ព័ត៌មានជាតិ
របាំងបេតុងការពារគ្រោះថ្នាក់ចរាចរណ៍ ចុះពីច្រកទ្វារព្រំដែនអន្តរជាតិជាំ សាងសង់សម្រេចស្ទើរ ១០០%
លោក ហោ ជិនវីរៈយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់ និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបានប្រាប់ «កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះថា គិតមកដល់ពេលបច្ចុប្បន្ននេះ របាំងបេតុងការពារគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវចុះពីច្រកទ្វារព្រំដែនអន្តរជាតិជាំ សម្រេចបានស្ទើរ ១០០% ដែលគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដំណាច់ខែតុលានេះ។

លោក ហោ ជិនវីរៈយុទ្ធ បានលើកឡើងថា ការសម្រេចសាងសង់របាំងបេតុងការពារគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវចុះពីច្រកទ្វារព្រំដែនអន្តរជាតិជាំនេះ បន្ទាប់ពីកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំពោះប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីកំឡុងឆ្នាំ២០១៦-២០១៧ ទីតាំងនេះក៏ធ្លាប់កើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំពោះពលរដ្ឋជាច្រើន និងគ្រោះថ្នាក់ដល់ឧត្ដមសេនីយ៍ម្នាក់ផងដែរ។
ហេតុដូចនេះ តបតាមការចង្អុលបង្ហាញពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងដឹកនាំផ្ទាល់ពីលោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងជាក់ស្ដែង ដើម្បីធ្វើរបាំងការពារបន្ថែមពីខាងឆ្វេងផ្លូវឡើង ក្នុងគោលបំណងបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

«យ៉ាងណាមិញ កន្លងមករដ្ឋបាលខេត្តបានធ្វើរបាំងបេតុងការពារនេះម្តងរួចមកហើយ ប៉ុន្តែធ្វើពីខាងស្តាំផ្លូវ ដែលនៅខាងឆ្វេងផ្លូវ ក៏ជាបញ្ហាប្រឈមមួយ ទើបរដ្ឋបាលខេត្តសម្រេចធ្វើនាពេលនេះតែម្តង»។ លោកបន្ថែមបែបនេះ។
ជាមួយគ្នានេះ លោក ហោ ជិនវីរៈយុទ្ធ ក៏បានបញ្ជាក់ដែរថា របាំងបេតុងនេះ ក្រុមការងារបច្ចេកទេសបានចាប់់ផ្តើមសាងសង់កាលពីខែមីនាកន្លងទៅ មានប្រវែងប្រមាណជាង ១០០ ម៉ែត្រ និងមានកម្ពស់ជាង ១.៦០ម៉ែត្រ ដោយក្នុងមួយម៉ែត្រ មានតម្លៃ ៣០០ ដុល្លារ (លេខមូល)។ គម្រោងនេះ ជាស្តង់ដាររបស់ក្រសួងសាធារណការ និងត្រូវបានសាងសង់ឡើងដោយកងវិស្វកម្មរបស់កងពលលេខ ៨ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ចាន់ សុខុន (២២២២) មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។

លោក អភិបាលរងខេត្តរូបនេះ បានអះអាងថា «ប្រហែលជាមិនយូរទេ អាចត្រឹមបំណាច់ខែតុលានេះ ក្រុមការងារសាងសង់នឹងសម្រេចរួចរាល់ជាស្ថាពរ ដោយបច្ចុប្បន្នក្រុមការងារកំពុងសំអាត លាបថ្នាំ និងដាក់ស្លាកសញ្ញាតាមផ្លូវ ហើយយើងក៏នឹងបន្តអំពាវនាវដល់សប្បុរសជនបន្ថែម ដើម្បីដំឡើងសូឡាបំភ្លឺតាមផ្លូវឡើងទៅលើភ្នំផងដែរ»។
ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងតំបន់នេះ លោក ហោ ជិនវីរៈយុទ្ធ បានបន្ថែមថា អភិបាលខេត្តឧត្តរមានជ័យបាននឹងសិក្សាបន្តទៀត ទៅលើការពង្រីកតំបន់ដែលរួមតូច និងពង្រីកផ្លូវឡើងបន្ថែមទៀត។ ដោយឡែកសម្រាប់ផ្លូវអន្លង់វែង ទៅសៀមរាប អាចនៅឆ្នាំក្រោយនេះ រដ្ឋបាលខេត្តនឹងសិក្សាបន្ត ហើយធ្វើការស្តារនិងជួសជុលផ្លូវនេះឡើងវិញផងដែរដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងការធ្វើដំណើរ។

ជាចុងក្រោម លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកបើកបរនានាត្រូវមានការប្រុងប្រយ័ត្ននៅតំបន់ដែលមានគ្រោះថ្នាក់ និងមានភាពម្ចាស់ការទៅលើការបើកបរ ត្រូវបង្ការទៅលើលក្ខណៈបច្ចេកទេសយានយន្ត ព្រោះបន្ទាប់ពីមានផ្លូវល្អ ងាយស្រួលក្នុងការធ្វើដំណើរប្រជាជនមួយចំនួនអាចនឹងមានការធ្វេសប្រហែសក្នុងការបើកបរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


