Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យដាក់ពង្រាយរូបមន្តអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំបន្ថែម

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានជំរុញឱ្យគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គវអ) ដែលបានអនុវត្តជាសាលាគំរូ ចែករំលែកបទ​​ពិសោធន៍ការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំ ដល់សាលារដ្ឋផ្សេងៗទៀត ដែលមិននៅក្នុងកម្មវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ សីហា ២០២៤។

សម្ដេច ហ៊ុន ម៉ាណែត បន្តថា៖ «យុទ្ធសាស្ត្រផ្ការីក បានន័យថា យើងមិនរំពឹងថា​ អនុវត្តកម្មវិធីដែលគ្រូបង្គោលទាំង ៧ ពាន់នាក់នោះទេ ព្រោះពេលវេលាយូរ ហើយខ្ញុំសូមអំពាវនាវ គម្រោងយើង ៤២ សាលា ក្រសួងអប់រំក៏មានសាលាជាង ១០០ ទៀត ដែលបានអនុវត្តជាសាលាគំរូ ហើយក៏មានសាលាស្ដង់ដារច្រើនគោលដៅ គឺចង់ឱ្យចែកបទពិសោធន៍គ្នាយកទៅពង្រាយ»។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «បានន័យថា ទោះបីជាសាលានៅខេត្តកំពង់ស្ពឺមានតែ ៥ ក៏ដោយ ដែលចូលនៅក្នុងការសាកល្បងនៅក្នុងវិធីនេះ ប៉ុន្តែសង្ឃឹមថា អភិបាលខេត្ត ប្រធានមន្ទីរអប់រំ ប្រធានការិយាល័យអប់រំ គឺសូមយករូបមន្ត​នេះ ទៅចែករំលែកជាមួយនាយកសាលារដ្ឋផ្សេងៗទៀត ដែលមិននៅក្នុងកម្មវិធីយកទៅអនុវត្ត»។

សម្ដេចបានលើកឧទាហរណ៍ថា ការអនុវត្តនូវកម្មវិធី ការកែសម្រួលឥរិយាបថ មិនត្រូវការចំណាយអ្វីទេ គ្រាន់តែ លោកគ្រូរៀនសំពះគ្នា កុំអោយអៀន ដូច្នេះក៏មិនចាំតែនៅសាលានេះដែលអនុវត្ត ហើយក៏កុំចាំ មួយឆ្នាំ ឬ២ ឆ្នាំ ក្រោយ យើងអនុវត្តទៅ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា៖ «ការចាប់ផ្ដើមដំបូង ៤២ សាលា ប៉ុន្តែការកែសម្រួលការអនុវត្ត មិនមែនតែ ៤២ ទេ ខ្ញុំសូមអំពាវនាវ ហើយលើកទឹកចិត្តឱ្យនាយកសាលាផ្សេងៗទៀត តាមការលើកទឹកចិត្ត និងជំរុញតាមការិយាល័យអប់រំ និងមន្ទីរអប់រំ យករូបមន្តទាំងអស់នេះ ទៅពង្រាយ ព្រោះកាន់តែបានច្រើន អនុវត្ត ទោះតិចច្រើនយ៉ាងណាក៏កូនសិស្សរបស់យើងគាត់បានចំណេះ»។

រាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតកម្មវិធីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ដែលចាប់ផ្ដើមដំបូងដាក់ឱ្យសាលាចំនួន ៤២ អនុវត្ត។

កម្មវិធីនេះមានគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម