ព័ត៌មានជាតិ
ក្រសួងការងារ អំពាវនាវពលរដ្ឋខ្មែរ ទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនចុះបញ្ជិកាជាមួយក្រសួង
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរមានបំណងទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ សូមទៅធ្វើការងារដោយស្របច្បាប់តាមរយៈភ្នាក់ងារជ្រើសរើសពលករឯកជនដែលបានចុះបញ្ជិកានៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយស្របច្បាប់។

លោករដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់តាមរយៈមេខ្យល់ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។
ទន្ទឹមនេះ លោករដ្ឋលេខាធិការ ស្នើឲ្យពលរដ្ឋឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។ ទន្ទឹមនេះ អាជ្ញាធរក៏ព្រមានពីវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងប្រសិនបើរកឃើញថា មានបុគ្គល ឬទីភ្នាក់ងារណាមួយដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។
លោករដ្ឋលេខាធិការ បន្ថែមថា ជុំវិញព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងការទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ ពលរដ្ឋអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្ត ឬ ទូរសព្ទមកលេខ ១២៩៧ ឬ ១២៨៦។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគាំទ្រទៅដល់ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ក្នុងនោះ លោកបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ត្រូវមានការស្វែងយល់ឲ្យបានត្រឹមត្រូវពីក្រុមហ៊ុនដែលបញ្ជូននោះ ជៀសវាងទៅធ្វើការដោយខុសច្បាប់។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា «បងប្អូនប្រជាពលរដ្ឋរបស់យើង ត្រូវជៀសវាងឲ្យផុតពីការទៅធ្វើការនៅក្រៅប្រទេសតាមរយៈមេខ្យល់ ព្រោះវាជាការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ កាលណាយើងទៅតាមរយៈមេខ្យល់នោះ យើងនឹងមានបញ្ហាហើយ ដូចជា ការរំលោភបំពានកម្លាំងពលកម្ម ការរំលោភសិទ្ធិ និងអំពើខុសច្បាប់ផ្សេងៗ ទៀត»។

បណ្ឌិតរូបនេះ បន្ថែមថា ការទៅធ្វើការនៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជិកាជាមួយរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពលករនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់បៀវត្សរ៍ល្អ ទទួលបានអត្ថប្រយោជន៍ពេញលេញពីនិយោជកបរទេស និងទទួលបានចំណេះជំនាញត្រឹមត្រូវនៅពេលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីអស់អាណត្តិ។
លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជានិច្ចកាលតែងតែបានអំពាវនាវ និងដាក់ចេញនូវវិធានការថ្មីៗ ដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ តែងតែស្វែងរកដៃគូជាក្រុមហ៊ុនជ្រើសរើសឯកជនដោយស្របច្បាប់ ដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ទទួលបានអត្ថប្រយោជន៍ពេញលេញ។

ទន្ទឹមនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់នេះផងដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏តែងរៀបចំឱកាសការងារក្នុងស្រុកជាច្រើនម៉ឺនកន្លែងរៀងរាល់សប្ដាហ៍ សម្រាប់ប្រជាពលរដ្ឋមានបំណងធ្វើការងារក្នុងវិស័យសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងសេវាកសិកម្ម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


