីការបរទេសថៃ ការផ្តល់អនុគ្រោះនេះ គឺជាការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា បានចូលរួមក្នុងវិស័យពាណិជ្ជកម្មនៅតាមព្រំដែន និងការធ្វើដំណើរកំសាន្តទេសចរណ៍ជាដើម។ រាជរដ្ឋាភិបាលថៃ ក៏បានជំរុញឱ្យវិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការជំរុញការវិនិយោគលើវិស័យសំខាន់ៗជាច្រើន។ លោក Maris SANGIAMPONGSA ថា រាជរដ្ឋាភិបាលថៃ មើលឃើញថា ទំហំទេសចរណ៍បរទេសចូលទៅទស្សនាប្រទេសថៃមានចំនួនច្រើន ដូច្នេះ ភ្ញៀវទេសចរបរទេសទាំងអស់នោះ ក៏អាចបន្តមកទស្សនាប្រទេសកម្ពុជាបានផងដែរ ដើម្បីរួមចំណែកទាំងអស់គ្នាក្នុងភាពរីកចម្រើននៃវិស័យទេសចរណ៍។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រទេសថៃដែលបានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ និងពលករកម្ពុជា បានទៅធ្វើការក្នុងប្រទេសថៃ ដោយបានបង្កើនរយៈពេលស្នាក់មិនចាំបាច់មានទិដ្ឋាការពីរយៈពេល៤០ថ្ងៃ ទៅ៦០ថ្ងៃនេះ។ សម្រាប់សម្តេចតេជោ ការបង្កភាពងាយស្រួលនេះ មិនត្រឹមតែបានអនុញ្ញាតឱ្យពលករកម្ពុជាមានចំណូលប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវជំនាញថែមទៀតផងដែរ ព្រមទាំងផ្ដល់ឱកាសឱ្យប្រជាជននៃប្រទេសទាំង២ មានទំនាក់ទំនងកាន់តែស៊ីជម្រៅទាំងវិស័យវិនិយោគ និងទេសចរណ៍។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងឱ្យដឹងថា ប្រទេសថៃ ជាគោលដៅមួយដែលពលរដ្ឋខ្មែរតែងតែទៅពិនិត្យសុខភាព ហើយសម្តេចសង្ឃឹមថា ភាពរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្ររបស់ថៃ អាចនឹងជួយសម្រួលដល់ប្រជាជនប្រទេសជិតខាង មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ដែលនឹងទៅស្វែងរកសេវាសុខាភិបាលនេះ។

មិនត្រឹមតែលើកឡើងពីបញ្ហានេះទេ រដ្ឋមន្រ្តីការបរទេសថៃ លោក Maris SANGIAMPONGSA ក៏បានលើកឡើងពីការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ ដែលគាំទ្រអនុញ្ញាតឱ្យបើកស្ថានអគ្គកុងស៊ុលនៅខេត្តសៀមរាប និងស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លាជម្រាបជូនសម្តេចតេជោ ផងដែរ។ លោករដ្ឋមន្រ្តីការបរទេសថៃសង្ឃឹមថា បន្ទាប់ពីបើកឱ្យដំណើរការ ស្ថានអគ្គកុងស៊ុលទាំង២នេះ នឹងជំរុញថែមទៀតដល់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេស ការវិនិយោគផ្សេងៗ។ លោកថែមទាំងបានលើកជាយោបល់ថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ អាចនឹងផ្ដល់កិត្តិយសចូលរួមក្នុងការបើកអគ្គកុងស៊ុលនៅប្រទេសទាំង២ ដើម្បីជានិម្មិតរូបបង្ហាញថា រាជរដ្ឋាភិបាលនៃប្រទេសទាំង២ ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១១ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


