Connect with us

ព័ត៌មានជាតិ

កសិដ្ឋានដាំបន្លែផ្តួចផ្តើមដោយជំទាវបណ្ឌិត ពេជ ចន្នមុន្នី កំពុងប្រមូលផលបន្តបន្ទាប់ផ្គត់ផ្គង់ស្បៀងជូនកងទ័ព និងពលរដ្ឋភៀសសឹក

បានផុស

នៅ

កសិដ្ឋានដាំដុះបន្លែដែលត្រូវបានផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី បានក្លាយជាទីតាំងដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងសម្រាប់វីរកងទ័ពឈរជើងការពារព្រំដែននិងប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ។ កសិដ្ឋានដាំបន្លែនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់បន្លែស្រស់ ត្រី និងស៊ុតទា ជាប្រចាំ ដល់វីរកងទ័ព និងប្រជាពលរដ្ឋនៅតាមជំរំសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តឧត្តរមានជ័យលោក មាន ចាន់យ៉ាដា បានបង្ហោះនៅលើបណ្តាញសង្គម ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ ឱ្យដឹងថា ក្រុមការងារនៅ​តែបន្តចែករំលែកស្បៀងអាហារជូនដល់បងប្អូនកងទ័ពឈរជើងការពារព្រំដែន និងប្រជាពលរដ្ឋភៀសសឹកតាមរយៈទិន្នផលបានពីកសិដ្ឋានជនភៀសសឹករបស់យើង។ លោកសរសេរថា៖«យើងខ្ញុំទាំងអស់គ្នាពិតជាដឹងគុណចំពោះគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត ក្នុងការកសាងនូវកសិដ្ឋានផលិតកសិផលផ្គត់ផ្គង់ជាប្រចាំជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹករបស់យើង»។

លោកគូសបញ្ជាក់ថា បើទោះមិនមានសង្គ្រាមក៏ពិតមែន ប៉ុន្តែកងកម្លាំងរបស់យើងនៅតែឈរជើងប្រចាំការគ្រប់គ្រងសភាពការណ៍ពេញ ១០០%ដូចដើម ដូច្នេះតម្រូវការហូបចុករបស់បងប្អូននៅតែជាកត្តាសំខាន់ដែលក្រុមការងារខេត្តត្រូវយកចិត្តទុកដាក់ជួយទំនុកបម្រុងបន្ថែមលើអ្វីដែលមានស្រាប់។

តាមរយៈការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារមន្ទីរកសិកម្ម និងអាជ្ញាធរខេត្ត ដំណាំជាច្រើនប្រភេទ ត្រូវបានប្រមូលផលជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១០ ខែឧសភានេះ ប្រមូលផលបានចំនួន២៦លើក ក្នុងនោះរួមមាន ត្រកួន ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ ស្ពៃតឿ ផ្ទី ឪឡឹកក្រហម ឃ្លោក ល្ពៅ ត្រីអណ្តែង និងស៊ុតទាផងដែរ។

គួរជម្រាបថា ដើម្បីសម្រួលបន្ទុក និងការស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅរស់នៅលំនៅឋានវិញ រាជរដ្ឋាភិបាលបានសាងសង់ផ្ទះបណ្តោះអាសន្នមួយចំនួនជូនពលរដ្ឋភៀសសឹក សម្រាប់ស្នាក់នៅបណ្តោះអាសន្ននៅតាមបណ្តាលខេត្តដែលរងផលប៉ះពាល់ខ្លាំង។

គិតត្រឹមថ្ងៃទី ០៩ ខែឧសភា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកចំនួន១៣នាក់បន្ថែមទៀត បានបន្តចាកចេញពីជំរំសុវត្ថិ ភាពត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ ម៉ឺននាក់ឬប្រមាណ៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣២.៨៩៩នាក់​ទៀត (ស្ត្រី ១៧.០១៩នាក់ និងកុមារ១១.០៧៨នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ នេះបើតាមក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម