Connect with us

ព័ត៌មានជាតិ

ចំណូលវិស័យទេសចរណ៍ខេត្តកំពត កើនដល់ជិត ១៣៥​លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២៦

បានផុស

នៅ

វិស័យទេសចរណ៍ខេត្តកំពត បន្តបង្ហាញសញ្ញារីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងឆមាសទី១ ឆ្នាំ២០២៦ រកចំណូលបានសរុប ១៣៤ ៨៨៩ ៨៣៩ដុល្លារអាមេរិក កើនឡើងប្រមាណ ៨,៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលរកចំណូលបាន ១២៥ ៩៩១ ៩១៣ដុល្លារ។ កំណើននេះស្របពេលចំនួនភ្ញៀវទេសចរសរុបបានកើនឡើងជាង ១០ភាគរយ និងការកក់បន្ទប់ស្នាក់នៅចុងសប្តាហ៍ស្ទើរពេញ១០០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍លទ្ធផលការងាររបស់លោក សុ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ខេត្តទទួលភ្ញៀវទេសចរសរុបចំនួន ១ ៥៣១ ៨០៥នាក់ កើនឡើង ១០,០៩% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ដែលមានចំនួន ១ ៣៩១ ៤៣៦នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ១ ៤៦៧ ៨១៩នាក់ កើនឡើង ១១,៨១% ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៦៣ ៩៨៦នាក់ ថយចុះ ១៨,៦១% ដោយសារបញ្ហាប្រឈមសេដ្ឋកិច្ច និងស្ថានការណ៍អន្តរជាតិមួយចំនួន។

របាយការណ៍ដដែលនោះបានបង្ហាញថា បច្ចុប្បន្នខេត្តកំពតទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៣៥ ០០០ ដល់ ៤០ ០០០នាក់ក្នុងមួយសប្តាហ៍ ហើយនៅរៀងរាល់ចុងសប្តាហ៍ មូលដ្ឋានស្នាក់នៅភាគច្រើនមានការកក់បន្ទប់ស្ទើរតែពេញទាំងស្រុង។

ចំពោះទីផ្សារទេសចរបរទេសសំខាន់ៗ ដែលអញ្ជើញមកទស្សនាខេត្តកំពត មានចំនួន ១០ប្រទេស រួមមាន វៀតណាម អាល្លឺម៉ង់ បារាំង កាណាដា នូវែលសេឡង់ អង់គ្លេស អូស្ត្រាលី ជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិក ដែលបន្តជាទីផ្សារសក្តានុពលសម្រាប់វិស័យទេសចរណ៍ខេត្ត។ ហើយតាមរយៈកំណើនភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខេត្តអាចរកចំណូលបានសរុប ១៣៤ ៨៨៩ ៨៣៩ដុល្លារអាមេរិក កើនឡើងប្រមាណ ៨,៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលរកចំណូលបាន ១២៥ ៩៩១ ៩១៣ដុល្លារ។

របាយការណ៍ដដែលនោះក៏បានបង្ហាញឲ្យដឹងដែរថា ខេត្តកំពតបច្ចុប្បន្នមានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុប ៤២កន្លែង ដោយបែងចែកជាប៉ូលសំខាន់ៗ ដូចជា តំបន់បូកគោ តំបន់ទឹកឈូ និងដងព្រែកកំពង់បាយ តំបន់កសិទេសចរណ៍ តំបន់ភ្នំកំពង់ត្រាច និងបេតិកភណ្ឌក្រុងកំពត។ ផលិតផលទេសចរណ៍ថ្មីៗ រួមមាន រូបសំណាកសេះសមុទ្រ នាឡិកាធំ សួនទឹករាត្រី ឆ្នេរខ្សាច់ព្រែកកំពង់បាយ និងវិថីអាហារ កំពុងរួមចំណែកបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ។ ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍សរុបទូទាំងខេត្តមាន ៦០៨កន្លែង ក្នុងនោះ សេវាស្នាក់នៅចំនួន ៣៧១កន្លែង ស្មើនឹង ៥ ៤៦៤បន្ទប់ និងភោជនីយដ្ឋាន អាហារដ្ឋានចំនួន ១៦៣កន្លែង។

លោក សយ សុីណុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតក៏បានជំរុញការអនុវត្តស្តង់ដារសេវាកម្ម ការបណ្តុះបណ្តាលបុគ្គលិក និងសហគមន៍លើផ្នែកអនាម័យ ចំណីអាហារ បដិសណ្ឋារកិច្ច ការកំណត់តម្លៃសមរម្យ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពង្រឹងគុណភាពសេវាកម្ម និងបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម