ព័ត៌មានជាតិ
ត្រឹមថ្ងៃទី ០១ វិច្ឆិកា មានយុវជនក្រីក្រ និងងាយរងហានិភ័យជិត ៧ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ
គិតត្រឹមថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ មានអ្នកចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយឥតគិតថ្លៃ ប្រមាណជិត ៧ ម៉ឺននាក់ ក្នុងនោះ សិស្សកំពុងសិក្សាជិត ២ ម៉ឺន ៥ ពាន់នាក់ សិស្សបញ្ចប់ការសិក្សាជាង ១ ម៉ឺន ២៤ ពាន់នាក់ ក្នុងនោះសិស្សមានការងារធ្វើជាង ៣ ៥០០ នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៤ វិច្ឆិកា នេះថា កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបើកវគ្គបណ្ដុះបណ្ដាលវគ្គទី ០១ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយគិតត្រឹមថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ មានអ្នកចុះឈ្មោះចូលរៀនសរុបចំនួន ៦៩ ៨៦១ នាក់ (ស្រី ២៦ ៣៦៦ នាក់) ក្នុងនោះ ក្រុមគោលដៅ ចំនួន ២៤ ៩៣៩ នាក់ (ស្រី ១២ ០៨០ នាក់)។ សិស្សកំពុងរៀនចំនួន ២៤ ៩៧៤ នាក់ (ស្រី ១០ ២៧៤ នាក់) ក្នុងនោះក្រុមគោលដៅចំនួន ៩ ០៨៥ នាក់ (ស្រី ៥ ១៧៤ នាក់)។
សិស្សបានបញ្ចប់ការសិក្សាសរុបចំនួន ១២ ៧៥៥ នាក់ (ស្រី ៣ ៩៧៧ នាក់) ក្នុងនោះក្រុមគោលដៅចំនួន ៥ ៦៣៤ នាក់ (ស្រី ២ ៣៧៨ នាក់) និងសិស្សទទួលបានការងារធ្វើសរុបចំនួន ៣ ៥៩៣ នាក់ (ស្រី ៨៥០ នាក់) ក្នុងនោះ ក្រុមគោលដៅចំនួន ១ ៥៥២ នាក់ (ស្រី ៤៧៩ នាក់)។

លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ ចុះឈ្មោះចូលរៀនជំនាញឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ចំពោះយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនត្រឹមតែអត់គិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែ ទៀតផង។ រីឯយុវជនមកពីគ្រួសារធម្មតា ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ។
លោកបានបន្ថែមថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ក្រសួងបានរៀបចំវិស័យចំនួន ១០ និងជំនាញអាទិភាពចំនួន ៤៥ មុខជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអាចប្រកបមុខរបរការងារសម្រាប់ចិញ្ចឹមជីវិត ដែលជំនាញទាំងនោះរួមមាន ការដំឡើងដំបូល ,ការថែទាំ និងជួសជុលទោចក្រយានយន្ត,ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច,ការដំឡើង និងថែទាំបណ្ដាញកុំព្យូទ័រ,ការដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល,ការងារការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ,សំណង់ អគ្គិសនី និងថាមពល ,អេឡិចត្រូនិក , កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត , ធុរកិច្ចនិងព័ត៌មានវិទ្យា, សេវាកម្ម , បរិក្ខារត្រជាក់ និងកម្តៅ ,ទេសចរណ៍ និងកសិកម្មនិង កសិ-ឧស្សាហកម្ម៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


