Connect with us

ព័ត៌មានជាតិ

ខួប១៨ឆ្នាំប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាយករដ្ឋមន្ត្រីរំលេចពីការខូចខាតរបស់ប្រាសាទដោយសារសង្គ្រាម

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេចឡើងវិញពីវិនាសកម្មរបស់ប្រាសាទព្រះវិហារ​ ដែល​រង​ការ​វាយប្រហារពី​យោធា​ថៃ​ ក្នុង​ជម្លោះ​ព្រំដែន កាលពី​ឆ្នាំ​២០២៥ ខណៈដែលកម្ពុជាកំពុងរំលឹកខួប១៨ឆ្នាំនៃការចុះប្រាសាទព្រះវិហាររបស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខួប១៨ឆ្នាំនេះ សម្ដេចធិបតី បានបង្ហាញការសោកស្ដាយចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ទោះជាកម្ពុជាបានខិតខំជំរុញការដោះស្រាយបញ្ហាដោយសន្តិវិធីក៏ដោយ។ លើកឡើងក្នុងសារ​លិខិត​អបអរ​សាទរ​ខួប១៨ឆ្នាំនៃ​ការ​ចុះ​​ប្រាសាទ​ព្រះវិហារ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០០៨ សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​ថា «ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ក៏ការប្រឈមផ្នែកប្រដាប់អាវុធបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារ»។

«នេះជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល»។ សម្ដេចធិបតី បន្ថែមយ៉ាងដូច្នេះ។ សម្ដេចបន្តថា ចំពោះមុខការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ICC-Preah Vihear និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងមានវិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការអន្តរជាតិចុះពិនិត្យវាយតម្លៃការខូចខាត។

តាមការបញ្ជាក់របស់សម្ដេចធិបតី បច្ចុប្បន្ន មន្ត្រីជំនាញកម្ពុជាបាននិងកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ក៏ដូចជាការទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ហើយប្រមូល និងអភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។

សម្ដេច បន្តថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏មិនភ្លេចនោះដែរនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ងកម្លាំងរបស់កម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ ហើយកោតសរសើរចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែងឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពីកត្តាសុវត្ថិភាពយ៉ាងណាក្តី។

តាមរយៈលិខិតដដែលខាងលើ សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងប្រាសាទព្រះវិហារ និងប្រាសាទផ្សេងទៀតនៅតាមបណ្តោយព្រំដែនឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម