ព័ត៌មានជាតិ
អង្គការ AHF ប្រារព្ធពិធីអបអរសាទរផ្ដល់ការថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍ ២ លាននាក់
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា(AHF) នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ បានរៀបចំប្រារព្ធពិធីអបអរសាទរផ្តល់ការថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍ ២ លាននាក់ នៅទូទាំងពិភពលោក ដោយមានជូនជាអំណោយជាផលិតផលអាហារសុខភាព របស់គម្រោងអាហារសុខភាព ដល់ប្រជាពលរដ្ឋជាង ១៥០ នាក់ មកពីមណ្ឌលកុមារកំព្រា អ្នករងផលប៉ះពាល់ និង រស់នៅជាមួយមេរោគអេដស៍ និងក្រុមបុរសស្រឡាញ់បុរស។

ពិធីនេះបានប្រព្រឹត្តិទៅនៅកសិដ្ឋានអាហារសុខភាពគម្រោងអាហារសុខភាព នៅភូមិព្រែកត្រែង ឃុំសម្រោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាព លោក ឈឹមឃិនដារ៉េតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
លោក Michael Weinstein ប្រមុខដឹកនាំអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ពិភពលោកមានប្រសាសន៍ថា «យើងមានមោទនភាពយ៉ាងក្រៃលែងដែលបានឈានដល់ដំណាក់កាលជាប្រវត្តិសាស្ត្រនេះ។ នៅពេលដែលយើងចាប់ផ្តើមកម្មវិធីសកលរបស់យើងកាលពីជាង ២០ ឆ្នាំមុន នៅក្នុងប្រទេសអាហ្វ្រិកចំនួនពីរដែលប្រទេសនីមួយៗ មានអ្នកជំងឺ ១០០ នាក់។ ពួកយើងមិននឹកស្មានថា ថ្ងៃណាមួយយើងនឹងផ្តល់សេវាដល់ជីវិតមនុស្ស ២ លាននាក់ ក្រោមការយកចិត្តទុកដាក់របស់យើងនៅជុំវិញពិភពលោក។ ថ្ងៃនេះ ជាកិត្តិយស និងជាសក្ខីភាពមួយចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិក ដៃគូ និងអ្នកស្ម័គ្រចិត្តរបស់យើង ដែលខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ក្នុងការធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងជីវិតរបស់អ្នកដែលរងផលប៉ះពាល់ដោយមេរោគអេដស៍/ជំងឺអេដស៍ជារៀងរាល់ថ្ងៃ»។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំតំបន់អាស៊ីមានប្រសាសន៍ថា នេះជាសេចក្ដីរីករាយដ៏អស្ចារ្យរបស់យើងក្នុងការចែករំលែកថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឈានដល់ដំណាក់កាលដ៏អស្ចារ្យដែលបានជួយដល់មនុស្ស ២ លាននាក់ ក្នុងការថែទាំទូទាំងពិភពលោក ដែលអាចធ្វើទៅបានដោយសារតែការដឹកនាំប្រកបដោយចក្ខុវិស័យដែលបានប្តេជ្ញាចិត្តរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ទាំងមូល រួមទាំង លោក Michael Weinstein ជាប្រមុខដឹកនាំផងដែរ។
លោកវេជ្ជបណ្ឌិត សូមថ្លែងអំណរគុណដល់ដៃគូ អតិថិជន និងបុគ្គលិក អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ទាំងអស់ជុំវិញពិភពលោកសម្រាប់ការលះបង់ខ្ពស់ កិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាដៃគូ។ យើងសូមអបអររួមគ្នា និងត្រួសត្រាយផ្លូវដើម្បីសម្រេចក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០។

ចំណែកលោកស្រីវេជ្ជបណ្ឌិត ហ៊ួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅក្នុងប្រទេស និងទូទាំងពិភពលោក បោះជំហានដល់ការទទួលបានសមិទ្ធផល ២ លាននាក់ រស់នៅក្នុងការថែទាំ គឺជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នាក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០។
លោកស្រី សូមថ្លែងអំណរគុណដល់អតិថិជន និងអង្គការដៃគូទាំងអស់ រួមទាំងរាជរដ្ឋាភិបាល ចំពោះការប្ដេជ្ញាចិត្តរួមគ្នា និងការគាំទ្រដែលមិនផ្លាស់ប្ដូរក្នុងការលើកកម្ពស់ជីវិតអ្នកដែលរងផលប៉ះពាល់ដោយមេរោគអេដស៍/ជំងឺអេដស៍”។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគ្លីនិក និងសម្ភារៈបរិក្ខារដែលមាននៅប្រទេសចំនួន ៤៧ ទូទាំងពិភពលោកក្នុងទ្វីបអាហ្វ្រិក អាស៊ី អាមេរិក និងអឺរ៉ុប អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅតែបន្តប្រើប្រាស់គំរូការផ្តល់សេវាថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រីកលទ្ធភាព និងប្រសិទ្ធភាព និងទៅដល់សហគមន៍ដែលមានតម្រូវការដោយការផ្តល់នូវការថែទាំវេជ្ជសាស្ត្រដ៏គ្រប់ជ្រុងជ្រោយ ការព្យាបាល ការធ្វើតេស្តរកមេរោគអេដស៍ ការបង្ការ និងថែទាំគាំទ្រ។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាព នៃការបង់ប្រាក់ ដល់អតិថិជនជាង ២ លាននាក់ ក្នុង ៤៧ ប្រទេស ជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


