ព័ត៌មានជាតិ
សាលាភូមិន្ទរដ្ឋបាល ចុះ MOU ជាមួយសាកលវិទ្យាល័យការពារជាតិ ដើម្បីពង្រឹងសមត្ថភាពបន្ថែម
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ជាមួយសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីពង្រីកជវភាពនៃប្រព័ន្ធតួអង្គតែមួយ តាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែម។ ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការបង្កើតកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន» បានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និង លោកនាយឧត្តមសេនីយ៍ ចាយ សាំងឃុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ។ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាងពីរ គណៈគ្រប់គ្រងសាលា និងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ពលទាហាន នាយទាហានរង នាយទាហាន និងយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខានាពេលនេះ គោលបំណងសំខាន់ គឺផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

លោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងឱ្យសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ រីឯ សាកលវិទ្យាល័យការពារជាតិនៃក្រសួងការពារជាតិ តំណាងដោយ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ នៅក្នុងពិធីចុះ MOU នេះ។
ភាគីទាំងពីរ បានបង្ហាញពីភាពសំខាន់នៃអនុស្សរណៈនេះថា មិនត្រឹមតែជាការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងស្ថាប័នទាំងពីរតែប៉ុណ្ណោះទេ តែជាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរដ្ឋបាលសាធារណៈ និងវិស័យការពារជាតិ។ ក៏ដូចជាការចូលរួមថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ដែលសាលាភូមិន្ទរដ្ឋបាល បាននឹងកំពុងបំពេញបេសកម្ម ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធិភាព នៃការបណ្តុះបណ្តាល ដោយបានប្រែក្លាយ ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ និងទទួលបានការយកចិត្តដាក់ ព្រមទាំងមានការគាំទ្រជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំស្ទើរគ្រប់ក្រសួង-ស្ថាប័ន។

ថ្លែងនាឱកាសនោះដែរ លោក យក់ ប៊ុនណា បានលើកឡើងថា ពិធីចុះអនុស្សរណៈយោគយល់គ្នា នាពេលនេះ គឺជាផ្នែកមួយនៃការពង្រឹង និងពង្រីកជវភាពនៃប្រព័ន្ធតួអង្គតែមួយ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័នសាធារណៈ ឱ្យកាន់តែប្រសើរ គឺគ្រប់ក្រសួង-ស្ថាប័ន ធ្វើការជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមក ប្រកបដោយសុខដុមនីយកម្ម។ ធ្វើដំណើរព្រមគ្នា នៅក្នុងការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលជាបំណងប្រាថ្នារួមគ្នារបស់ប្រជាជាតិកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០។
លោកបានសង្កត់ធ្ងន់ថា «ក្តីប្រាថ្នារួមគ្នារបស់យើងទាំងអស់គ្នា គឺចង់ឃើញប្រទេសកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍយូរអង្វែងរាប់ពាន់ឆ្នាំទៅមុខទៀត»៕



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


