Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត ជំរុញលើកទឹកចិត្តសមាជិក​“ភូមិ១ផលិតផល១” ពង្រឹងគុណភាព និងបង្កើនការផលិត

បានផុស

នៅ

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក មឿង គង្គា អភិបាលរងខេត្តកំពត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជំរុញចលនា «ភូមិ១ ផលិតផល១» បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករ ផលិតករ និងសមាជិក «ភូមិ១ ផលិតផល១» ឲ្យបន្តពង្រឹងគុណភាពផលិតផល បង្កើនការផលិត និងអភិវឌ្ឍការវេចខ្ចប់ឱ្យកាន់តែមានស្តង់ដារ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ លើកកម្ពស់សុខភាពអ្នកប្រើប្រាស់ និងរួមចំណែកជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកទឹកចិត្តនេះ ធ្វើឡើងនៅពេលលោកចុះធ្វើបច្ចុប្បន្នភាពសកម្មភាពផលិតកម្មនៅទីតាំងចិញ្ចឹមសត្វក្រួចយកសាច់ និងស៊ុត ទីតាំងផ្សារធន់ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល និងទីតាំងផលិតនំស្លឹកចាក ស្ថិតនៅសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត នាពេលថ្មីៗនេះ។

លោក មឿង គង្គា បានមានប្រសាសន៍ថា ចលនា «ភូមិ១ ផលិតផល១» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍផលិតផលក្នុងសហគមន៍ បង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ផលិតករត្រូវបន្តអភិវឌ្ឍសមត្ថភាពផលិតកម្ម ពង្រឹងគុណភាព អនាម័យ និងសុវត្ថិភាពម្ហូបអាហារ ព្រមទាំងរៀបចំការវេចខ្ចប់ និងការដាក់ស្លាកសញ្ញាឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់។

លោកអភិបាលរងខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលខ្ពស់ទាំងវិស័យកសិកម្ម និងទេសចរណ៍ ហើយផលិតផលក្នុងស្រុកជាច្រើនបានក្លាយជាអត្តសញ្ញាណរបស់ខេត្ត។ ការផលិតផលិតផលដែលមានគុណភាព និងមានភាពច្នៃប្រឌិត នឹងមិនត្រឹមតែឆ្លើយតបតម្រូវការទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនផងដែរ។

ផលិតករ និងសមាជិក “ភូមិ១ផលិតផល១” បានបង្ហាញសេចក្តីសប្បាយរីករាយ ដោយសារផលិតផលរបស់ពួកគេលក់កាន់តែដាច់ និងមានការគាំទ្រកាន់តែច្រើនពីសំណាក់អ្នកទទួលទាន អ្នកប្រើប្រាស់ ពិសេសភ្ញៀវទេសចរ។

បើយោងតាមការបញ្ជាក់របស់លោក មឿង គង្គា រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនា «ភូមិ១ ផលិតផល១» នឹងបន្តគាំទ្រ និងសហការជាមួយមន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពផលិតករ លើកកម្ពស់គុណភាពផលិតផល និងជំរុញការប្រកួតប្រជែងរបស់ផលិតផលខេត្តកំពត ទាំងនៅលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម