Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំវិធានការមួយចំនួនដើម្បីជៀសវាងការពុលផ្សិត ដែលអាចគ្រោះថ្នាក់ដល់ជីវិត

បានផុស

នៅ

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងសុខាភិបាល បានណែនាំនូវវិធានការមួយចំនួន ដើម្បីជៀសវាងពីការផ្សិតពុល ដែលអាចគ្រោះថ្នាក់ដល់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ គឺបន្ទាប់ពីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ មានករណីពុលផ្សិតចំនួន ១៧នាក់ (ស្រី៤នាក់) ដោយមានរោគសញ្ញា ចុកពោះ រាក ក្អួត នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីបរិភោគផ្សិត ដោយត្រូវបាននឹងកំពុងទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។

ករណីនេះដែរ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននឹងកំពុងសហការជាមួយក្រុម ការងារនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធដោយទទួលការផ្តល់យោបល់បច្ចេកទេសពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើង នូវករណីពុលនេះ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុល នៅពេលបរិភោគ។ ហេតុនេះ ក្រសួងសុខាភិបាល អំពាវនាវ ដល់ប្រជាពលរដ្ឋ អនុវត្តនូវវិធានការ ខាងក្រោម ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចៀសវាងបាននូវការពុលផ្សិត ដែលអាចធ្វើឱ្យគ្រោះ ថ្នាក់រហូតបាត់បង់ជីវិត។ ក្រសួងបានណែនាំថា មុននឹងយកផ្សិតមកចម្អិនជាម្ហូបអាហារបរិភោគ ត្រូវស្គាល់ប្រាកដថា ផ្សិតនោះមិនពុល ឬត្រូវស្វែងរក សាកសួរចាស់ទុំ ដែលស្គាល់ច្បាស់ថា ផ្សិតនោះធ្លាប់បរិភោគដោយសុវត្ថិភាព។ ត្រូវចម្អិនផ្សិតដែលមិនពុលឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ មុនបរិភោគ។ ប្រកាន់ខ្ចប់អនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត មុនចាប់កាន់អាហារ និងទទួលទានចំណីអាហារដែលមានអនាម័យ និងសុវត្ថិភាពល្អ។

ក្រសួងបានបញ្ជាក់ថា ចំពោះរោគសញ្ញានៃការពុលផ្សិត អាចកើតក្រោយពីបរិភោគរយៈពេល ២ម៉ោង ទៅ ៦ម៉ោង ឬ ច្រើនថ្ងៃ ដែលមាន ដូចជា ចុកពោះ រាគ ក្អួត បែកញើស រីកប្រស្រីភ្នែក ដង្ហើមញាប់ ឬពិបាកដកដង្ហើមឡោះឡះ រហូតដល់ អាចស្លាប់ក្នុងរយៈពេលណាមួយ ទៅតាមប្រភេទផ្សិតពុលដែលមានកម្រិតជាតិពុលខុសៗគ្នា។ ជាតិពុលខ្លះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ តម្រងនោម ឬថ្លើម ជួនកាលច្រើនថ្ងៃ ឬច្រើនសប្តាហ៍បន្ទាប់ពីបរិភោគ។ អ្នកពុលត្រូវប្រញាប់ស្វែងរកការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់។

ទន្ទឹមនោះ ក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូបអនុវត្តតាមការណែនាំខាងលើ និងបន្តផ្សព្វផ្សាយសារអប់រំនេះ ដល់ក្រុមគ្រួសារ ញាតិមិត្ត ដើម្បីចៀសផុតពីការឈឺ គ្រោះថ្នាក់ដល់ជីវិត ដោយសារការបរិភោគផ្សិតពុល និងសូមឱ្យមន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋានចូលរួមផ្សព្វផ្សាយ និងធ្វើការណែនាំ អប់រំ ការអនុវត្តវិធានការខាងលើ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម