ព័ត៌មានជាតិ
អតីតពលករ និងពលករខ្មែរកំពុងធ្វើការនៅកូរ៉េ បានលើកឡើងពីការគាំពារ និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីក្រសួងការងារ
អតីតពលករ និងពលករខ្មែរកំពុងធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង បានលើកឡើងពីការគាំពារ និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឱ្យពួកគាត់មានភាពកក់ក្ដៅ។

បន្ទាប់ពីបញ្ចប់ការចូលរួមក្នុងទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែធ្នូនេះ លោក ភាព ផា ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ បានប្រាប់ថា លោកបានចេញទៅធ្វើជាពលករនៅប្រទេសកូរ៉េខាងត្បូង រយៈពេលជិត៤ឆ្នាំកន្លះ ខាងផ្នែកសំណង់ ដោយសល់ថវិកាគួរសម ពេលត្រឡប់មកដល់ប្រទេសកម្ពុជា លោកក៏បានបើកអាជីវកម្មដំឡើងស៊ីទែនប្រេងផ្គត់ផ្គង់នៅតាមការដ្ឋានសំណង់ និងការដ្ឋានរណ្ដៅដី។

លោកបានរំលឹកថា អំឡុងពេលធ្វើការនៅកូរ៉េខាងត្បូងនោះ គឺមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគិតគូរអំពីសុវត្ថិភាព និងយកចិត្តទុកដាក់ជាខ្លាំងអំពីសុខទុក្ខរបស់លោក ក៏ដូចជាពលករផ្សេងទៀត។
លោក ភាព ផា ប្រាប់បែបនេះថា «ខ្ញុំមានអារម្មណ៍ថា កក់ក្ដៅ ដោយសារតែដំបូងឡើយ ពេលដែលចេញទៅកូរ៉េ មិនថាខ្ញុំ ឬក៏ពលករផ្សេងៗទេ តែងមានអារម្មណ៍ថា ឃ្លានឆ្ងាយពីផ្ទះ ពិបាកក្នុងការរស់នៅ ដល់តែពេលមានខាងក្រសួង គាត់យកចិត្ដទុកដាក់ហ្នឹង មានអារម្មណ៍ថា កក់ក្ដៅ លែងភ័យ លែងខ្លាច មួយថ្ងៃៗ គិតតែពីខំធ្វើការ»។

អតីតពលករនៅកូរ៉េមួយរូបទៀត គឺអ្នកស្រី អ៊ូ សុខលាង មានស្រុកកំណើតនៅខេត្តកំពង់ចាម ដោយធ្លាប់ធ្វើការនៅប្រទេសកូរ៉េរយៈពេល ៩ឆ្នាំ ខាងផ្នែកកសិកម្ម។ បច្ចុប្បន្ន អ្នកស្រី បើកមុខរបរលក់សម្ភារសំណង់ បន្ទាប់ពីបានសន្សំថវិកាមួយចំនួន អំឡុងពេលធ្វើការងារនៅប្រទេសកូរ៉េ។ អ្នកស្រី រំលឹកថា អំឡុងពេលធ្វើការងារនៅប្រទេសកូរ៉េ អ្នកស្រី ទទួលបានការគាំពារ និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជានិយោជក នៅទីនោះ។ អ្នកស្រី បានលើកឡើងថា «កុំតែបានក្រសួងបញ្ជូនទៅ កុំអីជីវិតអត់ដូចឥឡូវទេ…ជីវភាពគ្រាន់បើជាងពីមុនឆ្ងាយណាស់»។

ចំណែកឯលោក គឹម ទឹង មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នលោកជាពលករកំពុងធ្វើការងារនៅប្រទេសកូរ៉េក្នុងអាណត្តិទី២។ លោកប្រាប់ថា មន្ត្រីក្រសួងការងារ បានយកចិត្តទុកដាក់ចំពោះរូបលោក ក៏ដូចជាបងប្អូនពលករផ្សេងទៀត ទាក់ទងការចែករំលែកនូវព័ត៌មានពាក់ព័ន្ធ ក៏ដូចជាជួយសម្របសម្រួល និងដោះស្រាយបញ្ហានានា ជាដើម។ ពលកររូបនេះ បានបន្ថែមថា «ខ្ញុំបាទ សូមថ្លែងអំណរគុណដល់ក្រសួងការងារ ដែលពួកគាត់តែងតែជួយសម្របសម្រួលគ្រប់ការងារ គ្រប់ស្ថានភាពទាំងអស់ ជួយជំរុញ ជួយដោះស្រាយបញ្ហា ឱ្យបងប្អូនខ្មែរយើងជាច្រើន»។
អតីតពលករ និងពលករខ្មែរកំពុងធ្វើការងារនៅប្រទេសកូរ៉េទាំង ៣រូបនេះ សុទ្ធតែបានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួល ជាមួយបណ្ដាប្រទេសដៃគូ ដើម្បីអាចឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត បានធ្វើការងារនៅក្រៅប្រទេស ដែលជាប្រភពចំណូលមួយសម្រាប់ផ្គត់ផ្គង់គ្រួសារ និងសន្សំទុកសម្រាប់បើកអាជីវកម្មណាមួយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


