Connect with us

ព័ត៌មានជាតិ

មន្ត្រីនាំពាក្យ៖ ការទាមទាររបស់ក្រសួងមហាផ្ទៃ ឱ្យសង់ត្រាល់ផ្ដល់ព័ត៌មានគណនីធនាគារ មិនមែនជាការគំរាមកំហែងឡើយ

បានផុស

នៅ

ការទាមទាររបស់ក្រសួងមហាផ្ទៃឱ្យអង្គការសង់ត្រាល់ ផ្ដល់ព័ត៌មានអំពីគណនីធនាគាររបស់អង្គការនេះមកកាន់ក្រសួងមហាផ្ទៃ គឺមិនមែនជាការគំរាមកំហែងឡើយ។ នេះជាការឆ្លើយតបរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ដោយលោក បញ្ជាក់ថា ផ្ទុយទៅវិញ នេះជាការអនុវត្តតាមនីតិវិធីដែលច្បាប់បានកំណត់ជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកបញ្ជាក់បែបនេះពីសំណាក់មន្ត្រីនាំពាក្យនៃក្រសួងមហាផ្ទៃ នាពេលនេះ បន្ទាប់ពីមានលើកឡើងនូវមតិមួយចំនួនថា ការដែលក្រសួងមហាផ្ទៃ តម្រូវឱ្យអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» ត្រូវផ្ដល់ព័ត៌មានអំពីគណនីធនាគាររបស់អង្គការនេះធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា គឺជាគំរាមកំហែង និងរំលោភបំពានទៅសិទ្ធិសេរីភាពរបស់អង្គការមិនមែនរដ្ឋាភិបាល។ ការលើកឡើងចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមុខមកច្រោនចោលភ្លាមៗ។  

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លិខិតរបស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយលោក ស សុខា មានចរិតទៅតាមច្បាប់ត្រឹមត្រូវ អត់មានជាការគំរាមកំហែងដល់តួអង្គ និងបុគ្គលណាទេ»។ តាមលោក ទូច សុខៈ កិច្ចការដែលក្រសួងមហាផ្ទៃធ្វើ គឺអនុវត្តស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលក្នុងនោះ ត្រង់មាត្រា ១០ នៃច្បាប់នេះ បានកំណត់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបានបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុងប្រទេស កម្ពុជាទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងសដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។

ក្នុងករណីមិនផ្ដល់ព័ត៌មាន ក្រសួងមហាផ្ទៃ មានសិទ្ធិក្នុងការជូនដំណឹងឱ្យអង្គការ ឬសមាគមនោះ ត្រូវផ្ដល់ព័ត៌មានមកកាន់ក្រសួង ក្នុងអំឡុងពេល៣០ថ្ងៃ​។ លោក ទូច សុខៈ ថា ដូច្នេះការទាមទារឱ្យអង្គការសង់ត្រាល់ ផ្ដល់ព័ត៌មានមកក្រសួងមហាផ្ទៃ អនុវត្តតាមនីតិវិធីច្បាប់សុទ្ធសាធ មិនមានការគំរាមកំហែងណាមួយឡើយ ខណៈអង្គការសង់ត្រាល់ ក៏ទទួលស្គាល់ និងឆ្លើយតបថា ខ្លួននឹងផ្ដល់ព័ត៌មានទាក់ទិននឹងគណនីធនាគាររបស់អង្គការឱ្យបានមុន ៣០ថ្ងៃផងដែរ។

គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតម្រូវឱ្យលោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) ឱ្យផ្ដល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ។ ការតម្រូវឱ្យអង្គការសង់ត្រាល់ផ្ដល់ព័ត៌មានគណនីធនាគារនេះ គឺក្រោយមានបណ្តឹងពីកម្មកររាប់ម៉ឺននាក់។ លិខិតរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា៖ «អង្គការលោកត្រូវផ្ដល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះជាកំណត់»។

ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងករណីដែលអង្គការសង់ត្រាល់មិនបានបំពេញកាតព្វកិច្ចតាមសេចក្តីជូនដំណឹងនេះ។

ការចេញលិខិតរបស់ក្រសួងមហាផ្ទៃនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ​​​ បានទទួលនូវពាក្យបណ្ដឹង និងសេចក្តីថ្លែងការណ៍របស់បណ្ដាសហជីព សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងសមាគមជាច្រើនពាក់ព័ន្ធនឹងការធ្វើសកម្មភាព និងការចេញរបាយការណ៍របស់អង្គការសង់ត្រាល់​ ដែលមានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាព សហជីពនៅកម្ពុជា» ដែលត្រូវបានរិះគន់ថា មានលក្ខណៈលម្អៀង ពុំយុត្តិធម៌ យកមតិភាគតិចមកវាយតម្លៃស្ថានភាពទាំងមូល ដោយពុំបានឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពសេរីភាពសហជីពនៅកម្ពុជាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅប្រទេសកម្ពុជាទាំងមូល។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានរំលឹកអង្គការសង់ត្រាល់ ថា “អនុវត្តតាមស្មារតីនៃមាត្រា៣០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយក្រសួងមហាផ្ទៃ ក្រើនរំលឹកចំពោះអង្គការសង់ត្រាល់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់អង្គការ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

សន្តិសុខសង្គម២០ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព២១ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

Sokha Hotels

ព័ត៌មានពេញនិយម