ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត បន្តដាំដើមត្នោត ៤,៥ ពាន់ដើម លើផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម
នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ នេះ អាជ្ញាធរខេត្តកំពតបានបន្តដាំដើមត្នោតប្រមាណ ៤ ៥០០ ពាន់ដើមបន្ថែមទៀតនៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកកំពង់ត្រាច ក្នុងន័យដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើ និងដើមត្នោត។

នេះជាលើកទី៣ ហើយដែលអាជ្ញាធរខេត្តកំពតបានដាំដើមត្នោតនៅតាមខ្សែក្រវ៉ាត់ព្រំដែន ក្នុងស្រុកកំពង់ត្រាច ក្នុងពិធី រុក្ខទិវា ដែលលើកទី១ បានដាំដើមត្នោតចំនួន ៥ ០០០ ដើម លើកទី២ ដាំចំនួន ៧ ៥០០ ដើម និងលើកទី៣នេះ ដាំចំនួន ៤ ៥០០ ដើម។

អាជ្ញាធរខេត្តកំពតបានប្រារព្ធពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដោយដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម មានប្រវែង ៣គីឡូម៉ែត្រ នៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ក្រោមធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង ៦០០ នាក់។

មានមតិសំណេះសំណាលនាឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ក្រោមការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា គោលនយោបាយដាំព្រៃឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេសត្រូវបានអនុវត្ដយ៉ាងសកម្ម ដោយផ្សារភ្ជាប់ការងារដាំឈើនេះ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិដែលជាទ្រព្យសម្បត្ដិព្រៃឈើរបស់ជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវតាមវិចារណញ្ញាណ។

លោក ម៉ៅ ធនិន បានបន្តថា ការដាំកូនឈើ និងដាំកូនត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣ គីឡូម៉ែត្រ នៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច នៅពេលនេះ គឺដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើ និងដើមត្នោត ហើយអ្វីកាន់តែពិសេសសម្រាប់ជាតិខ្មែរ ការដាំដើមត្នោតពិតជាមានតម្លៃឥតគណនា ដោយសារត្នោតផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ហើយដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។

ជាមួយគ្នានេះដែរ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តដាំកូនត្នោត និងកូនឈើនៅឆ្នាំបន្តបន្ទាប់នៅគ្រប់ផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែន ដើម្បីសម្រាប់លំអសោភ័ណ្ឌភាពនៅតាមផ្លូវទាំងនេះ និងទុកជាប្រវត្តិសាស្រ្ត។

អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារព្រៃភ្នំធម្មជាតិ ដោយបន្តការរៀបចំ និងពង្រឹងសហគមន៍ព្រៃឈើ បន្តយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់សកម្មភាពបំផ្លាញព្រៃឈើដូចជា ការកាប់ឈើ និងការកាប់រាន ដុត ឈូសឆាយហ៊ុំព័ទ្ធយកដីព្រៃឈើ ព្រៃភ្នំដែលជាដីសាធារណៈរបស់រដ្ឋឱ្យដូចជាភ្លៀងរលឹម។

លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានឱ្យដឹងថា យោងតាមអនុសាសន៍ណែនាំរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានធ្វើការបណ្តុះគ្រាប់ត្នោតទុកចែកជូនប្រជាកសិករដែលរស់នៅតាមព្រំដែន កម្ពុជា-វៀតណាម ពី៤ ទៅ ៥កូនត្នោតក្នុង ១គ្រួសារ ក្នុងគោលបំណងដើម្បីដាំរក្សាទុកជាប្រវតិ្តសាស្រ្ត និងដើម្បីឱ្យកូនចៅជំនាន់ក្រោយឱ្យបានស្គាល់ និងទុកជាប្រយោជន៍៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


